លោក កឹម សុខា អះអាងថា មានការគំរាមកំហែងដល់សន្តិសុខផ្ទាល់ខ្លួន
ចុះផ្សាយនៅថ្ងៃ៖
លោក កឹម សុខាប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានថ្លែងនៅក្នុងសន្និសីទកាសែតនៅព្រឹកថ្ងៃទី១២មិថុនាថា លោក កំពុងជួបប្រទះបញ្ហាអសន្តិសុខផ្ទាល់ខ្លួន ខណៈដែលការបោះឆ្នោតជិតមិកដល់នោះ។ លោក ស្នើឱ្យរដ្ឋាភិបាលចាត់វិធានការចំពោះរឿងនេះ ដើម្បីធានាដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា លោក កំពុងតែជួបប្រទះបញ្ហាអសន្តិសុខផ្ទាល់ខ្លួន និងមានការរំខានដល់សកម្មភាពនយោបាយរបស់បក្សសង្គ្រោះជាតិទាំងមូល។ ដែលនេះជាសញ្ញាណប្រាសចាកពីដំណើរការនៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌។
លោក កឹម សុខា បានអះអាងថា ការរំខានដល់សកម្មភាពនយោបាយ រួមទាំងសន្តិសុខផ្ទាល់ខ្លួនរបស់លោកមានចាប់តាំងពីថ្ងៃទី៩ មិថុនាមកម្លេះ ដោយការចាក់ធុងប៉ាស និងឧបករណ៍ឃោសនសព្ទបំពងសម្លេងផ្សេងៗទៀត រំខានដល់ការឃោសនា រួមទាំងការបង្កើតឱ្យមានក្បួនបាតុកម្មរារាំងការធ្វើដំណើររបស់លោក នៅតាមមូលដ្ឋានទៀតផង។
គួររម្លឹកថា កាលពីរសៀលថ្ងៃទី១២ខែមិថុនាលោក កឹម សុខា ត្រូវបានពលរដ្ឋនៅឃុំដីឥតស្រុកកៀនស្វាយ រាប់រយនាក់បានធ្វើបាតុកម្មបិទផ្លូវរារាំងមិនឱ្យលោកធ្វើដំណើរត្រឡប់មកកាន់ទីក្រុងភ្នំពេញវិញ។តែទោះជាយ៉ាងណា លោក កឹម សុខា បាននិយាយថា លោក និងគណបក្សសង្គ្រោះជាតិ នៅតែបន្តធ្វើដំណើរទៅកាន់មូលដ្ឋានដដែល។
ទាក់ទិននឹងបញ្ហាអសន្តិសុខរបស់លោក កឹម សុខានេះដែរ លោក គៀត ចន្ថារិត អ្នកនាំពាក្យអគ្គស្នងការនគបាលនៃក្រសួងមហាផ្ទៃ បានឆ្លើយតបថា ទោះបីជាមិនទាន់ដល់យុទ្ធនាការបោះឆ្នោតក៏ដោយ ក៏កម្លាំងសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ បានការពារដល់គ្រប់បុគ្គលនយោបាយ ដោយមិនប្រកាន់និន្នាការគណបក្សនយោបាយទេ។
លោក បញ្ជាក់ថា កម្លាំងសមត្ថិកច្ចរបស់ក្រសួងមហាផ្ទៃ មិនត្រឹមតែការពារតែលោក កឹមសុខា ទេគឺ បានការពារដល់ក្រុមគ្រួសាររបស់លោក ថែមទៀតផង។
ការគំរាមកំហែងផ្នែកសន្តិសុខ និងការរំខានដល់សកម្មភាពនយោបាយទាំងនេះលោក កឹម សុខា អះអាងថាជាដំណើរការអស្ថេរភាពផ្នែកនយោបាយមុនការបោះឆ្នោត ហើយការបោះឆ្នោត មិនមានភាពស្មើគ្នា និងយុត្តិធម៌ទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ