អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​កម្ពុជា​ព្រួយបារម្ភ​ចំពោះ​ការជ្រៀត​ជ្រែក​ពី​ក្រសួង​ការបរទេស​អាមេរិក

រដ្ឋសភា​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​ចំពោះ​ការ​ជ្រៀតជ្រែករបស់​​អាមេរិក
រដ្ឋសភា​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​ចំពោះ​ការ​ជ្រៀតជ្រែករបស់​​អាមេរិក RFI/Ly Meng Hour
ដោយ៖ ប៉ែន បូណា
១៧ នាទី

នៅ​ថ្ងៃអង្គារនេះ រដ្ឋសភា​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ជា​លាយ​លក្ខណ៍​អក្សរ​មួយ​ដោយ​បាន​បញ្ជាក់​ថា​ខ្លួន​មាន​ការព្រួយបារម្ភ​ចំពោះ​ការជ្រៀតជ្រែក​របស់​ក្រសួង​ការបរទេស​​អាមេរិក​ចំពោះ​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន។ សេចក្តី​ថ្លែងការណ៍​នេះ​បាន​ធ្វើ​ឡើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការព្រួយបារម្ភ​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ចំពោះ​ការបណ្តេញ​សមាជិក​សភា​បក្ស​ប្រឆាំង​ចេញ​ពី​រដ្ឋសភា។

ផ្សាយពាណិជ្ជកម្ម

សង្គ្រាម​ពាក្យ​សម្តី​រវាង​ភ្នំពេញ​និង​វ៉ាស៊ីនតោន​នៅ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ។ នៅក្នុង​សេចក្តី​ថ្លែងការណ៍​ជា​លាយលក្ខ័ណ៍​អក្សរ​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ទី​១១​មិថុនា​នេះ​រដ្ឋសភា​កម្ពុជា​បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការជ្រៀតជ្រែក​របស់​ក្រសួង​ការបរទេស​អាមេរិក​ទៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន។ សេចក្តី​ថ្លែងការណ៍​បាន​បញ្ចាក់​ថា រដ្ឋសភា​កម្ពុជា​មាន​ការសោក​ស្តាយ​ និង​ខកចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ក្រសួង​ការបរទេស​អាមេរិក។

 
 ក្រសួងការបរទេស​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ទី​៨​មិថុនា​ដោយ​បាន​សម្តែង​ការព្រួយបារម្ភ​​ចំពោះ​ការបណ្តេញ​សមាជិក​សភា​បក្ស​ប្រឆាំង​ចេញ​ពី​រដ្ឋសភា។
អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​បាន​ចាត់ទុក​ទង្វើ​របស់​រដ្ឋសភា​កម្ពុជាថា ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​ដ៏​រឹងមាំ​មួយ។

សេចក្តីថ្លែងការណ៍​បន្ត​ថា ការបញ្ឈប់​ប្រាក់ខែ​និង​ឋានៈ​ក្នុង​សភាជាតិ​របស់​សមាជិក​គណបក្ស​ប្រឆាំង​ធ្វើ​អោយ​ប្រជាជន​កម្ពុជា​បាត់បង់​សំឡេង​របស់​គេ​ ហើយ​ក៏​ប៉ះពាល់​ដល់​ដំណើរការ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផង​ដែរ។​ សហរដ្ឋ​អាមេរិក​បាន​ស្នើ​អោយ​ថ្នាក់​ដឹកនាំ​រដ្ឋសភា​ជាតិ​អនុញ្ញាត​ឲ្យ​សមាជិក​ជាប់​ឆ្នោត​ទាំងអស់​បំពេញ​ការប្តេជ្ញា​ចិត្ត​របស់​គេ​ដើម្បី​បំរើ​ប្រជាពលរដ្ឋ​កម្ពុជា។

សេចក្តីថ្លែងការណ៍របស់​ក្រសួង​ការបរទេស​អាមេរិក​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋសភា​កម្ពុជា​បាន​សម្រេច​បង្កក​ប្រាក់ខែ​អ្នក​តំណាងរាស្ត្រ​២៩​រូប​មក​ពី​គណបក្ស​សម រង្ស៊ី គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​នរោត្តម រណឬទ្ធិ ដោយសារ​តែ​ពួក​គេ​បាត់បង់​សមាជិកភាព​ពី​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋសភា។

លោក ឈាង វុន សមាជិក​សភា​គណបក្ស​កាន់​អំណាច​បាន​បញ្ចេញ​ប្រតិកម្ម​ផ្ទាល់​មាត់​រួច​ម្តង​ហើយ​ ​តាមរយៈ​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ចាត់ទុក​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​អាមេរិក​ថា​ជា​ការមិន​យល់​ពី​ច្បាប់​របស់​កម្ពុជា។ ច្បាប់​កម្ពុជា​ដែល​សមាជិក​សភា​ត្រូវតែ​ជា​សមាជិក​មកពី​គណបក្ស​ជាប់ឆ្នោត។ ទោះបី​ជា​មាន​ប្រតិកម្ម​ផ្ទាល់មាត់​រួច​ហើយ​ក៏ដោយ ក៏​ឥឡូវ​នេះ រដ្ឋសភា​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្លូវការ​របស់​ខ្លួន​មួយ​ទៀត​តប​ទៅ​នឹង​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក។

គួរបញ្ជាក់ថា ការបញ្ឈប់​សមាជិក​សភា​បក្ស​ប្រឆាំង​ពី​រដ្ឋសភា​ក៏​កំពុង​ក្លាយ​ជា​ចំណោទ​ដ៏​ធំ​មួយ​ដែរ ចំពោះ​ភាព​ស្រប​ច្បាប់​របស់​សភា​កម្ពុជា។ បក្សប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ចាត់ទុក​សភា​កម្ពុជា​ថា​គ្មាន​សុពលភាព​ទៀត​ឡើយ ដោយសារ​តែ​តំណាងរាស្ត្រ​មាន​ចំនួន​មិន​គ្រប់​១២០​នាក់​ដែល​តម្រូវ​ដោយ​រដ្ឋ​ធម្មនុញ្ញ។ ប៉ុន្តែ គណបក្ស​កាន់​អំណាច​នៅ​តែ​ចាត់ទុក​រដ្ឋសភា​ថា​នៅ​មាន​សុពលភាព​តែ​ដដែល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ