កម្ពុជា

UNISCO បារម្ភ​ពី​ការសម្លាប់​សត្វព្រៃ​នៅ​ឧទ្យាន​បេតិកភណ្ឌ​នៅ​អាហ្វ្រិក​ខាងត្បូង

កិច្ច​ប្រជុំ​របស់​អង្គការ​យូណេស្កូ​នៅ​ទីក្រុង​ភ្នំពេញ
កិច្ច​ប្រជុំ​របស់​អង្គការ​យូណេស្កូ​នៅ​ទីក្រុង​ភ្នំពេញ ©ទីស្តីការ​គណៈរដ្ឋមន្រ្តី

សម័យ​ប្រជុំ​ពេញ​អង្គលើក​ទី ៣៧ របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​កំពុង​តែបន្ត​ប្រព្រឹត្ត​ទៅ​នៅទីស្តីការ​គណៈរដ្ឋមន្ត្រី នាទីក្រុងភ្នំពេញ​នៅថ្ងៃ​ចន្ទទី ១៧ មិថុនា ២០១៣។ កិច្ចប្រជុំ​ផ្តោត​ទៅលើ​ការអភិរក្ស​សម្បត្តិ​បេតិកភណ្ឌ នៅអាហ្វ្រិក​ខាងត្បូង និង​ក៏​មាន​ការតាំង​ពិព័រណ៍​​បង្ហាញ​សម្បត្តិបេតិកភណ្ឌ​របស់​ប្រទេស​ហ្វីលីពីន និង​ជប៉ុន​ផងដែរ។  

ផ្សាយពាណិជ្ជកម្ម

 

គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ ការសម្លាប់​សត្វ នៅឧទ្យាន​ធម្មជាតិ​របស់​អាហ្វ្រិក​ខាងត្បូង។ នេះបើ​តាម លោក ឯក ថា អ្នកនាំពាក្យ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើកទី៣៧​នៅថ្ងៃចន្ទ​ទី១៧ មិថុនា។

ការព្រួយ​បារម្ភ​របស់​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​នេះ គឺ​ដោយសារ​តែ​សត្វព្រៃ នៅក្នុង​ឧទ្យានuKhahlamba / Drakensberg Park របស់​អាហ្វ្រិក​ខាងត្បូង ដែលស្ថិត​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នោះ ត្រូវ​រង​ការបាញ់សម្លាប់។ ការបាញ់សម្លាប់​នេះដែល​ខូចខាត​ដល់​បេតិកភណ្ឌ​ធម្មជាតិ​របស់​ពិភពលោក។

ក្នុង​កិច្ចប្រជុំ នៅថ្ងៃល្ងាច​ថ្ងៃចន្ទនេះ រវាង​គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក​ និង រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ របស់​អាហ្វ្រិក​ខាងត្បូងនោះ លោកឯក ថា បាន​ឱ្យដឹង​ថា ការប្រជុំនេះ នឹង​លើក​ទឹកចិត្ត ក៏​ដូចជា​ផ្តល់យោបល់​ដល់​រដ្ឋ​អាហ្វ្រិកខាងត្បូង​ដើម្បី​ការពារ និង​អភិរក្ស​តំបន់​ឧទ្យាន​ការពារ​សត្វព្រៃ​របស់ UNISCO​នេះ​ឱ្យកាន់តែ​មាន​លក្ខណៈ​ល្អប្រសើរ។

គួរ​បញ្ជាក់​ថា លោកស្រី IRANA BOKOVA អគ្គ​នាយិកា​អង្គការ​យូណេស្កូ ក្នុង​សន្និសីទ​សារព័ត៌មាន នៅថ្ងៃ​ចន្ទ​ទី១៧ មិថុនានេះ នៅវិមាន​សន្តិភាព​ក្រុងភ្នំពេញ បាន​បញ្ជាក់​ថា កិច្ចប្រជុំ បេតិកភណ្ឌ​ពិភលោក​លើកទី៣៧​នេះ មានសារៈសំខាន់​ណាស់។ មាន​សារៈសំខាន់​ព្រោះ កិច្ចប្រជុំ​នេះ គឺ​ផ្តោត​លើ​ការអភិវឌ្ឍន៍ ជាចេរភាព នូវ​បេតិកភណ្ឌ​វប្បធម៌ និង​ការដោះស្រាយ នៃ​បញ្ហា​ប្រឈម រួម​ទាំង​ការការពារ និង​ការអភិរក្ស​សម្បតិ្ត​បេតិកភណ្ឌ និង​ចុងក្រោយ គឺ​បញ្ហាថវិកា​សម្រាប់​ការអភិវឌ្ឍ​សម្បតិ្ត​បេតិកភណ្ឌ​ដែលមាន​ស្រាប់​កន្លងមក។

ក្រៅពី​កិច្ចប្រជុំ រវាង​គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក​ នឹង រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ របស់​អាហ្វ្រិក​ខាងត្បូង​នោះ ក៏​មាន​ដែរ ការដាក់​បង្ហាញ​ពិព័រណ៍​របស់​ប្រទេសហ្វីលីពីន និង​ប្រទេស​ជប៉ុន​ផងដែរ។

កិច្ចប្រជុំ​លើកទី៣៧ នៃគណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ បាន​បើក​ថ្ងៃទី ១៦ មិថុនា នៅ​ទីក្រុង​ភ្នំពេញ ហើយ​និង​បិទបញ្ចប់​ទៅវិញ នៅ ថ្ងៃទី២៧ មិថុនា នៅខេត្ត​សៀមរាប។ កិច្ចប្រជុំ​លើកទី៣៧នេះ មាន​ការ​ចូលរួម​ពី​សំណាក់​ប្រតិភូ​ជាង​១៣០០នាក់ មកពី​១២៨ប្រទេស​ដែលជា​សមាជិក​អនុសញ្ញា​ឆ្នាំ១៩៧២ ស្តីពី​ការការពារ​បេតិកភណ្ឌ​ពិភពលោក វប្បធម៌ និង​ធម្មជាតិ​នៃ​អង្គការ​យូណេស្កូ។

នៅក្នុង​កិច្ចប្រជុំ​ដែល​កម្ពុជា ជា​ម្ចាស់ផ្ទះ​នេះ  សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ​ចំនួន៣១ ដែល​មកពី​ប្រទេស​នានា​លើ​ពិភពលោក​នឹងត្រូវ​ស្នើសុំ​ចុះ​បញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI