លោក អៀង សារីបោះបង់សិទ្ធិចូលរួមសវនាការសំណុំរឿង ០០២
សំណុំរឿង ០០២ នៃសាលាក្តីខ្មែរក្រហមដែលនឹងបន្តធ្វើនៅសប្តាហ៍ក្រោយនេះនៅសល់តែជនចាប់ចោទពីរនាក់ប៉ុណ្ណោះដែលចូលរួម គឺនួន ជា និងខៀវ សំផន។ ដោយឡែកលោក អៀង សារី ដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបានបោះបង់សិទ្ធិចូលរួមសវនាការទៅហើយ បន្ទាប់ពីភរិយារបស់លោកគឺ លោកស្រី អៀង ធីរិទ្ធ ត្រូវបាន ដោះលែងដោយសារជំងឺវង្វេងបាត់ការចងចាំធ្ងន់ធ្ងរ។ ក្រៅពីចំណោទសុខភាពជនជាប់ចោទ សាលាក្តីខ្មែរក្រហមក៏នៅខ្វះថវិកា៥លានដុល្លារទៀតសម្រាប់បន្តដំណើរការពីនេះដល់ដំណាច់ឆ្នាំ ២០១២។
ចុះផ្សាយនៅថ្ងៃ៖
លោកអៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរក្រហមដែលជាជនជាប់ចោទក្នុងសំណុំរឿង០០២ បានធ្វើលិខិតបោះបង់សិទ្ធិចូលរួមសវនាការហើយដោយសារតែបញ្ហាសុខភាព។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា លោកអៀង សារី នឹងត្រូវបន្តសម្រាកក្នុងមន្ទីរពេទ្យរយៈពេលយូរតទៅទៀត ដែលជាហេតុធ្វើឲ្យលោកបោះបង់សិទ្ធិចូលរួមសវនាការដើម្បីចៀសវាងការរាំងស្ទះ។ ការបោះបង់សិទ្ធិរបស់លោកអៀង សារី បានធ្វើឲ្យជនជាប់ចោទក្នុងសំណុំរឿង ០០២ នៅសល់តែពីរនាក់ប៉ុណ្ណោះដែលត្រូវចូលរួមសវនាការនៅដើមសប្តាហ៍ក្រោយ។ ជនជាប់ចោទទាំងពីរចុងក្រោយនេះគឺ លោក នួន ជា អតីតបងធំទី២របបខ្មែរក្រហម អាយុ ៨៦ ឆ្នាំ និងលោក ខៀវ សំផន អតីតប្រមុខរដ្ឋកម្ពុជាប្រជាធិបតេយ្យ អាយុ ៨១ ឆ្នាំ។ ជនជាប់ចោទទាំងពីរនឹងបន្តស្តាប់សក្ខីកម្មរបស់សាក្សីដែលនឹងឡើងមកនិយាយពាក់ពន្ធ័នឹងតួនាទីរបស់ពួកគេក្នុងរបបខ្មែរក្រហម។
លោកអៀង សារី អាយុ ៨៧ ឆ្នាំ ត្រូវបានគេដឹកទៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតឬហៅថាពេទ្យរុស្ស៊ីកាលពីថ្ងៃទី៧កញ្ញា។ លោកមានសភាពហេវហត់និងចុះខ្សោយយ៉ាងខ្លាំងដោយសារតែជំងឺបេះដូង។ ចុងក្រោយនេះ ក្រុមគ្រូពេទ្យជំនាញបានរកឃើញថា លោកអៀង សារី មានបញ្ហាឆ្អឹងកងកដែលធ្វើឲ្យស្ពាធសរសៃឈាម។ បើយោងតាមគ្រូពេទ្យជំនាញ ជំងឺនេះទាមទារឲ្យមានការវះកាត់ ប៉ុន្តែ ការវះកាត់អាចប្រឈមនឹងបញ្ហាធ្ងន់ធ្ងរដោយសារតែវ័យចាស់ជរា និងបញ្ហាបេះដូងរបស់គាត់។ យ៉ងាណាក៏ដោយ ការព្យាបាលដោយប្រើថ្នាំក៏ជាជម្រើសមួយដែរ តែត្រូវការរយៈពេលយូរ។ ស្ថានភាពនេះបានធ្វើឲ្យលោក អៀង សារី ត្រូវអវត្តមានពីក្នុងអង្គសវនាការដោយគ្មានកាលកំណត់។ ការបោះបង់សិទ្ធចូលរួមសវនាការរបស់លោក អៀង សារី បានធ្វើឡើងបន្ទាប់ពីភរិយារបស់លោកគឺ លោកស្រី អៀង ធីរិទ្ធ ត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពកាលពីថ្ងៃទី១៦ កញ្ញា ដោយសារជំងឺវង្វេងបាត់ការចងចាំធ្ងន់ធ្ងរដែលមិនអាចចូលរួមសវនាការបាន។
គួរកត់សម្គាល់ថា ក្រៅពីបញ្ហាសុខភាពរបស់ជនជាប់ចោទ សាលាក្តីខ្មែរក្រហមក៏កំពុងប្រឈមនឹងបញ្ហាខ្វះថវិកាផងដែរ។ លោកនេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានឲ្យដឹងថា ដើម្បីអាចបន្តដំណើរការរហូតដល់ដំណាច់ឆ្នាំ២០១២នេះ សាលាក្តីខ្មែរក្រហមនៅខ្វះថវិកាសរុប៥លានដុល្លារទៀតក្នុងនោះភាគីអន្តរជាតិខ្វះ៤លានដុល្លារ និងភាគីកម្ពុជាខ្វះ ១លានដុល្លារ។ ចំណោទទាំងពីរបានបង្កើតឲ្យមានក្តីបារម្ភអំពីអនាគតសាលាក្តីកូនកាត់មួយនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ