ក្រុមសហគមន៍ដីធ្លី ដង្ហែរញត្តិ សុំឲ្យរដ្ឋាភិបាល ដោះស្រាយ បញ្ហាគំរាមកំហែង សកម្មជនដីធ្លី
ចុះផ្សាយនៅថ្ងៃ៖
សហគមន៍ដីធ្លី មកពី ២៤ ខេត្តក្រុង ២៤ ទូទាំងប្រទេស បាននាំគ្នាដង្ហែរ ញត្តិ ដើម្បីដាក់ជូនក្រសួងយុត្តិធម៌ រដ្ឋសភា និងក្រុមប្រឹក្សាអង្គចៅក្រម ដើម្បីស្វែងរកដំណោះស្រាយ ព្រមទាំងស្នើសុំឲ្យមានការដោះលែងសកម្មជនដីធ្លីដែលកំពុងជាប់ឃុំឃាំង និងបញ្ឈប់ការគំរាមកំហែងផ្សេងៗទៅលើសកម្មជនការពារដីធ្លីទាំងនោះ។
តាំងពីម៉ោង៧ កន្លះព្រឹក ប្រជាសហគមន៍ ប្រមាណជិត ១ ០០០នាក់ ដែលមកពី ២៤ ខេត្តក្រុង នៅព្រឹកថ្ងៃពុធនេះ បានប្រមូលផ្តុំគ្នា នៅមុខក្រសួងយុត្តិធម៌ ដើម្បីដាក់ញត្តិជូនក្រសួងយុត្តិធម៌ រដ្ឋសភា និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងគោលបំណងទាមទារឲ្យដោះលែងសកម្មជនសិទ្ធិមនុស្សការពារដីធ្លី និងធនធានធម្មជាតិ ពិសេសស្នើឲ្យមានការចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រីតុលាការដែលប្រព្រឹត្តអំពើពុករលួយ ផ្ទុយពីវិជ្ជាជីវៈរបស់ខ្លួន។
ក្រុមប្រជាសហគមន៏ទាំងនោះ សុទ្ធតែជាប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីការរំលោភបំពានដីធ្លី ការកាប់បំផ្លាញព្រៃឈើ ការបំផ្លាញធនធានធម្មជាតិ និងការបណ្តេញចេញពីលំនៅដ្ឋាន។ ពួកគេបាននាំគ្នាស្រែកថ្លែងការណ៍នៅមុខក្រសួងយុត្តិធម៌ដើម្បីឲ្យមន្ត្រីតុលាការដោះលែងសកម្មជនទាមទារសិទ្ធិដីធ្លី ដែលត្រូវបានចាប់ឃុំខ្លួន ក្នុងជម្លោះពាក់ព័ន្ធដីធ្លីនៅទូទាំងប្រទេស។
សកម្មភាពស្រែកតវ៉ារបស់ប្រជាសហគមន៍បានធ្វើឡើងយ៉ាងកងរំពង និងខ្លាំងក្លា ដោយមានកាន់បដាសរសេរពាក្យរិះគន់ទៅលើប្រព័ន្ធយុត្តិធម៌ និងមន្ត្រីតុលាការដែលពុករលួយ។ ពួកគេក៏បានកាន់បង្ហាញផងដែរផ្ទំាងរូបថតធំៗ ដែលបង្ហាញពីសកម្មភាពប្រើអំពើហិង្សារបស់កងកម្លំាងប្រដាប់អាវុធរបស់រដ្ឋាភិបាល បង្ក្រាបទៅលើប្រជាពលរដ្ឋ ពេលចុះឈូសឆាយផ្ទះសម្បែងនៅក្នុងសហគមន៏របស់ពួកគេរស់នៅដូចជា តំបន់បូរីកីឡា តំបន់បឹងកក់ និងនៅសហគមន៍តាមខេត្តមួយចំនួនទៀតដែលរងផលប៉ះពាល់ពីការអភិវឌ្ឍន៍ របស់ក្រុមហ៊ុន ដែលទទួលបានការសម្បទានពីរាជរដ្ឋាភិបាល។
ឈុតសម្តែងខ្លីៗរបស់ប្រជាសហគមន៍ដែលរងគ្រោះដោយអំពើរំលោភដីធ្លី ក៏បានសម្តែងអំពីការចុះអនុវត្តច្បាប់របស់មន្ត្រីតុលាការ ដោយមានការដឹកនាំកម្លាំងបង្រ្កាបទៅលើប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ក្រុមប្រជាសហគមន៍ក៏បានដាក់បង្ហាញនូវរូបសំណាកដូចរូបទីងមោង ធ្វើពីក្រណាត់សំដៅដល់មន្ត្រីតុលាការ ចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ដោយមានកាន់ក្រដាស់ប្រាក់ដុល្លារជាច្រើន ប៉ុន្តែមានផងដែរនូវអំបិលគ្រួស លាយផ្លែម្ទេសក្រហមឆ្អិនឆ្អៅចំនួន១០ល្អីតូចៗ។ បើតាមអ្នករៀបចំកម្មវិធីបានបញ្ជាក់ប្រាប់វិទ្យុបារាំងថា ដើម្បីដាក់បណ្តាសសារទៅលើមន្ត្រីតុលាការណាដែលប្រព្រឹត្តអំពើពុករលួយ និងកាត់ក្តីដោយអយុត្តិធម៌។
បើតាមសេចក្តីថ្លែងការណ៍របស់ប្រជាសហគមន៍ ដែលសេចក្តីថ្លែងការនេះត្រូវប្រគល់ជូនឲ្យក្រសួងយុត្តិធម៌ផងនោះ បានសរសេរឲ្យដឹងថា រយៈពេល ៥ឆ្នាំចុងក្រោយនេះ អ្នកការពារសិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ និងលំនៅឋានជាច្រើន បានទទួលនូវការគំរាមកំហែងពីប្រព័ន្ធតុលាការតាមរយៈការចាប់ខ្លួន ការចោទប្រកាន់ដោយបំភ្លៃរឿងក្តីទៅជាបទល្មើសផ្សេងៗ ដូចជា បទល្មើសព្រហ្មទណ្ឌញុះញង់ ឆបោក និងការរំលោភកម្មសិទ្ធិឯកជន ជាដើម។
ពួកគេយល់ថា ការចោទប្រកាន់ទាំងនេះ ខុសពីការពិត ហើយលើសពីនេះទៀត សកម្មជនការពារធនធានធម្មជាតិ និងសិទ្ធិមនុស្សមួយចំនួនត្រូវបានគេធ្វើឃាដ ដោយមិនបានធ្វើការដោះស្រាយរកយុត្តិធម៌ជូនពួកគេឡើយ។
ការចាប់ខ្លួន ចោទប្រកាន់ទៅលើអ្នកការពារសិទ្ធិមនុស្ស ដីធ្លី ធនធានធម្មជាតិ និងការពារលំនៅដ្ឋាន នៅតែកើតមានជាបន្តបន្ទាប់រហូតមកដល់ពេលនេះ មានចំនួនជាង ៤០០នាក់។ នេះបើតាមការបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រជាសហគមន៍ទាំង២៤ខេត្ត-ក្រុង។
ទោះយ៉ាងណា ក្រុមប្រជាសហគមន៍ទាំងអស់នោះ បានបន្តដំណើរ ដាក់សេចក្តីថ្លែងការណ៍ របស់ខ្លួននៅរដ្ឋសភាជាតិ និងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្នុងគោលបំណងដដែល គឺស្នើសុំឲ្យដោះលែង និងបញ្ឈប់ការចោទប្រកាន់មកលើអ្នកការពារសិទ្ធិដីធ្លី។
ដោយការដង្ហែរក្បួននាំញ្ញតិរបស់ពួកគេទៅកាន់គោលដៅនីមួយៗនោះ ស្ថិតក្រោមការតាមឃ្លាំមើលពីក្រុមសមត្ថកិច្ចនគរបាលចម្រុះ នៅតាមដងផ្លូវសំខាន់ៗ ប៉ុន្តែមិនមានការរំខានណាមួយនោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ