កម្ពុជា

សហជីព​កម្មករ​ ព្រមាន​ធ្វើ​បាតុកម្ម​​ប្រឆាំង​ការ​លើកលែង​ការ​ចោទ​ប្រកាន់​ លើ​អតីត​អភិបាល​​ក្រុង​បាវិត​ ​ឈូក បណ្ឌិត

អស់ពី​អង្គការ​សិទ្ធិមនុស្ស នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២០ធ្នូ​នេះ មេដឹកនាំ​សហជីព​កម្មករ បាន​បញ្ចេញ​ប្រតិកម្ម ដោយ​ព្រមាន​ថា នឹង​ដឹកនាំ​កម្មករ ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​តុលាការ​ខេត្ត​ស្វាយរៀង ដែល​បាន​សម្រេច​លើកលែង​ការ​ចោទប្រកាន់ លើ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ក្នុង​សំណុំរឿង​បាញ់​ស្ត្រី​កម្មករ ៣ នាក់ ឲ្យ​រងរបួស​ធ្ងន់ កាលពី​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ​២០១២។

ផ្សាយពាណិជ្ជកម្ម

ក្រៅពី​ថ្លែងការណ៍​ថ្កោលទោស និង​ចាត់ទុក​ជា​រឿង​អយុត្តិធម៌ មេដឹកនាំ​សហជីព​កម្មករ​ លោក អាត់ ធន់ លោក​ជា​មុនី និង​លោក រ៉ុង​ឈុន សុទ្ធតែ​បាន​ប្រកាស​ជំហរ​រៀងៗ​ខ្លួន ថា​នឹង​ដឹកនាំ​កម្មករ​​ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​តុលាការ​ខេត្ត​ស្វាយរៀង ដែល​បាន​លើកលែង​ការ​ចោទប្រកាន់​លើ​​លោក ឈូក បណ្ឌិត។​

ក៏ប៉ុន្តែ​នៅថ្ងៃ​ព្រហស្បតិ៍នេះ ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ស្វាយរៀង  លោក ហ៊ឹង ប៊ុនជា ដែល​បាន​ស្ងាត់ស្ងៀម​យូរថ្ងៃ​មកហើយ បាន​ថ្លែង​ការពារ​ខ្លួន ចំពោះ​ការសម្រេច​របស់​លោក លើការ​លើកលែង​ការ​ចោទ​ប្រកាន់ លោក ឈូក បណ្ឌិត។

លោក ហ៊ឹ​ង ប៊ុនជា បាន​ការពារ​ខ្លួន ចំពោះ​មុខ​អ្នកកាសែត នៅ​ថ្ងៃនេះ​ថា ការ​សម្រេច​របស់​លោក គឺ​មិនមែន​ពាក់ព័ន្ធ​ជាមួយ​រឿង​នយោបាយ ឬក៏​មាន​គំនាប​ពី​អ្នកធំ​ណា​ទេ។ មួយវិញ​ទៀត រឿងក្តី​នោះ បើសិនជាភាគីណាមួយ មិន​សុខចិត្ត គឺ​អាច​ប្តឹង​ជំទាស់ ទៅ​កាន់​តុលាការ​សាលា​ឧទ្ធរណ៍ តាម​បែបបទ​ច្បាប់។

​លោក​ព្រះរាជអាជ្ញា ហ៊ឹង ប៊ុន​ជា ក៏បាន​ច្រានចោល​នូវ​រាល់​មតិ​រិះគន់​ពី​មហាជន និង​អង្គការ​សង្គម​ស៊ីវិល​សហជីព ហើយ​ថា លោក​ធ្វើ​សេចក្តី​សម្រេច​នោះ តាមតែ​ផ្លូវ​ច្បាប់ និង​ហ៊ាន​ទទួល​ខុសត្រូវ បើសិន​ជា​តុលាការ​សាលាឧទ្ធរណ៍ សម្រេច​ដាក់​ពិន័យ​លើ​រូប​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI