កម្ពុជា

កម្ពុជា​នឹង​គោរព​តាម​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ឡាអេ

លោកស្រីBokova ​នាយិកា​អង្គការ​យូនេស្កូ ជួប​ជាមួយ​លោក​ប្រមុខការទូត​កម្ពុជា
លោកស្រីBokova ​នាយិកា​អង្គការ​យូនេស្កូ ជួប​ជាមួយ​លោក​ប្រមុខការទូត​កម្ពុជា ©Reuters

ក្នុង​ជំនួប​ជាមួយ អគ្គនាយិកា​អង្គការ​បេតិកភណ្ឌពិភពលោក នៅព្រឹកថ្ងៃចន្ទ ទី១៧ មិថុនា នេះ នៅ​ក្រសួង​ការបរទេស នៅទីក្រុង​ភ្នំពេញ ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំហុង បាន​ប្រាប់​លោកស្រី​អគ្គនាយិកា​អង្គការ​បេតិកភណ្ឌ​ពិភពលោក​ថា កម្ពុជា នឹង​គោរព​តាម​សេចក្តីសម្រេច​របស់​តុលាការ​អន្តរជាតិ​ទីក្រុងឡាអេ ស្តី​ពី​ជម្លោះ​ប្រាសាទ​ព្រះវិហារ។

ផ្សាយពាណិជ្ជកម្ម

 

លោក ហោ ណាំហុង ប្រមុខ​ការទូត​កម្ពុជា បាន​រំលឹក​ជា​ថ្មី​ថា កម្ពុជា​នឹង​គោរព​តាម​សេចក្តី​សម្រេចចិត្ត របស់​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ បើទោះបី​ជាលទ្ធផល​នៃ​សេចក្តី​សម្រេច​នោះ​យ៉ាងណា​ក៏ដោយ។ ការបញ្ជាក់​សា​ជា​ថ្មី​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា នៅថ្ងៃនេះ គឺ​ធ្វើឡើង​ក្នុង​ជំនួប​បិទ​ទ្វារ​ជាមួយ​លោកស្រី អគ្គ​នាយិកា​អង្គការ​បេតិកភណ្ឌ​ពិភពលោក Irina Bokova។ លោក ស្រី Bokova ដែល​មកដល់​កម្ពុជា ដើម្បី​ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី ៣៧។

គួរ​រំលឹក​ថា កាលពី​ខែ​មេសា ឆ្នាំ២០១១ កន្លង​ទៅ កម្ពុជា​បាន​ដាក់​ពាក្យបណ្តឹង​ទៅកាន់​តុលាការ​អន្តរជាតិ ទីក្រុង​ឡាអេ ដើម្បី​ឱ្យ​តុលាការ​អន្តរជាតិ​មួយនេះ បកស្រាយ​សាលក្រម​១៩៦២ ស្តីពី​បញ្ហា​ប្រាសាទ​ព្រះវិហារ​ឡើវិញ។ ព្រះវិហារ​ដែល​បង្ក​ឲ្យ​កម្ពុជា និងថៃ ​ផ្ទុះអាវុធ​ដាក់​គ្នា នាពេល​កន្លងមក បន្ទាប់ពីថៃ​បាន​ប្រើ​កម្លាំង​កងទ័ព​ឈ្លានពាន​ចូលមក​ទឹកដី​កម្ពុជា កាល​ពី​ឆ្នាំ ២០០៨។

ជា​ការឆ្លើយតប លោកស្រី​អគ្គនាយិកា​យូនីស្កូ បាន​អបអរ​សាទរ​ចំពោះ​ការសម្រេចចិត្ត​របស់​ប្រមុខ​ដឹកនាំ​កម្ពុជា និង​ថៃ ក្នុង​ការថែរក្សា​សន្តិភាព​ជាមួយ​គ្នា ព្រោះ ក្នុងនាម​ជា​អង្គការ​ថែរក្សា​បេតិកភណ្ឌ​ពិភពលោក យូនេស្កូ​ចង់​ឱ្យ​សម្បត្តិ​វប្បធម៌​ពិភពលោក នៅ​គ្រប់ទី​កន្លែង​ជៀស​ផុត​ពី​ការបំផ្លាញ​ដោយអាវុធ។
គួរ​បញ្ជាក់​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​ទី​ក្រុងឡាអេ​នឹង​ចេញសេចក្តី​សម្រេច​របស់ខ្លួន ក្នុង​ការបកស្រាយ​សាលក្រម ឆ្នាំ​១៩៦២ សា​ជាថ្មី នៅចុង​២០១៣​ខាងមុខនេះ បន្ទាប់ពី ​កម្ពុជា និង​ថៃ​បាន​តទល់​គ្នា នៅ​តុលាការ​ក្រុងឡាអេ កាលពី​ខែមេសា​កន្លងទៅ។

តែទោះ​ជាយ៉ាងណា​ លោក​ប្រមុខ​ការទូត​កម្ពុជា ហោ ណាំហុង បាន​បញ្ជាក់​ថា ប្រាសាទ​ព្រះវិហារ​ដែល​អង្គការ​យូនីស្កូ​បាន​ទទួល​ស្គាល់ កាលពី​ឆ្នាំ ២០០៨​នោះ គ្មាន​មូលហេតុ​ណា​មួយ​ជា​របស់​ថៃ​នោះ​ទេ ព្រោះ​ប្រាសាទ​នេះស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI