កម្ពុជាជាប់លេខ ១៦៤ ផ្នែកអំពើពុករលួយ
ប្រទេសកម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ ១៦៤ ក្នុងចំណោម ១៨៣ ប្រទេសផ្នែកខាងអំពើពុករលួយ។ អំពើពុករលួយ ដែលកើតឡើងខ្លាំងជាងគេ នៅស្ថាប័នតុលាការ បន្ទាប់មកពីជួរប៉ូលិស និងនៅក្នុងរដ្ឋបាលសាធារណៈតាមស្ថាប័នរដ្ឋនានា។ នេះបើតាមការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិ ( Transparency International ) ដែលបានចេញផ្សាយរបាយការណ៍ នៅថ្ងៃទី១ធ្នូ ឆ្នាំ២០១១ ស្តីពីការវាយតម្លៃពីអំពើពុករលួយលើ ១៨៣ ប្រទេស បូករួមទាំងកម្ពុជា សម្រាប់ឆ្នាំ២០១១។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
របាយការណ៍អំពើពុករលួយរបស់អង្គការតម្លាភាពអន្តរជាតិ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១ធ្នូ ឆ្នាំ២០១១ បង្ហាញថា កម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី ១៦៤ ក្នុងចំណោម ១៨៣ ប្រទេសដែលអង្គការអន្តរជាតិមួយនេះ បានដាក់ពិន្ទុសម្រាប់អំពើពុករលួយ។ កម្ពុជាទទួលបានពិន្ទុតែ ២,១ ដែលមានន័យថា ជាប្រទេស ដែលកើតមានអំពើពុករលួយបង្គួរ។
ចំណាត់ថ្នាក់នេះ បង្ហាញថា កម្ពុជាប្រសើរជាងប្រទេសភូមា ដែលមានលំដាប់លេខរៀង ១៨០។ ប៉ុន្តែកម្ពុជាស្ថិតនៅក្រោមប្រទេសឡាវ ដែលទទួលបានចំណាត់ថ្នាក់ ១៥៤ និងប្រទេសវៀតណាម ស្ថិតនៅលេខ ១១២។ចំណែកប្រទេសថៃ ស្ថិតនៅលេខ ៨០។ កាលពីឆ្នាំ២០១០ អង្គការតម្លាភាពអន្តរជាតិ បានវាយតម្លៃថា កម្ពុជាស្ថិតនៅលំដាប់លេខ១៥៤។
ប្រធានអង្គការតម្លាភាព ប្រចាំកម្ពុជា លោក ព្រាប កុល បានលើកឡើងក្នុងសន្និសីទកាសែតនៅព្រឹកមិញថា អំពើពុករលួយនៅកម្ពុជា កើតឡើងខ្លាំងជាងគេ នៅស្ថាប័នតុលាការ ក្នុងជួរប៉ូលិស និងវិស័យរដ្ឋបាលសាធារណៈ។តាមការកត់សម្គាល់របស់អង្គការតម្លាភាពអន្តរជាតិ កម្ពុជា ក៏មិនបានធ្វើឲ្យប្រសើរ លើយន្តការប្រឆាំងអំពើពុករលួយនៅឡើយដែរ។
ការវាយតម្លៃលើចំណាត់ថ្នាក់ពុករលួយនៅកម្ពុជា ត្រូវបានអង្គការតម្លាភាពអន្តរជាតិ ប្រមូលចេញពីមានប្រភពស្ថាប័នចំនួន ១០ នៅកម្ពុជា។ ក្នុងនោះ អង្គការតម្លាភាពអន្តរជាតិ បានប្រមូលពីធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក ជាដើម។
យ៉ាងណាក៏ដោយលោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានច្រានចោលនូវការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិខាងលើ។ ផ្ទុយទៅវិញ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា បានអះអាងថា នៅឆ្នាំ២០១១នេះ រដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការលុបបំបាត់អំពើពុករលួយ តាមរយៈការអនុវត្តន៍ច្បាប់ប្រឆាំងអំពើពុករលួយ និងមន្ត្រីរដ្ឋាភិបាល ប្រកាសទ្រព្យសម្បត្តិជាដើម។
ការវាយតម្លៃរបស់អង្គការតម្លាភាពអន្តរជាតិ ដែលផ្សព្វផ្សាយនៅថ្ងៃ១ធ្នូ បង្ហាញថា ប្រទេសញូហ្សឺលែនជាប់លំដាប់ថ្នាក់លេខ ១ ខាងស្អាតស្អំ បន្ទាប់មកប្រទេស ហ្វីនលែន និងដាណាម៉ាក។ ចំណែកប្រទេសសូម៉ាលី ប្រទេសកូរ៉េខាងជើងនិងប្រទេសភូមា ជាប់លំដាប់ថ្នាក់ចុងគេ ខាងកើតមានអំពើពុករលួយខ្លាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ