កូដកម្មបុគ្គលិកសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលត្រូវបានបង្ក្រាប
ចុះផ្សាយនៅថ្ងៃ៖
បុគ្គលិកសណ្ឋាគារ និងកាស៊ីណូណាហ្គាវើលដែលមានទីតាំងនៅខាងកើតវិមានឯករាជ្យក្រុងភ្នំពេញ ដែលបាននាំគ្នាធ្វើកូដកម្មរយៈពេល៦ថ្ងៃមកហើយនោះត្រូវបានសមត្ថកិច្ចបង្ក្រាប ហើយនៅរសៀលថ្ងៃអង្គារនេះ។ តំណាងកូដករជាច្រើននាក់ត្រូវបានចាប់ខ្លួន។
បុគ្គលិកបម្រើការងារជាច្រើនផ្នែកនៅសណ្ឋាគារនិងកាស៊ីណូណាហ្គាវើល ដែលបាននាំគ្នាបោះជំរុំធ្វើកូដកម្មចាប់តាំងពីថ្ងៃទី១៣ ខែមិថុនាមកនោះ ត្រូវបានបំបែកហើយនៅរសៀលថ្ងៃអង្គារទី១៨មិថុនា។ ក្រុមប៉ូលិសបង្ក្រាបបាតុកម្មប្រដាប់ដោយដំបងនិងខែលបានប្រើកម្លាំងបង្ក្រាបលើក្រុមកូដករ ដើម្បីរុញច្រានពួកគេឲ្យចេញពីទីបោះជំរំ។ តំណាងសហជីព និងបុគ្គលិកជាច្រើននាក់ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមប្រភពពីសហជីព។
គួររម្លឹកថា ក្រុមបុគ្គលិកទាំងនោះបានជួបជុំគ្នានៅលើសួនច្បារពីមុខកន្លែងធ្វើការរបស់ខ្លួនកាលពីថ្ងៃទី១៣មិថុនាមក ដើម្បីទាមទារឲ្យក្រុមហ៊ុនគោរពសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដោយភ្ជាប់នូវលក្ខខណ្ឌការងារមួយចំនួន។ ក្រុមកូដករបាននាំគ្នាបោះតង់ធំៗនិងឈរស្រែកមេក្រូទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ។
លោក សុខ ណារិទ្ធ ប្រធានសម្ព័ន្ធសហជីពកម្មករ និយោជិត វិស័យទេសចរណ៍សេវាកម្មកម្ពុជា ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនដែរនោះ ធ្លាប់បានប្រាប់វិទ្យុបារាំងអន្តរជាតិថាក្រុមបុគ្គលិកទាំងនោះបានទាមទារ៣ចំណុចទាក់ទងទៅនឹងសិទ្ធិក្នុងការបំពេញការងារ និងការទទួលបានអត្ថប្រយោជន៍ ដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលបានបង្គាប់កាលពីខែកុម្ភៈកន្លងទៅនេះ។
ភ្ជាប់ជាមួយនឹងការទាមទារឲ្យមានការស្តាប់ការបង្គាប់សេចក្តីសម្រេចរបស់អាជ្ញាកណ្តាលនេះ ក្រុមបុគ្គលិកក៏បានស្នើផងដែរ ដល់ក្រុមហ៊ុនឲ្យតម្លើងប្រាក់ឈ្នួលដល់ពួកគេឲ្យដល់ ១៥០ ដុល្លារចំពោះបុគ្គលិកណាដែលមានប្រាក់ឈ្នួលតិចជាងនេះ។ ដោយឡែកចំពោះបុគ្គលិកដែលមានប្រាក់ឈ្នួលចាប់ពី ១៥០ដុល្លារអាមេរិកឡើងទៅក្រុមហ៊ុនត្រូវតម្លើងឲ្យ ២០% បន្ថែមទៀត។
ប៉ុន្តែ ការតវ៉ានេះគ្មានដំណោះស្រាយទេ រហូតដល់សមត្ថកិច្ចប្រើកម្លាំងបង្ក្រាបតែម្តង។ មុនពេលបង្ក្រាបនេះ ក្រុមហ៊ុនណាហ្គាវើលបានសុំឲ្យតុលាការចេញដីការក្សាការពារមួយដោយហៅកូដកម្មរបស់បុគ្គលិកថា ជាទង្វើខុសច្បាប់ និងបានអំពាវនាវឲ្យបុគ្គលិកចូលធ្វើការវិញក្នុងរយៈពេល៤៨ម៉ោង។
ប៉ុន្តែ ក្រុមអ្នកតវ៉ាបានបដិសេធថាដីការបស់ក្រុមហ៊ុនមិនត្រូវតាមស្ថានភាពជាក់ស្តែងទេ ពីព្រោះថាការទាមទារនេះទាក់ទងទៅនឹងវិវាទការងារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ