កម្ពុជា

កម្មករ​បាតុកម្ម​បិទ​ផ្លូវ​ជាតិ​លេខ២

កម្មករ​រោងចក្រ​បាន​ប្រមូល ផ្តុំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ២ ថ្ងៃទី១៩ មិថុនា ២០១៣
កម្មករ​រោងចក្រ​បាន​ប្រមូល ផ្តុំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ២ ថ្ងៃទី១៩ មិថុនា ២០១៣ RFI/Siv Channa

កម្មករ​ប្រមាណ​១ ០០០​នាក់ ដែល​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​កាត់ដេរ ​M&V3 ស្ថិត​ក្នុង​​សង្កាត់​ចាក់​​​អង្រែ​ក្រោម នៅ​​ព្រឹក​​ថ្ងៃ​​ពុធ​​នេះបាន​ធ្វើ​​កូដកម្ម​​បិទ​​ផ្លូវ​​ជាតិ​​លេខ​២ ដើម្បី​​ដាក់​​សម្ពាធ​​ឱ្យ​តំណាង​​​រោងចក្រ​​ចេញ​​មក​​ចរចា​ រក​​ដំណោះ​ស្រាយ​​នូវ​លក្ខណ​​ចំនួន​​១១ចំណុច​​ដែល​​ពួក​​គេ​ទាមទារ ក្នុង​​​ការ​​​ធ្វើ​ឱ្យ​​ប្រសើរ​​ឡើង​នូវ​​លក្ខណ​ការងារ​​ក្នុង​រោងចក្រ​របស់ខ្លួន។

ផ្សាយពាណិជ្ជកម្ម

 

ក្រុមកម្មករបាន​ប្រមូលផ្តុំគ្នានៅលើកំណាត់ផ្លូវជាតិលេខពីរ មុខរោងចក្រតាំងពីម៉ោង៧ព្រឹក ហើយបាន​ស្រែក​តាម​ឧបករណ៍​បំពង​សំឡេង ដោយ​ទាមទារ​ឲ្យ​តំណា​ងរោង​ចក្រ​ចេញមក​ជួបចរចារជាមួយ​ពួកគេ​។ ការតវ៉ារបស់ក្រុមកម្មករ បង្កឱ្យចរាចរណ៏របស់​អ្នក​ធ្វើដំណើរ​ទៅ​មក​រវាង​ទីក្រុងតាខ្មៅ និង​ក្រុងភ្នំពេញ​ត្រូវបានជាប់​គាំងជាង២ម៉ោង ប៉ុន្តែ​មិនមាន​ការប៉ះទង្គិចណា​មួយ​រវាង​ក្រុមសមត្ថកិច្ច និង​កម្មករ​តវ៉ា​នោះ​ទេ។

ក្នុងចំណោម១១ចំណុច​ដែល​កម្មករ​ទាមទារ​នោះ រួមមាន ទាមទារ​ឱ្យ​ក្រុមហ៊ុន​កាត់​ប្រាក់រង្វាន់​ទៀងទាត់​តាម​គោលការណ៍​​សមា​មាត្រ​ ដែល​​កម្មករ​​ឈប់​សម្រាក​មានច្បាប់ ផ្តល់ប្រាក់​ទ្រ​ទ្រង់​​សុខភាព​ចំនួន​៥​ដុល្លារ ទាមទារ​ឲ្យ​ក្រុមហ៊ុន​បន្ត​កិច្ច​សន្យា​​ដល់​​កម្ម​ការិនី​​មាន​​ផ្ទៃ​ពោះ​ ដំ​ឡើង​ថ្លៃ​​ដេរ​​ឡូត៍​ និង​បញ្ឈប់​ការប្រើ​ពាក្យអសុរស​ជាដើម។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់ក្រុម​កម្មករ​ដែល​បាន​ចែក​ផ្សាយដល់​អ្នកកាសែត។

កម្មការិនី ចាន់ សម្ឆស្ស បានថ្លែងថា ក្រុម​កម្មករ​បាន​ធ្វើកូដកម្ម​អស់រយះពេល​ជាង​២សប្តាហ៍​​មកហើយ នៅក្នុងរោងចក្រ ដើម្បីសុំឲ្យខាងរោងចក្រទទួល​យកនូវ​លក្ខណ​១១ចំណុច ដែល​ក្រុម​កម្មករ​យល់ថា ដើម្បីធ្វើឲ្យប្រសើរឡើងនូវលក្ខណការងារក្នុងរោងចក្ររបស់ខ្លួនធ្វើការ ប៉ុន្តែ ការទាមទារ​ទាំងអស់​នោះ មិនត្រូវបានខាងរោងចក្រយកចិត្តទុកដាក់ ដោះស្រាយ​នោះ​ទេ ទើប​ធ្វើឱ្យ​កម្មករ​សម្រេចចិត្ត នៅ​ព្រឹកថ្ងៃពុធនេះ ធ្វើកូដកម្មបិទផ្លូវតែម្តង។

ទោះយ៉ាងណា ការតវ៉ាដោយបិទផ្លូវជាតិរបស់កម្មកររោងចក្រ​M&V3 ត្រូវ​បាន​រំសាយ​ទៅវិញ​នៅម៉ោង​ប្រមាណជិត១០ព្រឹកនេះ ក្រោយពីមានការស្នើសុំចរចារ​ខាង​រោងចក្រ ដោយ​​មាន​ការ​​ចូល​រួម​​ពី​​មន្ត្រី​ជំនាញ​​ខាង​​ដោះស្រាយ​វិវាទ​ការងារ​របស់​ក្រសួង អាជ្ញាធរ​មូលដ្ឋាន ភាគី​រោងចក្រ និង​តំណាង​កម្មករ ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​រោងចក្រ ដើម្បីស្វែងរកដំណោះស្រាយ។

បែបណាក៏ដោយ កញ្ញា ឈុន ហុង ប្រធានរដ្ឋបាលរោងចក្រ​M&V3 បានប្រាប់វិទ្យុបារាំង​អន្តរជាតិ​ថា ការតវ៉ារបស់កម្មករគឺជាការខុសច្បាប់ ហើយ​បានធ្វើផ្ទុយ​នឹងសេចក្តី​​សម្រេច​របស់​ក្រុម​ប្រឹក្សា​​អាជ្ញា​កណ្តាល​ផង​ដែរ ដែល​បាន​សម្រេច​កាល​ពី​ថ្ងៃទី ១៧កន្លងទៅ​​នេះ​ឱ្យ​​កម្មករ​បញ្ឈប់​កូដកម្ម​​ជា​បន្ទាន់ ហើយឱ្យ​ចូលបំរើការងារធម្មតាឡើងវិញ។ ប្រធានរដ្ឋបាល​រូបនេះ​បាន​ថ្លែង​​បញ្ជាក់​ថា ក្នុង​​ចំណោម​​លក្ខណ​​ទាមទារ​​របស់​កម្មករ១១ចំណុច ខាងរោងចក្រ​ទទួល​​យក​៣ចំណុច​រួចហើយ និងកំពុងស្វែងរក​ដំណោះស្រាយ​បន្តទៀត​ជាមួយក្រុមកម្មករ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI