កម្ពុជា

ច្បាប់​ប្រឆាំង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម

​រដ្ឋសភា​កម្ពុជា
​រដ្ឋសភា​កម្ពុជា RFI/Channa Siv

នៅព្រឹកថ្ងៃសុក្រនេះ សមាជិក​រដ្ឋសភា ពិសេស​សមាជិក​សភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ចូល​ទៅ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការប្រឆាំង​ការមិន​ទទួល​ស្គាល់ ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ។ សេចក្តី​ស្នើ​ច្បាប់​ដែល​តាក់តែង​ឡើង​ក្រោយ លោក​ពី​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រតិកម្ម​ខ្លំាងៗ ទៅ​លើ​លោក កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្រ្គោះជាតិ។ លោក កឹម សុខា ដែល​លោក ហ៊ុន សែន លើក​ឡើង​ថា​ បាន​និយាយ​ថា គុក​ទួលស្លែង​ជា​គុក​សិប្បនិមិ្មត របស់​ពួក​ខ្មែរក្រហម។ តើ​អ្វី​ទៅ​ជា​ខ្លឹមសារ​នៃ​ច្បាប់​នេះ?

ផ្សាយពាណិជ្ជកម្ម

 

ជាដំបូងគួរ​ជម្រាប​ជូន​ថា សេចក្តី​ស្នើ​ច្បាប់ ស្តីពី​ការប្រឆំាង​ការ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​នេះ មាន​ចំនួន​៥មាត្រា។ មាត្រា​មួយ​និយាយ​ពី ការផ្តន្ទា​ទោស​រាល់​បុគ្គល​ណា ដែល​មិន​ទទួល​ស្គាល់ ឬ​សម្រាល ឬ​បដិសេធ ឬ​ជំទាស់​អត្ថិភាព​នៃ​ឧក្រិដ្ឋកម្ម ឬ​លើក​តម្កើង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈ​កាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ។

មាត្រា​ពីរ​ ៖ ការកំណត់​ថា រាល់​អំពើ​ខាង​លើ ជា​បទល្មើស​ព្រហ្ម​ទណ្ឌ​ដែល​ត្រូវ​ផ្តន្ទា​ទោស តាម​ច្បាប់​ព្រហ្មទណ្ឌ។ ទោស​សម្រាប់​ប្រឆំាង​ការមិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម តាម​ច្បាប់​នេះ ត្រូវ​ជាប់​ពន្ធនាគារ​ពី​៦​ខែ​ទៅ​២​ឆ្នាំ និង​ត្រូវ​ពិន័យ​ជា​ប្រាក់ ពី​មួយ​លាន​រៀល​ទៅ​បួន​លាន​រៀល។

ចំណែក មាត្រា៣​នៃ​ច្បាប់​គឺ​និយាយ​អំពី​ជន​ដែល​ត្រូវ​ផ្តន្ទាទោស​ដោយ​ច្បាប់​នេះ អាច​ត្រូវ​ផ្សព្វ​ផ្សាយ​ពី​ការផ្តន្ទាទោស​ជា​សាធារណៈ ដូច​ជា​ការផ្សាយ​តាម​សារព័ត៌មាន​ជាដើម។

ចំណែក​មាត្រា​បួន​នៃច្បាប់ ចែង​អំពី​ទោស​បន្ថែម​សម្រាប់​នីតិបុគ្គល។ នីតិបុគ្គល អាចត្រូវ​ទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ តាម​លក្ខខណ្ឌ​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ ត្រូវ​ពិន័យ​ជា ប្រាក់ពី​៥០​លាន​រៀល​ទៅ ៥០០លាន​រៀល​ឯណោះ។ ហើយ​មាត្រា​៥ នៃ​ច្បាប់​ គឺ​បាន​ចែង​ថា​ច្បាប់​នេះ​ត្រូវ​ប្រកាស​ជា​ការប្រញាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI