ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ភាពលម្អៀង​របស់​អាជ្ញាធរ​ជា​ប្រភព​នៃ​ការរើសអើង​នយោបាយ

សំឡេង ០៤:៤១
​អាជ្ញាធរប៉ូលិស ចាំ​​បំបែក និង​ចាប់ខ្លួន​ ប្រជាជន​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម
​អាជ្ញាធរប៉ូលិស ចាំ​​បំបែក និង​ចាប់ខ្លួន​ ប្រជាជន​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម ©វណ្ណារ៉ា

ខណៈដែល​ការបោះឆ្នោត​កាន់​តែ​ខិត​ចូល​មក​ដល់ សកម្មភាព​នយោបាយ​ក៏​ចាប់​ផ្តើម​កម្រើក​យ៉ាង​ខ្លាំង។ ជារឿយៗ ជម្លោះ​បាន​ផ្ទុះ​ឡើង​រវាង​គណបក្ស​នយោបាយ​ជាមួយ​អាជ្ញាធរ​ដែនដី​ដែល​បណ្តាល​មក​ពី​ការរើសអើង​ខាង​នយោបាយ។​ ការរារាំង​សកម្មភាព​នយោបាយ​ពី​សំណាក់​អាជ្ញាធរ​នៅ​តែ​ជា​បច្ចុប្បន្នភាព​ក្តៅ​មួយ​នៅ​ឡើយ​ ទោះបី​ជា​មាន​ការថយចុះ​បើ​ធៀប​នឹង​ការបោះឆ្នោត​​​មុនៗ​ក៏​ដោយ។ ​នេះ​បណ្តាល​មកពី​ភាព​លម្អៀង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចំពោះ​បក្ស​នយោបាយ។ ដូច្នេះ គន្លឹះ​សំខាន់​សម្រាប់​បំបាត់​ការរើសអើង​នយោបាយ​គឺ​ការពង្រឹង​អព្យាក្រឹតភាព​របស់​អាជ្ញាធរ​មូលដ្ឋាន។

ផ្សាយពាណិជ្ជកម្ម

នៅកម្ពុជា ការរើសអើង​នយោបាយ​ក្នុង​ចំណោម​អ្នក​ដែល​មាន​និន្នាការ​ផ្សេង​គ្នា​នៅ​តែ​ជា​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ។ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ជាង​នេះ​ទៅ​ទៀត​នោះគឺ ការរើស​អើង​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​តែម្តង។ ជាទូទៅ សកម្មភាព​នយោបាយ​ក្រៅពី​បក្ស​កាន់​អំណាច ជាពិសេស​សកម្មភាព​របស់​បក្ស​ប្រឆាំង​តែម្តង​ប្រព្រឹត្ត​ទៅ​ក្រោម​ក្រសែភ្នែក​​ដ៏តឹង​រ៉ឹង​របស់​អាជ្ញាធរ។ តឹងរ៉ឹង​ពីព្រោះ​តែ​ពួក​គេ​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ប្រជាប្រិយភាព​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ដែល​នាំ​ឲ្យ​ថ្នាក់​លើ​ស្តី​បន្ទោស។ ការព្រួយបារម្ភ​នេះ​ហើយ​ ដែល​បណ្តាល​ឲ្យ​អាជ្ញាធរ​ខ្លះ​បាន​រារាំង ​ឬ​រំខាន ពិធី​ជួបជុំ​របស់​គណបក្ស​ផ្សេង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។

 
តាមពិត​ទៅ​ទង្វើ​បែប​នេះ​ទៅ​វិញ​ទេ​ដែល​នាំ​ឲ្យ​អាជ្ញាធរ​បាត់បង់​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​នោះ​ ពីព្រោះ​សូម​កុំភ្លេច​ថា នៅ​ពេល​ដែល​មាន​បញ្ហា​កើត​ឡើង​ម្តងៗ រូបភាព​អវិជ្ជមាន​ដែល​កើត​ចេញ​ពី​សកម្មភាព​ខុសឆ្គង​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ប្រជាប្រិយភាព​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វា​ក៏​បាន​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​រដ្ឋាភិបាល​ផង​ដែរ។ នេះ​ប្រហែល​ជា​មូលហេតុ​ដែល​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​អំពាវនាវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​សម្រួល​សកម្មភាព​នយោបាយ​របស់​គណបក្ស​នានា​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។ ប៉ុន្តែ ទោះ​ជា​មាន​ការអំពាវនាវ ក៏​ការរំខាន​នៅ​តែ​កើត​មាន​ជា​ហូរហែ។

ពិតហើយ​ថា​ការរំខាន​សកម្មភាព​របស់​លោក​ កឹម សុខា រយៈពេល​ចុង​ក្រោយ​នេះ​កើត​ចេញ​ពី​រឿងរ៉ាវ​ផ្សេងៗ​គ្នា ប៉ុន្តែ ដោយសារ​តែ​បញ្ហា​បាន​កើត​ឡើង​ក្នុង​ខណៈ​ដែល​បញ្ហា​នយោបាយ​កំពុង​ឡើង​កម្តៅ ដូច្នេះ រឿងរ៉ាវ​ទាំងនេះ​ងាយ​នឹង​ធ្វើ​ឲ្យ​គេ​ចង​ភ្ជាប់​នឹង​បញ្ហា​នយោបាយ​យ៉ាង​ខ្លាំង។ ​ប៉ុន្តែ ការព្យាយាម​ភ្ជាប់​បញ្ហា​គ្រប់​យ៉ាង​ទៅ​នឹង​រឿង​នយោបាយ​ដើម្បី​គេច​វេស​ពី​ការ​ទទួល​ខុសត្រូវ​ក៏​​ជា​ទម្លាប់​មិន​ល្អ​មួយ​ដែល​គួរ​តែ​បញ្ចប់​ដែរ​ ពីព្រោះ​វា​ជា​ប្រភព​នៃ​បញ្ហា​ដ៏​ស្មុគ​ស្មាញ​ពិបាក​ដោះស្រាយ​មួយ​ដែរ។

យ៉ាងណាក៏ដោយចុះ ប្រសិន​បើ​គេ​ដក​ករណី​លោក​ កឹម សុខា ទុក​មួយ​អន្លើ​សិន​ក្តី ក៏​ការរើស​អើង​នយោបាយ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ចំពោះ​បក្ស​ក្រៅ​រដ្ឋាភិបាល​នៅ​តែ​កើត​មាន​នៅ​ឡើយ​ដែរ។ មូលហេតុ គឺ​ដោយសារ​តែ​ភាព​លម្អៀង​របស់​អាជ្ញាធរ​ទៅ​រក​គណបក្ស​កាន់​អំណាច។​ ត្រង់​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​ចាំបាច់​នៃ​ការពង្រឹង​អព្យាក្រឹតភាព​របស់​អាជ្ញាធរ។

ជាការពិតណាស់ រដ្ឋាភិបាល​បាន​និង​កំពុង​ខិតខំ​ខ្លាំង​ណាស់ ដើម្បី​កសាង​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ។ ប៉ុន្តែ បញ្ហា​មួយ​ចំនួន​ធំ​ដែល​បង្ក​ជា​ឧបសគ្គ​សម្រាប់​ការ​សម្រេច​គោលដៅ​របស់​រដ្ឋាភិបាល គឺ​កើត​ឡើង​ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​ទៅ​វិញ។ បញ្ហា​ដីធ្លី ការ​ទារ​ប្រាក់​កម្រៃ​សេវាកម្ម​ផ្សេងៗ​ពី​ប្រជាពលរដ្ឋ ឬ​ក៏​ការរើសអើង​នយោបាយ​សុទ្ធ​សឹង​ជា​ទម្លាប់​ដុះស្លែ​ដែល​ពិបាក​នឹង​កែប្រែ។ សកម្មភាព​ទាំងនេះ ប្រាកដ​ណាស់​ថា វា​មិនមែន​ជា​ការចង់​បាន​របស់​រដ្ឋាភិបាល​ថ្នាក់​ជាតិ​ឡើយ។ ប៉ុន្តែ ការបណ្តែត​បណ្តោយ​ឲ្យ​មាន​បញ្ហា​ទាំង​នេះ ទោះ​ជា​ដោយ​ចេតនា ឬ​អចេតនា​ក្តី ពិត​ជា​មិន​អាច​កាត់ផ្តាច់​បាន​ពី​កំហុស​ឆ្គង​របស់​រដ្ឋាភិបាល​ឡើយ។

សម្រាប់​ក្រុម​អ្នកវិភាគ និង​តាមដាន​ស្ថានការណ៍​នយោបាយ​ប្រទេស​កម្ពុជា នៅ​ក្នុង​បរិបទ​នៃ​ដំណើរ​ការវិវឌ្ឍន៍​នៃ​លទ្ធិប្រជាធិបតេយ្យ​ដូច​បច្ចុប្បន្ន​នេះ ការបើក​ចំហ​គឺ​ជា​រឿង​សមស្រប​ជាង​ការ​រាំង​ខ្ទប់ ពីព្រោះ​ថា ​ការប្រឡង​ប្រណាំង​គ្នា​ដើម្បី​ការពារ​ប្រយោជន៍​ពលរដ្ឋ​នៅ​ក្នុង​ទី​ភ្លឺ​គឺ​ជា​វិញ្ញាសា​ពិត​មួយ​ដែល​មិន​អាច​ចៀសវាង​បាន។ ផ្ទុយទៅវិញ ការរាំងខ្ទប់​ជា​មធ្យោបាយ​ដែល​ហួស​សម័យ​ទៅ​ហើយ​នៅ​ក្នុង​​សម័យកាល​ដែល​គេ​ប្រើប្រាស់​សន្លឹកឆ្នោត​ជា​អាវុធ និង​ជា​ពិសេស​ក្នុង​ដំណាក់កាល​ដែល​ប្រជាពលរដ្ឋ​កាន់​តែ​យល់​ដឹង​ច្រើន​ជាង​មុន​អំពី​សិទ្ធិ​បោះឆ្នោត។

ប៉ុន្តែ អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ហាក់​ដូច​ជា​ដើរ​មិន​ទាន់​សភាពការណ៍ ​ហើយ​នៅ​តែ​រំពឹង​ទុក​ដោយ​ខុស​ឆ្គង​ថា​ខ្លួន​អាច​ទទួល​ផល​ពី​ការ​គាប​សង្កត់។ ទស្សនៈ​ហួស​សម័យ​នេះ​គួរ​តែ​ត្រូវ​បាន​​ផ្លាស់ប្តូរ​ជា​ចាំបាច់​ដើម្បី​ពង្រឹង​អព្យាក្រឹតភាព​របស់​អាជ្ញាធរ​ឲ្យ​ទៅ​ជា​អ្នក​បម្រើ​ពលរដ្ឋ​គ្រប់គ្នា និង​ស្មើ​ភាព​គ្នា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI