កម្ពុជា

បក្ស​ប្រឆាំង​ បដិសេធ​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី​រឿង​ជន​អន្តោប្រវេសន៍

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន RFI/Ly Meng Hour

គណបក្ស​សង្គ្រោះជាតិ បាន​ច្រានចោល​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ដែល​ថ្លែង​នៅ​ព្រឹក​ថ្ងៃទី១៩នេះថា ជន​អន្តោប្រវេសន៍​វៀតណាម មិន​មែន​មាន​តែ​ជិត ១០ម៉ឺន​នាក់​នោះ​ទេ គឺ​មាន​ដល់​រាប់​សែន​នាក់។ វត្តមាន​ជនជាតិ​វៀតណាម​នេះ គណបក្ស​សង្គ្រោះជាតិ​អះអាង​ថា ខូច​ផល​ប្រយោជន៍​ជាតិ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ច្រានចោល ពី​ចំនួន​ជន​អន្តោប្រវេសន៍​វៀតណាម​​នៅ​កម្ពុជា ដល់​រាប់​លាន​នាក់​នោះ​នៅ​រសៀល​ថ្ងៃទី​១៩ មិថុនា​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ លោកយឹម សុវណ្ណ បាន​ឱ្យ​ដឹង​ថា​ជន​អន្តោរប្រវេសន៍​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​ពិត​ជា​មាន ដល់​រាប់​សែន រាប់លាន​នាក់​មែន។ 

 
លោក យឹម សុវណ្ណ បាន​បញ្ជាក់​ថា ជនជាតិ​វៀតណាម​ដែល​មក​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​គឺ មាន​នៅ​គ្រប់​ច្រកល្ហក និង​គ្រប់​ទី​កន្លែង​ប្រជុំជន។ តែ​ទោះ​ជា​យ៉ាង​ណា ក៏​ដោយ អ្នក​នាំ​ពាក្យ​គណបក្ស​​សង្គ្រោះជាតិ​រូប​នេះ បាន​ឱ្យ​ដឹង​ថា គណបក្ស​របស់​លោក​គ្មាន​ឯកសារ​មូលដ្ឋាន​អះអាង​ស្តី​ពី​ជនជាតិ​វៀតណាម​ នៅ​កម្ពុជា​នោះ​ទេ។

បើ​តាម​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន គ្មាន​វត្តមាន​ជនជាតិ​វៀតណាម រហូត​ដល់​៤លាន​៥សែន​​នាក់​នៅ​កម្ពុជា​នោះ​ទេ គឺ​មាន​មិន​ដល់ ១០ម៉ឺន​នាក់​ផង។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​ក្នុង​ពិធី​សម្ពោធ​អាគារ​សិក្សា នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្តាល នា​ព្រឹក​ថ្ងៃទី​១៩ ខែ​មិថុនា​២០១៣។

ប្រធាន​បទជន​អន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា គឺ​ជា​ចំនុច​រសើប​បំផុត​មួយ បន្ទាប់​ពី​បញ្ហា​ដែន​អធិបតីភាព​របស់​កម្ពុជា។ ខណៈ​ដែល​ការ​កម្ដៅ​នយោបាយ​មុន​ការ​បោះឆ្នោត​អាណត្តិទី៥​ខាង​នេះ កំពុង​តែ​ពុះ​កញ្ជ្រោល បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម ក៏​ឡើង​កម្ដៅ​ឡើង​វិញដែរ។
 

ទាក់ទិន​នឹង​បញ្ជាជន​អន្តោប្រវេសន៍​នៅ​កម្ពុជា​នេះ​ដែរ លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ ខុមហ្វ្រែល បាន​ឱ្យ​ដឹង​ថា បញ្ហា​ជន​អន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា គឺ​ពិត​ជា​មាន តែ​ចំនួន​នៃ​ជនអន្តោប្រវេសន៍​ទាំង​នោះ មិន​មាន​ចំនួន​ជាក់​លាក់​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក​ចោទ​ជា​សំណួរ​ថា ហេតុ​អ្វី​បាន​ជា​ជនជាតិ​វៀតណាម នៅ​កម្ពុជា មាន​សញ្ជាតិ​កម្ពុជា ហើយ​អាច​បោះឆ្នោត​បាន? បើ​មិន​ដែល​មាន​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​ប្រកាស​ឱ្យ​ចូល​សញ្ជាតិផង​នោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI