កម្ពុជា

សង្គមស៊ីវិល និងគណបក្សប្រឆាំង ​បញ្ចេញ​​ប្រតិកម្ម​​​​ តប​សំដី​លោក ហ៊ុន សែន

លោក​ ជុំ​ ម៉ី ថ្ងៃ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ថ្ងៃ​ទី ៩ មិថុនា ២០១៣
លោក​ ជុំ​ ម៉ី ថ្ងៃ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក កឹម សុខា ថ្ងៃ​ទី ៩ មិថុនា ២០១៣ © reuters

បន្ទាប់​ពី​មាន​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​សែន កាល​ពី​ព្រឹក​មិញ សុំ​ឲ្យ​លោក​ ជុំ​ ម៉ី និង​ក្រុម​បាតុករ​ប្រឆាំង​លោក​ កឹម ​សុខា ផ្អាក​ធ្វើ​បាតុកម្ម ដើម្បី​ភាព​ប្រសើរ​ឡើង​នៃ​បរិយាកាស​នយោបាយ​មុន​ការ​បោះឆ្នោត។ បណ្ដា​អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​គណបក្ស​ប្រឆាំង មាន​ប្រតិកម្ម​ផ្សេង​ៗ​គ្នា​លើ​ការ​អំពាវនាវ​នេះ។

ផ្សាយពាណិជ្ជកម្ម

 

បណ្ដា​អង្គការ​សង្គម​ស៊ីវិល ជា​ពិសេស​គណបក្ស​ប្រឆាំង មាន​ប្រតិកម្ម​ផ្សេងៗ​គ្នា ឆ្លើយ​តប​ទៅ​នឹង​ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន ដែល​សូម​ឲ្យ​លោក​ ជុំ ម៉ី និង​ក្រុម​បាតុករ​ប្រឆាំង​លោក​ កឹម​ សុខា ផ្អាក​ការ​ធ្វើ​បាតុកម្ម​តវ៉ា ដើម្បី​ឲ្យ​បរិយាកាស​មុន​ការ​បោះ​ឆ្នោត​មាន​បរិយាកាស​ប្រសើរ​ឡើង។

លោក​ យឹម សុវណ្ណ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​​គណបក្ស​សង្គ្រោះ​ជាតិ យល់​ថា ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​សែន ជា​ទង្វើ​ដែល​គួរ​ឲ្យ​គាំទ្រ ព្រោះ​ថា វា​ជា​ការ​ចាំ​បាច់​ណាស់ ដែល​រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​បាន​នូវ​បរិយាកាស​ប្រកួត​ប្រជែង​សម​ស្រប​និង​យុត្តិធម៌ ​នៅ​មុន​ពេល​បោះ​ឆ្នោត។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ការ​អំពាវនាវ​ឲ្យ​បាតុករ​ផ្អាក​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក​ កឹម​ សុខា​ នេះ គ្រាន់​តែ​ជា​ការ​ផ្អាក​ល្បែង​នយោបាយ​មួយ ដើម្បី​ប្ដូរ​ទៅ​លេង​ល្បែង​នយោបាយ​មួយ​ផ្សេង​ទៀត​នោះ វា​ជា​ទង្វើ​ដែល​មិន​អាច​ទទួល​យក​បាន​ទេ។

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ បាន​ប្រាប់​វិទ្យុ​បារាំង RFI ថា លោក​គ្មាន​យោបល់​អ្វី​ចំពោះ​ការ​អំពាវនាវ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​ទេ ព្រោះ​ថា ការ​ធ្វើ​បាតុកម្ម​ជា​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ ហេតុ​នេះ ចង់​នរណា​ធ្វើ​បាតុកម្ម​ក៏​ធ្វើ​ចុះ តែ​ត្រូវ​ធានា​ថា បាតុកម្ម​នោះ​មិន​ប៉ះពាល់​ដល់​សិទ្ធិ​របស់​អ្នក​ដទៃ។

ចំពោះ​លោក​ គល់ ​បញ្ញា នាយក​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា COMFREL យល់​ថា ការ​អំពាវនាវ​នេះ​ ជា​រឿង​ល្អ​មួយ​ដែល​អាច​រួម​ចំណែក​រក្សា​សន្តិសុខ​ដល់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រឆាំង មុន​ពេល​ការ​បោះ​ឆ្នោត​ចូល​មក​ដល់។ ប៉ុន្តែ ការ​អំពាវនាវ​នេះ​ នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅឡើយ​ទេ។ លោក​បន្ត​​ទៀត​ថា ដើម្បី​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មួយ​ប្រកប​ដោយ​យុត្តិធម៌ អាជ្ញាធរ​និង​កង​កម្លាំង​មាន​សមត្ថកិច្ច​ត្រូវ​តែ​មាន​អព្យាក្រឹត្យ និង​ជំហរ​បើក​ទូលាយ ក្នុង​គាំពារ​សុវត្ថិភាព​ដល់​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ឲ្យ​ធ្វើ​សកម្មភាព​ដោយ​សេរី និង​គ្មាន​ការ​គំរាម​កំហែង​ពី​ក្រុម​អ្នក​ប្រឆាំង​តវ៉ា​ណា​មួយ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI