កម្ពុជា

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ផ្អាក​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា

ហ្វូង​មហាជន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា កាលពី​ថ្ងៃ​ទី ៩ មិថុនា ២០១៣
ហ្វូង​មហាជន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លោក កឹម សុខា កាលពី​ថ្ងៃ​ទី ៩ មិថុនា ២០១៣ © Reuters

នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​លោក ជុំ ម៉ី និង​អ្នកគាំទ្រ​របស់​លោក​ផ្អាក​សកម្មភាព​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា។ ការផ្អាក​បាតុកម្ម​ដើម្បី​កុំ​ឲ្យ​ខូច​បរិយាកាស​ពេល​បោះឆ្នោត។ លោក ជុំ ម៉ី ទទួល​យក​ការអំពាវនាវ​នេះ។

ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​កម្តៅ​នយោបាយ​កំពុង​ឡើង​ មិនមាន​ការ​ស្រក​ចុះ​នោះ នៅ​ថ្ងៃ​ព្រហស្បតិ៏​ទី​១៣ ខែ​មិថុនា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​មក​អំពាវនាវ​ដល់​លោក ជុំ មី និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ឲ្យ​ផ្អាក​ការធ្វើ​បាតុកម្ម​ជា​បណ្តោះ​អាសន្ន​ប្រឆាំង​នឹង​លោក​ កឹម សុខា។

 
ការថ្លែង​បែប​នេះ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ធ្វើ​ជា​អធិបតី​នៅ​ក្នុង​ពិធី​សម្ភោធ​អគារ​កីឡា​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​មាន​តម្លៃ​ប្រមាណ​ជា ៤​លាន​ដុល្លារ។ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការអំពាវនាវ​បែប​នេះ គឺ​ដើម្បី​បង្កើន​បរិយាកាស​នៃ​ការបោះឆ្នោត ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​នេះ។
ការលើកឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​នា​ពេល​នេះ បន្ទាប់ពី​លោក កឹម សុខា បាន​ថ្លែង​តាម​រយៈ​សន្និសីទ​កាសែត​មួយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​សុវត្ថិភាព​របស់​លោក​កំពុង​ស្ថិត​ក្រោម​ការគំរាមកំហែង និង​មាន​ការរំខាន​ដល់​សកម្មភាព​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​មូល ដោយសារ​តែ​មាន​ការ​តាម​រំខាន​ពី​ក្រុម​ប្រជាជន​ដែល​អះអាង​ថា​បាន​រងគ្រោះ​ដោយ​របប​ខ្មែរក្រហម។
មេដឹកនាំ​ចលនា​បាតុកម្ម​មហាជន​លោក ជុំ មី បាន​អះអាង​ថា​លោក​បាន​ប្រាប់​ទៅ​ប្រជាពលរដ្ឋ​ដែល​គ្រោង​ធ្វើការ​តវ៉ា​បន្ត​ទាំងអស់​ឲ្យ​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់​សិន តាម​ការអំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ជាមួយ​គ្នា​នេះ បណ្តឹង​ប្រឆាំង​នឹង​លោក​ កឹម សុខា ទៅ​តុលាការ​នោះ ក៏​នឹង​គ្រោង​ធ្វើ​នៅ​ក្រោយ​ការបោះឆ្នោត​ដែរ។
លោក កឹម សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​គេ​ចាក់​ខ្សែ​អាត់​របស់​លោក​ថា​លោក​បាន​និយាយ​ទាក់ទង​ទៅ​ហ្នឹង គុក​ទួលស្លែង​ជារឿង​សិប្បនិម្មិត ដែល​ជានិច្ចកាល​លោក កឹម សុខា បាន​ធ្វើការ​បដិសេធ។
ដោយសារ​ខ្សែ​អាត់​សម្លេង​នេះ​ហើយ​ធ្វើ​ឲ្យ​មាន​បាតុកម្ម​មួយ​កើត​ឡើង កាលពី​ថ្ងៃ​អាទិត្យ​ទី​៩ មិថុនា​កន្លង​ទៅ​នេះ ដឹកនាំ​ដោយ​លោក ជុំ មី ដែល​មាន​អ្នកចូលរួម​ជាង ២​ម៉ឺន​នាក់ ដើម្បី​ដាក់​ញត្តិ​ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​ជា​សាធារណៈ​នៅ​គុក​ទួលស្លែង។
ក៏ប៉ុន្តែ គ្មាន​ការសុំទោស​ណា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​លោក កឹម សុខា ជាហេតុ​ធ្វើ​ឲ្យ​ក្រុម​មនុស្ស ទាំងក្រុមៗ​តាម​រំខាន​ដល់​សកម្មភាព ចុះ​មូលដ្ឋាន​ជួប​ប្រជាពលរដ្ឋ​របស់​គាត់​តាម​រូបភាព​ផ្សេងៗ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI