លោក នួនជា លើកឡើងពីការជម្លៀសប្រជាជនចេញពីភ្នំពេញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងសវនាការនាព្រឹកថ្ងៃទី១៣ធ្នូនេះ លោក នួនជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា និងជាអតីតប្រធានរដ្ឋសភាសម័យខ្មែរក្រហម បានលើកឡើងថា ការជម្លៀសប្រជាជនកម្ពុជាចេញពីទីក្រុងភ្នំពេញនៅពេលខ្មែរក្រហម ឡើងកាន់អំណាចនៅថ្ងៃទី១៧មេសាឆ្នាំ១៩៧៥ គឺដើម្បីការពារអាយុជីវិតរបស់ប្រជាជនកម្ពុជា គេចចេញពីសង្គ្រាមជាមួយអាមេរិក និងវៀតណាម។ ដោយឡែកលោក ខៀវសំផន អតីតប្រមុខរដ្ឋ ក៏បានប្រកាសថា តួនាទីនិងឋានៈរបស់លោកក្នុងសម័យខ្មែរក្រហម គឺមិនមានអំណាចអ្វីទេ។ តាមលោកខៀវសំផន អំណាចពិតប្រាកដគឺស្ថិតនៅលើប៉ុលពត។
ក្នុងរង្វង់ក្រចកសេះ នៅក្នុងសវនាការនាព្រឹកមិញ លោក នួនជា បានលើកឡើងថា ការជម្លៀសប្រជាជនកម្ពុជាចេញពីទីក្រុងភ្នំពេញបណ្តោះអាសន្ននៅពេលខ្មែរក្រហមឡើងកាន់អំណាចនៅខែមេសាឆ្នាំ១៩៧៥ គឺចាំមើលសភាពការណ៍ពីវៀតណាម ហើយពេលនោះ ថាតើអាមេរិកលូកដៃចូលមកកម្ពុជាទៀតយ៉ាងណា?
ដូច្នេះតាមលោក នួន ជា ដើម្បីកុំឲ្យប្រជាជនកម្ពុជាត្រូវបាត់បង់អាយុជីវិត ខ្មែរក្រហមត្រូវជម្លៀសប្រជាជនទៅនៅតាមសហករណ៍នៅតំបន់ជនបទ។ លោក នួនជា ក៏បានបន្តថា ការជម្លៀសប្រជាជនទៅកាន់សហករណ៍នៅជនបទនោះ ដើម្បីរួមគ្នាហូប និងរៀនសូត្រតាមអ្នកជនបទ ដោយប្រែក្លាយអ្នកដែលមិនចេះធ្វើពលកម្ម ឲ្យទៅជាអ្នកធ្វើពលកម្ម។ ចំណែករបបហូបចុកវិញ គឺអង្គការខ្មែរក្រហម ឲ្យហូប ១ថ្ងៃ ៣ដង។ ព្រឹកបបរ ពេលថ្ងៃ និងល្ងាច ហូបបាយ។
ជាមួយនឹងការលើកឡើងដូច្នេះ លោក នួន ជា ក៏បានបន្ទោសលើការបង្អត់បាយ និងការធ្វើការហួសកម្លាំងរហូតដល់មានការសម្លាប់មនុស្ស នៅតាមសហករណ៍ខ្មែរក្រហម ថាបានកើតឡើងមកពីពួកក្បត់ និងមានពួកសមាសភាពមិនល្អនៅក្នុងសហករណ៍នោះ។
ក្នុងសវនាការថ្ងៃនេះ លោក នួនជា ក៏បានបន្ទោសលើវៀតណាម ថាបានបង្កប់ក្នុងជួរខ្មែរក្រហម ដើម្បីបំផ្លាញមាគ៌ានយោបាយរបស់ខ្មែរក្រហម។ ជាថ្មីម្តងទៀត បងទី២សម័យខ្មែរក្រហម លោកនួន ជា នៅតែការពារថា បក្សកុម្មុយនិស្តកម្ពុជាដែលជាក្រុមខ្មែរក្រហម ស្នេហាជាតិ និងលះបង់អ្វីៗ ដើម្បីជាតិ ដើម្បីប្រជាជន ធ្វើយ៉ាងម៉េចឲ្យប្រជាជនបានឆ្អែតដើម្បីកសាងសង្គមមួយដែលសម្បូណ៌សប្បាយ។
ដោយសារសុខភាព លោកនួន ជា មិនអាចចូលរួមអង្គុយឆ្លងឆ្លើយបាន នៅពេលរសៀលនេះ។ សវនាការបានចូលដល់ការសួរដេញដោលលោកអៀងសារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហម។ ក៏ប៉ុន្តែលោកអៀង សារីបានប្រកាសរក្សាសិទ្ធិនៅស្ងៀមមិនឆ្លើយអ្វីទាំងអស់។
សវនាការ ក៏បានចូលដល់ការសួរដេញដោលលោកខៀវសំផន។ អតីតប្រមុខរដ្ឋខ្មែរក្រហម លោកខៀវសំផនបានអាននូវសេចក្តីថ្លែងការណ៍ដ៏វែងអន្លាយ ស៊ីពេលពេញមួយរសៀលនេះ។ លោកខៀវសំផនច្រានចោលរាល់ការចោទប្រកាន់ហើយថា តួនាទី និងឋានៈរបស់លោក ក្នុងសម័យខ្មែរក្រហម គឺលោកកាន់តំណែងខ្យល់ជានាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារប្រទេស និងប្រមុខរដ្ឋ។ លោកក៏មិនមានអំណាចសម្រេចអ្វីឡើយទាំងនៅក្នុងបក្សកុម្មុយនិស្តកម្ពុជា និងទាំងកិច្ចការប្រទេសជាតិ។ អំណាចធំគឺនៅលើប៉ុល ពត។
សវនាការកាត់ទោសលោកនួន ជា លោកអៀង សារី និងលោកខៀវ សំផន ក្នុងសំណុំរឿង០០២ នឹងធ្វើឡើងបន្តនៅថ្ងៃអង្គារ ទី១៤ធ្នូ ឆ្នាំ២០១១។ នៅថ្ងៃនោះនឹងមានការផ្តល់សក្ខីកម្មពីចម្ងាយតាមវិដេអូរបស់សាក្សីសក្តានុពលលោក ឡុង នរិន្ទ អតីតកម្មាភិបាលជាន់ខ្ពស់ខ្មែរក្រហមធ្វើការនៅក្រសួងការបរទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ