កម្ពុជា

អ្នក​តវ៉ា​ដីធ្លី​នៅ​ក្រុង​ព្រះសីហនុ​ឈរ​បិទ​ផ្លូវ​ជាតិ​លេខ​៤​ជាង​៣​ម៉ោង​

ប្រជាជន​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​បញ្ហា​ជម្លោះ​ដីធ្លី
ប្រជាជន​ធ្វើ​បាតុកម្ម​ប្រឆាំងនឹង​បញ្ហា​ជម្លោះ​ដីធ្លី © សុវណ្ណារ៉ា

ប្រជាជន​​តវ៉ា​​​រឿង​​ជម្លោះ​​ដីធ្លី​​នៅ​​ក្នុង​​ខេត្ត​​ព្រះសីហនុ​​ប្រមាណ​ជា​​​១០០​​ នាក់​ ​​​​បាន​​ឈរ​​​បិទ​​​ផ្លូវ​​ជាតិ​​​លេខ​​​៤​​​​ត្រង់​​​សាលា​​បឋម​​សិក្សា​​ហ៊ុន សែន​​ ឃ្លាំង​​លើ ​​​ក្នុង​​សង្កាត់​​លេខ​​១ ​​​​​រយៈពេល​ជាង​​​៣​​​ម៉ោង។​ ប៉ុន្តែ​​នៅ​វេលា​​​​ម៉ោង​​ជិត​​​១២​​​ថ្ងៃ​​ត្រង់​ ​ចរាចរណ៍​​​​បាន​​​ដំណើរ​​ការ​​ធម្មតា​​​ឡើង​​វិញ​។​ ការ​​ឈរ​​បិទ​ផ្លូវ​​​នេះ​​គឺ​​​ដោយសារ​​​តុលាការ​​ខេត្ត​​​បាន​​ជូន​​ដំណឹង​​​អោយ​​ ប្រជាពលរដ្ឋ​​រុះរើ​​ផ្ទះ​សម្បែង​​​​ចេញ​​នៅ​​សប្តាហ៍​​ក្រោយ​។​

ផ្សាយពាណិជ្ជកម្ម

 

ចរាចរណ៍​នៅ​ក្នុង​​សង្កាត់​លេខ​១​ខេត្ត​​ព្រះសីហនុ​ត្រូវ​បាន​ផ្អាក​ដំណើរការ​​រយៈពេល​ជាង​​៣​​ម៉ោង​​​នៅ​ព្រឹកថ្ងៃ​អាទិត្យ​នេះ​ដោយសារ​ការ​ឈរ​តំរៀប​គ្នា​​កាត់​ទទឹង​​ផ្លូវ​ជាតិ​​លេខ​៤​របស់​ប្រជាជន​តវ៉ា​រឿង​ដីធ្លី​ប្រមាណ​ជា​​១០០​នាក់​។ ការ​បិទផ្លូវ​បាន​ធ្វើ​ឡើង​​ចាប់​​តាំង​ពី​ម៉ោង​ជាង​៨​ព្រឹក​​រហូត​ដល់​ម៉ោង​ជិត​១២​ថ្ងៃត្រង់​​​​​​ទើប​បើក​អោយ​​ដំណើរការ​ឡើងវិញ​​បន្ទាប់​​ពី​មាន​អន្តរាគមន៍​​ពី​អាជ្ញាធរ​ខេត្ត។

ឡានក្រុង រថយន្ត​កុងតឺន័រ ម៉ូតូ បាន​បន្ត​កន្ទុយ​កក​ស្ទះ​ពេញ​តែ​ផ្លូវ​មិន​អាច​ធ្វើ​ដំណើរ​បាន​។ ការ​បិទផ្លូវ​នេះ​គឺ​ជា​ការ​បង្ហាញ​ជំហរ​ជំទាស់​ទៅ​នឹង​សេចក្តី​ជូន​ដំណឹង​របស់​តុលាការខេត្ត​ព្រះសីហនុ​​បង្ខំ​អោយ​ប្រជាជន​រុះ​រើ​​ផ្ទះសម្បែង​ចេញ​​នៅ​ថ្ងៃ​ទី​៤​ខែ​វិច្ឆិកា​ខាង​មុខនេះ។

ជម្លោះ​ដីធ្លី​រវាង​ប្រជាជន​និង​មន្រ្តី​កំពង់ផែរ​ស្វយ័ត​​ក្រុង​ព្រះសីហនុ​​ម្នាក់​បាន​កើតឡើង​អស់​រយៈ​ពេល​​ជាច្រើន​ឆ្នាំ​មក​ហើយ​។ ហើយ​នៅចុង​ក្រោយ​​នេះ ​តុលាការ​បាន​សម្រេច​អោយ​ភាគី​ខាង​ប្រជាជន​ជាអ្នក​ចាញ់។

លោក ចាន់ ចំរើន មន្រ្តី​អង្គការ​ការពារ​សិទ្ធិមនុស្ស​ អាដហុក​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​បាន​តាមដាន​ការ​ធ្វើ​បាតុកម្ម​កាល​ពី​ព្រឹកមិញ​បាន​និយាយ​ប្រាប់​ថា ​ប្រជាជន​ដែលមាន​ជម្លោះបាន​មក​រស់​​នៅ​លើ​ដី​​នេះ​អស់រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ដី​ដែល​មាន​ជម្លោះ​មាន​​ទំហំ​ក្នុង​ចន្លោះ​ពី​២​ទៅ​៥​ហិកតា​និង​ពាក់ព័ន្ធ​មនុស្ស​ប្រមាណ​ជាង​១០០​គ្រួសារ ស្ថិត​នៅ​ក្នុង​សង្កាត់​១​ក្រុង​ព្រះសីហនុ។

ជម្លោះ​ដីធ្លី​នៅ​ក្នុង​ប្រទេស​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ក្តៅ​គគុក​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ របាយការណ៍​របស់​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ធ្លាប់​បាន​​បង្ហាញ​ថា ផ្ទៃដី​​ប្រមាណ​ជា​៥​ភាគរយ​នៃ​ផ្ទៃដី​សរុប​របស់​កម្ពុជា​ធ្លាប់​ជាប់​ពាក់ព័ន្ធ​ឬ​ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះ​ដីធ្លី។

សូម​បញ្ជាក់​ថា អ្នក​តវ៉ា​រឿង​​ទំនាស់​ដីធ្លី​នៅ​ពេល​​ចុងក្រោយ​នេះ​បាន​បង្ខំ​ចិត្ត​បិទ​ផ្លូវ​ជាតិ​សំខាន់​ៗ​​ដើម្បី​​ជាការ​ដាក់​សម្ពាធ​ទៅ​ដល់​អាជ្ញាធរ​​​ក្នុង​​ការ​រក​ដំណោះស្រាយ។ ជាក់ស្តែង កាល​ពីពេល​កន្លង​មក ​ប្រជាជន​មាន​ជម្លោះ​ដីធ្លី​បាន​បិទផ្លូវ​ជាតិ​ទៅ​កាន់​ខេត្ត​ក្រចេះ ទៅ​កាន់​ខេត្ត​សៀមរាប ទៅ​កាន់​ខេត្ត​តាកែវ​ ទៅ​កាន់​ខេត្ត​​កណ្តាល​និង​​ទៅ​កាន់​ខេត្ត​ព្រះសីហនុ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI