កម្ពុជា

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​បិទបញ្ចប់​ដោយគ្មាន​អំពើ​ហិង្សា​

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​ដែលត្រូវ​បិទបញ្ចប់​នៅថ្ងៃទី​២៧មករា​នេះ​ បាន​ប្រព្រឹត្ត​ទៅដោយគ្មាន​អំពើ​ហិង្សា​
យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​ដែលត្រូវ​បិទបញ្ចប់​នៅថ្ងៃទី​២៧មករា​នេះ​ បាន​ប្រព្រឹត្ត​ទៅដោយគ្មាន​អំពើ​ហិង្សា​ © ស៊ីវ​ ចាន់ណា

គ​.​ជ​.​ប​. បានប្រកាស​ថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា រយៈពេល​ ២១ ​ថ្ងៃ ​ដែល​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៧​មករា​នេះ ​បាន​ធ្វើឡើង​ដោយ​គ្មាន​អំពើហិង្សា​កើតឡើង​ទេ​។ ​ក៏​ប៉ុន្តែ​ក្នុង​រយៈពេល​ឃោសនា​បោះឆ្នោត​នេះ មាន​បណ្តឹង​ចំនួន ​៤ ករណី ​ពាក់ព័ន្ធ​នឹង ការលើក​បដា​ ការទិញ​ទឹកចិត្ត ​និង​ការ​ហែក​ខិតប័ណ្ណ​ឃោសនា​។

ផ្សាយពាណិជ្ជកម្ម

ក្នុង​សន្និសីទ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ គ​.​ជ​.​ប​. បាន​ប្រកាសថា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាល​ទី​៣ រយៈពេល ២១ ថ្ងៃ ​ចាប់ពី​ថ្ងៃ​ទី​៧​មករា មកដល់​ថ្ងៃ​ទី២៧​មករា ​ឆ្នាំ​២០១២ ​ធ្វើឡើង​ដោយ​គ្មាន​អំពើហិង្សា​កើតឡើង​ទេ​។ ក៏ប៉ុន្តែ គ​.​ជ​.​ប​. បាន​ទទួល​ពាក្យបណ្តឹង​ចំនួន ៤ ករណី​។

 
លោក ទេព នីថា ​អគ្គលេខាធិការ គ​.​ជ​.​ប​. លើកឡើង​ថា អំឡុង​យុទ្ធនាការ​ឃោសនា គ​.​ជ​.​ប​. បាន​ទទួល​ពាក្យបណ្តឹង​ចំនួន ៤​ ដែល​ប្តឹង​ដោយ​គណបក្ស​សមរង្ស៊ី ចំនួន ៣ ​បណ្តឹង ​និង​ប្រជាពលរដ្ឋ ​ប្តឹង​មួយ​បណ្តឹង​។ ​ពាក្យបណ្តឹង​ទាំងនោះ ពាក់ព័ន្ធ​នឹង​ការលើក​បដា ការទិញ​ទឹកចិត្ត​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ព្រមទាំង​បណ្តឹង​ពាក់​ព័ន្ធ​នឹង​ការធ្វើឲ្យ​រហែក​ខិតប័ណ្ណ​ឃោសនា​បោះឆ្នោត​។

យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា នឹងត្រូវ​បញ្ចប់ ​នៅ​ម៉ោង ១២ រំលង​អធ្រាត្រ យប់​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១២ គឺ​បញ្ចប់ ១ ថ្ងៃ មុន​ការបោះឆ្នោត​ព្រឹទ្ធសភា ដែល​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែ​មករា ឆ្នាំ​២០១២​។

ការបោះឆ្នោត​ព្រឹទ្ធសភា ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សមរង្ស៊ី ​ប៉ុណ្ណោះ ​ចូលរួម​ប្រកួតប្រជែង​។​ ចំណែក​អ្នក​បោះឆ្នោត គឺជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ១១.៣៥១ នាក់ ក្នុង​ចំណោម​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​សរុប​ ១១.៣៥៣ នាក់​ និង​សមាជិក​រដ្ឋសភា​ ឬ​អ្នកតំណាងរាស្ត្រ មាន​ចំនួន ១១៩​រូប ក្នុងចំណោម​សមាជិក​រដ្ឋសភា​សរុប ១២៣ រូប​។

នៅ​ថ្ងៃ​បិទ​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា នា​ថ្ងៃ​ទី​២៧​មករា ឆ្នាំ​២០១២​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀបចំ​ពិធី​ជួបជុំ​សកម្មជន​រាប់រយ​នាក់ ដើម្បី​ហែ​ក្បួន​ឃោសនា​ផ្តាច់ព្រ័ត្រ តាម​ផ្លូវ​នានា​ នៅ​ភ្នំពេញ ដូច​សកម្មភាព កាលពី​ថ្ងៃ​បើក​ឆាក​ដំបូង នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា កាលពី​ថ្ងៃ​ទី​៧​ខែ​មករា ឆ្នាំ​២០១២​។ ​ចំណែក​តាម​បណ្តា​ខេត្ត​នានា គណបក្សប្រជាជនកម្ពុជា បានជួបប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​។

ដោយឡែក​ គណបក្ស​សមរង្ស៊ី នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ ដោយ​មិន​ដើរ​ហែ​ក្បួន តាម​ដងផ្លូវ​ឡើយ​ ក្នុងពេល​ឃោសនាបោះឆ្នោត​ព្រឹទ្ធសភា ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​២៧​មករា ឆ្នាំ​២០១២​។ គណបក្ស​សមរង្ស៊ី បាន​ជួបប្រជុំ​ជាមួយ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ដែល​ជា​អង្គ​បោះឆ្នោត នៅតាម​ទីស្នាក់ការ​គណបក្ស ដោយ​មាន​បទ​អន្តរាគមន៍​របស់​លោក​សមរង្ស៊ី តាមរយៈ​វិដេអូ ពី​ប្រទេស​បារាំង​។

ក្នុង​រយៈពេល​ឃោសនា​នេះ តំណាង​គណបក្ស​សម​រង្ស៊ី លើកឡើង​ពី​ការទាក់ទង​ ទិញ​ទឹកចិត្ត សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​សមរង្ស៊ី ដែល​ធ្វើឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ក៏​ប៉ុន្តែ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ​បានប្រកាស​បដិសេធ នៅក្នុង​សន្និសីទ​កាសែត ​នៅ គ​.​ជ​.​ប​. កាលពី​ប៉ុន្មាន​នាទី​មុននេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI