ក្រុមអង្គការសង្គមស៊ីវិលអំពាវនាវឲ្យព្រះមហាក្សត្របដិសេធច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់របបខ្មែរក្រហម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមអង្គការសង្គមស៊ីវិលចំនួន១៦ បានរួមគ្នាស្នើទៅកាន់ព្រះមហាក្សត្រខ្មែរ ដោយសុំឲ្យទ្រង់ ប្រោសព្រះរាជទាននូវការបដិសេធក្នុងការឡាយព្រះហស្ថលេខាលើច្បាប់ខាងលើនេះ។ យោងតាមសេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយកាលពីម្សិលមិញបញ្ជាក់ថា អង្គការទាំង១៦សង្កេតឃើញថា ការអនុម័តច្បាប់ស្ដីពី ការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ មិនសមស្របនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ហើយថា ច្បាប់នេះជាច្បាប់មោឃៈនិងគ្មានន័យ។
ក្រុមអង្គការសង្គមស៊ីវិលចំនួន១៦ តាមរយៈសេចក្ដីថ្លែងការណ៍មួយដែលចេញផ្សាយដោយអង្គការលីកាដូ កាលពីថ្ងៃទី១០ ខែមិថុនា ម្សិលមិញនេះ បានចេញមុខស្នើសុំឲ្យព្រះមហាក្សត្រខ្មែរ ប្រោសព្រះរាជទាននូវការបដិសេធក្នុងការឡាយព្រះហសត្ថលេខាលើច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបកម្ពុជាប្រជាធិបតេយ្យ។ ច្បាប់ដែលត្រូវបានសភាអនុម័តកាលពីថ្ងៃទី៧ ខែមិថុនាកន្លងទៅនេះ។
ច្បាប់ស្ដីពីការប្រឆាំងមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបខ្មែរក្រហម ត្រូវបានក្រុមអង្គការចំនួន១៦ ចាត់ទុកថា ជាច្បាប់មោឃៈ និងគ្មានន័យ។ ហើយប្រសិនបើគណបក្សកាន់អំណាច នៅតែបន្តធ្វើការប្រជុំសភាដោយអធម្មនុញ្ញបែបនេះ នោះគ្រប់ច្បាប់ទាំងអស់ដែលត្រូវបានសភាអនុម័ត នឹងត្រូវចាត់ទុកថាជាគ្មានន័យ និងមោឃៈ។
នៅក្នុងសេចក្ដីថ្លែងការណ៍ដដែលនោះ ក្រុមអង្គការសង្គមស៊ីវិលទាំង១៦ បានសុំឲ្យព្រះមហាក្សត្រខ្មែរ បដិសេធក្នុងការឡាយព្រះហស្ថលេខាប្រកាសឲ្យប្រើច្បាប់ស្ដីពីការប្រឆាំង ការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃរបបខ្មែរក្រហម ជាបណ្ដោះអាសន្នសិន រហូតមានដំណើរការពិភាក្សាណាមួយដែលអាចសរបញ្ជាក់ថា ច្បាប់នេះមានខ្លឹមសារស្របទៅនឹងបញ្ញត្តិរបស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលតម្រូវឲ្យព្រះមហាក្សត្រឡាយព្រះហស្ថលេខាលើព្រះរាជក្រម ប្រកាសឲ្យប្រើច្បាប់ដែលរដ្ឋសភាបានអនុម័តនិងព្រឹទ្ធសភាបានពិនិត្យចប់ តាមរយៈការស្នើសុំពីគណៈរដ្ឋមន្ដ្រី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ