កម្ពុជា

ONU​និងកម្ពុជា​បន្តខ្វែង​គំនិតគ្នា​ក្នុងការ​តែងតាំង​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​

លោក ​David Sheffer​ ទីប្រឹក្សា​​សាលាក្តី​​ខ្មែរ​ក្រហម​​​តែងតាំង​​ដោយ​​អគ្គលេខាធិការ​​អង្គការ​​សហ​ប្រជាជាតិ​
លោក ​David Sheffer​ ទីប្រឹក្សា​​សាលាក្តី​​ខ្មែរ​ក្រហម​​​តែងតាំង​​ដោយ​​អគ្គលេខាធិការ​​អង្គការ​​សហ​ប្រជាជាតិ​ ©​ លាង​ដឺលុច

លោក ​Laurent Kasper Ansermet ​នឹង​ចូល​ធ្វើការ​នៅក្នុង​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ក្នុង​បរិយាកាស​ខ្វែង​គំនិត​គ្នា​ជា​ចំហរ រវាង​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា។ ​នៅក្នុង​សន្និសីទ​កាសែត​មួយ​ដែល​ត្រូវ​បាន​រៀបចំ​នៅ​ល្ងាច​ថ្ងៃ​ពុធ​ទី​២៥​មករា តំណាង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ គឺ​លោក​David Scheffer​បាន​ប្រកាស​ថា លោក Laurent Kasper Ansermet ​នឹង​មក​ធ្វើការ​នៅក្នុង​សាលាក្តី​ខ្មែរក្រហម​នៅ​សប្តាហ៍​ក្រោយ​នេះ ដើម្បី​ដំណើរ​ការ​អង្កេត​សំណុំរឿង​ដ៏​រសើប ០០៣ និង​០០៤។ ទីប្រឹក្សា​ថ្មី​របស់​សាលាក្តី​ខ្មែរក្រហម បាន​រៀបចំ​សន្និសីទ​នេះ ដើម្បី​បង្ហាញ​ជំហរ​របស់​អង្គការ​សហប្រជាជាតិ ក្រោយ​ពី​លោក​បាន​ជួប​​ពិភាក្សា​ការងារ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន ​កាល​ពី​ព្រលប់​ថ្ងៃ​អង្គារ។

ផ្សាយពាណិជ្ជកម្ម

វា​កាន់​តែ​ច្បាស់​ហើយ​ថា លោកចៅក្រម Laurent Kasper Ansermet នឹង​ចូល​កាន់​ការិយាល័យ​សហចៅក្រម​ស៊ើប​អង្កេត​ក្នុង​តុលាការ​ខ្មែរ​ក្រហម​នៅ​សប្តាហ៍​ក្រោយ​នេះ នៅ​ក្នុង​បរិយាកាស​នៃ​ខ្វែង​គំនិត​គ្នា​រវាង​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ។ ការ​ខ្វែង​គំនិត​គ្នា​ជុំ​វិញ​ការ​តែងតាំង​បេក្ខភាព​លោក​ Laurent Kasper Ansermet ជា​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ។

តាម​ពិត គេ​បាន​ដឹង​រួច​ខ្លះ​មក​ហើយ​អំពី​ការ​ខ្វែង​គំនិត​គ្នា​នេះ តាំង​ពី​សប្តាហ៍​មុន នៅ​ពេល​ដែល​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម​បាន​បដិសេធ​មិន​តែងតាំង​បេក្ខភាព​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បម្រុង​លោក​ Laurent Kasper Ansermet អោយ​ធ្វើ​ជា​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ពេញសិទ្ធ។

កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ក្រោយ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោកDavid Scheffer ដែល​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​បាន គីមូន​ទើប​បាន​តែងតាំង​ជា​ទីប្រឹក្សា​សាលាក្តី​ខ្មែរ​ក្រហម ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​សុខ​អាន​តំណាង​រដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ​ដោយសរសេរ​ថា​ បើទោះជា​ភាគី​ទាំង​ពីរ​មិន​បាន​បក​ស្រាយ​ផ្សេង​គ្នា​កិច្ច​ព្រមព្រៀង​រវាង​អង្គការ​សហប្រជាជាតិ និង​រដ្ឋាភិបាល​កម្ពុជា​ស្តី​ពី​ការ​បង្កើត​សាលាក្តី​ខ្មែរ​ក្រហម​ក៏​ដោយ តែ​ភាគី​ទាំង​ពីរ​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សំខាន់ៗ​បន្ត​ទៀត។

នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ នៅ​ក្នុង​សន្និសីត​កាសែត​មួយ​ដែល​ត្រូវ​បាន​រៀបចំ​ដើម្បី​បង្ហាញ​ជំហរ​របស់​អង្គការ​ប្រជាជាតិ​ លោក​David Scheffer បាន​ពន្យល់​ថា យោងតាម​ខ្លឹម​នៃ​កិច្ច​ព្រមព្រៀង​លោក Laurent Kasper Ansermet​អាច​ចូល​មក​ធ្វើ​ការ​នៅ​ក្នុង​សាលាក្តី​ខ្មែរ​ក្រហម​បាន។ ហើយ​ថា​លោក​ចៅក្រម​នេះ នឹង​បន្ត​អង្កេត​សំណុំរឿង​០០៣ និង​០០៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI