កម្ពុជា

នៅមានឧត្តមសេនីយ​ច្រើនទៀត​ដែលត្រូវ​ចូលនិវត្តន៍​

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា © លាងដឺលុច

មន្ត្រី​ជាន់​ខ្ពស់​យោធា​ថ្នាក់​ឧត្តមសេនីយ​ចំនួន​៧៥​នាក់​ត្រូវ​បាន​ដាក់​អោយ​ចូលនិវត្តន៍​តាម​រយៈ​ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ​កាល​ពី​ថ្ងៃ​ទី៥​វិច្ឆិកា។ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ពន្យល់​ថា នេះ​គឺ​ជា​ការ​ចូល​និវត្តន៍​ធម្មតា​ដែល​ត្រូវ​អនុវត្ត​តាម​ច្បាប់​សោធននិវត្តន៍ និង​ច្បាប់​ស្តី​កាតព្វកិច្ច​យោធា។

ផ្សាយពាណិជ្ជកម្ម

ឧត្តមសេនីយ​៧៥​នាក់​ត្រូវ​បាន​ដាក់​អោយ​ចូល​និវត្តន៍។ ការ​ចូល​និវត្តន៍​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ព្រះរាជក្រឹត្យ​ដែល​ត្រូវ​បាន​ចុះ​ព្រះរាជ​ហត្ថលេខា​កាលពី​ថ្ងៃ​ទី៥​វិច្ឆិកា។ មន្ត្រី​ជាន់​ខ្ពស់​យោធា​ចំនួន​៧៥​នាក់​នោះ​មាន​ថ្នាក់​ឧត្តមសេនីយ​ឯក​ផ្កាយ​បី​ចំនួន​១៨​នាក់ ឧត្តមសេនីយ​ទោ​ផ្កាយ​ពីរ​ចំនួន​២៥​នាក់ និង​ឧត្តមសេនីយត្រីផ្កាយ​មួយ​ចំនួន​៣២​នាក់។

លោក​ឧត្តម​សេនីយឯក​ឈុំ សុជាតិ​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ពន្យល់​ថា​ការ​ដាក់​អោយ​មន្ត្រី​យោធា​ជាន់​ខ្ពស់​ចូល​និវត្តន៍​នេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់​កាតព្វកិច្ច​យោធា​និង​ច្បាប់​សោធននិវត្តន៍។ មន្ត្រី​យោធា​ជាន់ខ្ពស់​ត្រូវ​ចូល​និវត្តន៍​ក្នុង​អាយុ​៦០​ឆ្នាំ។

កត្តា​ប្រវត្តិសាស្ត្រ​បាន​ធ្វើ​អោយ​ប្រទេស​កម្ពុជា​មួយ​នេះ​ក្លាយ​ទៅជា​ប្រទេស​ដែល​មាន​ចំនួន​ឧត្តមសេនីយ​ដ៏​ច្រើន។ ដូច​ជា​ការ​ធ្វើ​សមាហរណកម្ម​ត្រី​ភាគី​នៅ​ដើម​ទស្សវត្សន៍​៩០ ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ហើយ​និង​ការ​តម្លើង​ឋានន្តរស័ក​តាម​រយៈ​អតីតភាព​ការងារ។
ទោះយ៉ាងនេះ​ក្តី បើតាម​អ្នក​នាំ​ពាក្យក្រសួង​ការពារ​ជាតិ​ដដែល នឹង​មាន​មន្ត្រី​យោធា​ជាច្រើន​ទៀត​ដែល​ត្រូវ​ដល់អាយុ​ចូល​និវត្តន៍​ជា​បន្ត​បន្ទាប់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI