កម្ពុជា

បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​គោរព​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​

គណបក្ស​​ប្រឆាំង​​​ទាមទារ​​ឲ្យ​​រដ្ឋាភិបាល​​គោរព​​កិច្ច​​ព្រមព្រៀង​​ទីក្រុង​​ប៉ារីស។​​
គណបក្ស​​ប្រឆាំង​​​ទាមទារ​​ឲ្យ​​រដ្ឋាភិបាល​​គោរព​​កិច្ច​​ព្រមព្រៀង​​ទីក្រុង​​ប៉ារីស។​​ RFI/Pen Bona

គណបក្ស​​សម រង្ស៊ី​​បាន​​ប្រារព្ធ​​ពិធី​​ជួបជុំ​​មួយ​​នៅ​​ទីស្នាក់ការ​​កណ្តាល​​គណបក្ស​​ទីក្រុង​ ​ភ្នំពេញ​​នៅ​​ព្រឹក​​ថ្ងៃ​​អាទិត្យ​​នេះ​​ដើម្បី​​រម្លឹក​​ខួប​​២០​​ឆ្នាំ​​នៃ​​កិច្ច​​ ព្រមព្រៀង​​សន្តិភាព​​ក្រុង​​ប៉ារីស​​២៣​​តុលា​​ឆ្នាំ​១៩៩១។​ ​តាម​​រយៈ​ ​Video Conference ​លោក​​សម រង្ស៊ី​ ​បាន​​ថ្លែង​​ពី​​បរទេស​​ដោយ​​រិះគន់​​រដ្ឋាភិបាល​​ថា​​មិន​​បាន​​អនុវត្ត​​តាម​​កិច្ច​​ព្រមព្រៀង​​នេះ​​ទេ។​ ​មេ​ដឹកនាំ​​បក្ស​​ប្រឆាំង​​ក៏​​បាន​​ទាមទារ​​ឲ្យ​​បណ្តា​​ប្រទេស​​ហត្ថលេខី​​ដាក់​ គំនាប​​លើ​​រដ្ឋាភិបាល​​ក្រុង​​ភ្នំពេញ​​ឲ្យ​​គោរព​​កិច្ច​​ព្រមព្រៀង​​សន្តិភាព​​ ទីក្រុង​​ប៉ារីស។​

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ទៅ​កាន់​សមាជិក​អ្នក​ចូល​រួម​ប្រមាណ​ជា​២០០​នាក់​តាម​រយៈ ​Video Conferenceលោក​សម រង្ស៊ី ​មេដឹកនាំ​បក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​មិន​បាន​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ទេ។ ​លោក​សម រង្ស៊ី​បាន​ថ្លែង​ពី​បរទេស​ថា លោក​កំពុង​ធ្វើ​ចលនា​ជា​អន្តរជាតិ​ដើម្បី​ឲ្យ​ប្រទេស​ហត្ថលេខី​ទាំងអស់​យក​ជំរុញ​ការ​អនុវត្តន៍​កិច្ច​ព្រមព្រៀង​នេះ។

មេដឹកនាំ​បក្ស​ប្រឆាំង​បាន​ចោទ​រដ្ឋាភិបាល​ថា​បាន​កាត់​ទឹកដី​ឲ្យ​ទៅ​ប្រទេស​វៀតណាម។ លោក​អះអាង​ថា​នឹង​ថ្លែងការណ៍​អំពី​បញ្ហា​នេះ​ប្រាប់​អង្គការ​សហប្រជាជាតិ។ ​លោក​សម រង្ស៊ី​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រួម​ជាមួយ​គណបក្ស​សម រង្ស៊ី​ដើម្បី​ទាមទារ​យក​ទឹកដី​ដែល​បាត់​បង់​នោះ​មក​វិញ។ ​លោក​សម រង្ស៊ី​ក៏​បាន​រិះគន់​គណបក្ស​កាន់​អំណាច​ដោយ​ឥត​សំចៃ​មាត់​ថា ​កំពុង​ដឹកនាំ​ប្រទេស​ដោយ​អំណាច​ផ្តាច់ការ ​ដោយជាន់​ឈ្លី​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស។ ក៏ប៉ុន្តែ ការ​ចោទ​ប្រកាន់​ដដែលៗ​នេះ​តែង​ត្រូវ​បាន​រដ្ឋាភិបាល​បដិសេធ​មិន​ទទួល​យក។

កាលពី​២០​ឆ្នាំ​មុន​ ភាគី​ជម្លោះ​នានា​នៅកម្ពុជា​ ​បាន​ព្រមព្រៀង​គ្នា​បញ្ចប់​សង្គ្រាម​ស៊ីវិល​ក្នុង​ប្រទេស​ដោយ​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​ចំនួន​១៨​ផ្សេង​ទៀត​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ​នៅថ្ងៃ​ទី​២៣​តុលា​ឆ្នាំ​១៩៩១​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។ ​ពីរ​ឆ្នាំ​ក្រោយ​មក កម្ពុជា​ក៏​បាន​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ១៩៩៣។ ​ប៉ុន្តែ​ ក្រុម​ខ្មែរក្រហម​ដែល​បដិសេធ​មិន​ចូល​រួម​ការ​បោះឆ្នោត​នោះ​ក៏​បាន​សម្រេច​ចិត្ត​ត្រឡប់​ចូល​ព្រៃ​វិញ។

នេះ​ជា​បញ្ហា​ដែល​គណបក្ស​​កាន់​​អំណាច​មិន​ឲ្យ​តម្លៃ​ខ្លាំង​ទៅ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីសប៉ុន្មាន​ទេ​ តែ​គណបក្ស​ប្រជាជន​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​បាន​ផ្តល់​តម្លៃ​ជា​ពិសេស​ទៅ​លើ​ការ​រំដោះ​ប្រទេស​ចេញ​ពី​របប​ខ្មែរក្រហម​គឺ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ​និង​នយោបាយ​ឈ្នះៗ​ដែល​បាន​បញ្ចប់​ចលនា​តស៊ូ​ខ្មែរក្រហម​ទាំង​ស្រុង​កាល​ពី​ឆ្នាំ​១៩៩៨។ ​ក៏ប៉ុន្តែ ​គណបក្ស​ប្រឆាំង​វិញ​ដែល​ហៅ​៧​មករា​ថា​ជា​ថ្ងៃ​ឈ្លានពាន​របស់​វៀតណាម​បាន​ចាត់ទុក​កិច្ច​ព្រមព្រៀង​២៣​តុលា​ថា​ជា​ឧបករណ៍​ដ៏​មាន​តម្លៃ​សម្រាប់​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹក​ដី​ខ្មែរ។

ក៏​ដូច​ជា​រៀង​រាល់​ឆ្នាំ​ដែរ​ ២៣​តុលា​បាន​ក្លាយ​ជា​ថ្ងៃ​ប្រទាំង​ប្រទើស​មួយ​ក្នុង​ឆាក​នយោបាយ​ប្រទេស​កម្ពុជា។​ គណបក្ស​ប្រឆាំង​តែង​រិះគន់​រដ្ឋាភិបាល​ថា​មិន​គោរព​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ​តែ​រដ្ឋាភិបាល​វិញអះអាងថាខ្លួន​បាន​គោរព​កិច្ច​ព្រមព្រៀង​នេះ។​ យ៉ាងណាក៏ដោយ មន្ត្រី​រដ្ឋាភិបាល​ពន្យល់​ថា​ កិច្ច​ព្រម​ព្រៀង​​ក្រុងប៉ារីស​គ្រាន់​តែ​ជាកូន​របស់​ថ្ងៃ​៧​មករា​តែ​ប៉ុណ្ណោះ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI