កម្ពុជា

រដ្ឋាភិបាល​បក​ស្រាយ​រឿង​បក្ស​កាន់​អំណាច​មិន​ចុះ​ហត្ថលេខា​ប្រឆាំង​អំពើ​ពុករលួយ

សារ​អប់រំ​ប្រឆំាង​អំពើ​ពុករលួយ
សារ​អប់រំ​ប្រឆំាង​អំពើ​ពុករលួយ RFI/Navin Im

អវត្តមាន​របស់​គណបក្ស​កាន់​អំណាច​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចសន្យា​ប្រឆាំង​អំពើ​ពុករលួយ​កាលពី​ថ្ងៃ​ពុធ បាន​ធ្វើ​ឲ្យ​មាន​ការរិះគន់​ថា គណបក្ស​នេះ​គ្មាន​ឆន្ទៈ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ច្រាន​ចោល​ការ​រិះ​គន់​នេះ។

ផ្សាយពាណិជ្ជកម្ម

ឆ្លើយតប​ទៅ​នឹង​សំណួរ​អ្នក​សារព័ត៌មាន និង​ការផ្សាយ​របស់​កាសែត Cambodia Daily និង កាសែត​ភ្នំពេញ​ប៉ុស្តិ៍​​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លង​ទៅ​នេះ ហេតុអ្វី​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​ចុះ​ហត្ថលេខា​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ លោក ខៀវ កាញារិទ្ធិ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​បាន​បំភ្លឺ​ថា ការផ្សាយ​នោះ គឺ​ជា​ការភ័ន្ត​ច្រលំ។

 
លោក​រដ្ឋមន្ត្រី ខៀវ កាញារិទ្ធ ពន្យល់ថា ការផ្សាយ​របស់​កាសែត Cambodia Daily គ្រាន់​តែ​និយាយ​ថា​គណបក្ស​ប្រជាជន​មិន​បាន​ចុះ​ហត្ថលេខា ដោយសារ​មិនមាន​វត្តមាន ក៏ប៉ុន្តែ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ផ្សាយ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ចុះ​ហត្ថលេខា គឺ​មាន​ន័យ​ថា​មិន​ព្រម​ចុះ​ហត្ថលេខា​តែ​ម្តង។

លោក ខៀវ កាញារិទ្ធ បានបញ្ជាក់ថា រដ្ឋាភិបាល​អាណត្តិ​នេះ បាន​ដើរ​តាម​គោល​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ឈ្នះ​ឆ្នោត នៅ​ក្នុង​គោល​នយោបាយ​របស់​គណបក្ស​បាន​បញ្ជាក់​រួច​ហើយ​ពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ហេតុដូច្នេះ​ពេល​ដែល​បោះឆ្នោត​ហើយ រដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅ​ឆ្នាំ ២០១០ ច្បាប់​លាង​លុយ​កខ្វក់​នៅ​ឆ្នាំ ២០០៧ ការត្រួតពិនិត្យ​អភិបាលកិច្ច​ល្អ ការបង្កើត​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។

លើសពី​នេះ​លោក ខៀវ កាញារិទ្ធ បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចុះ​អនុស្សារណៈ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​រួច​ហើយ ព្រម​ទាំង​ចុះ​ហត្ថលេខា​ជាច្រើន​ទៀត ក្នុង​នោះ​ជាមួយ​នឹង​យុទ្ធនាការ​ក្រោម​ជំនួយ​ប្រទេស ស៊ុយអែដ ប្រទេស​កម្ពុជា​ក៏​បាន​ចូល​ជា អនុសញ្ញា អង្គការ​សហប្រជាជាតិ ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​។ល។និង។ល។​ដោយ​យល់​ឃើញ​ថា គណបក្ស​ប្រជាជន​បាន​ចុះ​ហត្ថលេខា​ស្តីពី​ការប្រឆាំង​អំពើ​ពុករលួយ​ច្រើន​ជាង​អ្វី​ដែល អង្គការ​សង្គម​ស៊ីវិល​បាន​ធ្វើ ហេតុនេះ​ហើយ​ទើប​គណបក្ស​ប្រជាជន​មិន​បញ្ជូន​មនុស្ស​ឲ្យ​ចូលរួម។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​ដែល​បាន​រៀបចំ​កម្មវិធី​ចុះ​ហត្ថលេខា​សម្រាប់​គណបក្ស​នយោបាយ​ទាំងអស់ មុន​នឹង​ការបោះឆ្នោត​មក​ដល់​នោះ មិនមាន​ប្រតិកម្ម​អ្វី​តបត​នឹង​ការថ្លែង​របស់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​ទេ គ្រាន់តែ​និយាយ​ថា ការចុះ​ហត្ថលេខា​នេះ​គឺ​ជា​ប្រវត្តិសាស្ត្រ ហើយ​អវត្តមាន​របស់​គណបក្ស​ប្រជាជន​ក៏​ជា​ប្រវត្តិសាស្ត្រ​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI