គ.ជ.ប. ស្នើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក លក់ម៉ោងដល់គណបក្សទាំងអស់ឱ្យស្នើភាពគ្នា
ចុះផ្សាយនៅថ្ងៃ៖
ខណៈដែលការឃោសនាបោះឆ្នោតអាណត្តិទី៥ នៅសល់តែជាងមួយសប្តាហ៍ទៀតតែប៉ុណ្ណោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅព្រឹកថ្ងៃសុក្រទី១៤ មិថុនា បានអំពាវនាវឱ្យស្ថានីយ៍វិទ្យុទូរទស្សន៍ទូទាំងប្រទេស ធ្វើការលក់ម៉ោងដល់គ្រប់គណបក្សនយោបាយទាំងអស់ឱ្យបានស្មើភាពគ្នា និងមិនរើសអើងចំពោះគណបក្សណាមួយឡើយ។
អគ្គលេខា គ.ជ.ប. លោក ទេព នីថា បានឱ្យដឹងថា គណបក្សនយោបាយទាំងអស់ដែល គ.ជ.ប. បានទទួលស្គាល់ មានសិទ្ធិជួលម៉ោងផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកស្មើៗគ្នា។ ស្មើៗគ្នាគឺ ស្ថានីយ៍ប្រព័ន្ធផ្សព្វផ្សាយណាមួយទាំងវិទ្យុ ទូរទស្សន៍ ជាដើម មិនអាចជួលផ្តាច់មុខឱ្យតែគណបក្សនយោបាយណាមួយឡើយ។
ការជួលម៉ោងផ្សាយរបស់គណបក្សនយោបាយទាំងអស់ គឺមានតំលៃស្មើគ្នាដោយមិនរើសអើងចំពោះបក្សប្រឆាំង ឬបក្សកាន់អំណាចនោះទេ។
គួររំលឹកថា សង្គមស៊ីវិល តែងតែរិះគន់ថា ការឃោសនាបោះឆ្នោតនៅកម្ពុជា មានលក្ខណៈលម្អៀងទៅកាន់គណបក្សកាន់អំណាច ព្រោះគណបក្សកាន់អំណាច មានប្រព័ន្ធផ្សព្វផ្សាយដូចជា ទូរទស្សន៍ និងវិទ្យុ ក្នុងដៃជាច្រើនដែលជួយបម្រើការឃោសនារបស់ខ្លួន។
ទាក់ទិននឹងការអំពាវនាវរបស់គជប ដែលឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ លក់ម៉ោងផ្សាយដល់គ្រប់បក្សនយោបាយស្មើៗគ្នានោះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឱ្យដឹង លោកមិនរំពឹងថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជាពិសេស ទូរទស្សន៍ក្នុងស្រុកនឹងលក់ម៉ោងដល់គណបក្សសង្គ្រោះជាតិនោះទេ។ ព្រោះការបោះឆ្នោតអាណត្តិទី៤ កន្លងទៅ គ្មានស្ថានីយ៍ទូរទស្សន៍ណាមួយ ផ្តល់ម៉ោងឱ្យគណបក្សលោកទេ បើផ្តល់ឱ្យ ក៏មានតម្លៃថ្លៃហួសការកំណត់ដែរ។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ថា សម្រាប់ការឃោសនា នៅអាណត្តិទី៥នេះ គណបក្សសង្គ្រោះជាតិ នឹងទិញម៉ោងផ្សាយក្នុងស្ថានីយ៍ទូរទស្សន៍ធំៗ សម្រាប់ការផ្សាយគោលនយោបាយរបស់ខ្លួនផងដែរ។
តែទោះបីជាមានការអំពាវនាវរបស់ គ.ជ.ប. ឱ្យប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកទាំងអស់ លក់ម៉ោងផ្សាយដល់គ្រប់គណបក្ស ក្នុងរយៈកាលនៃការឃោសនាបោះឆ្នោត ដែលចាប់ពីថ្ងៃ២៧ មិថុនាខាងមុខនេះ ក៏ដោយ ក៏លោក យឹម សុវណ្ណ បានអះអាងថា លោកគ្មានសង្ឃឹមថាប្រព័ន្ធផ្សព្វផ្សាយដែលជាស្និទ្ធនឹងបក្សកាន់អំណាចនោះ នឹងផ្តល់ម៉ោងផ្សាយដល់បក្សលោកឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ