កម្ពុជា

គ.ជ.ប. ៖ ទឹកខ្មៅ​សម្រាប់​ការបោះឆ្នោត​មិន​អាច​លុប​ទេ​ទោះ​ដោយ​វិធី​ណា​ក៏​ដោយ

ពិធី​ប្រគល់​ទឹក​ខ្មៅ​សំរាប់​ការ​បោះឆ្នោត​អណត្តិ​ទី​៥ មក​ឱ្យ​ គ.ជ.ប.
ពិធី​ប្រគល់​ទឹក​ខ្មៅ​សំរាប់​ការ​បោះឆ្នោត​អណត្តិ​ទី​៥ មក​ឱ្យ​ គ.ជ.ប. rfi

នៅព្រឹកថ្ងៃទី១៩ មិថុនានេះ អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ទី​ស្នាក់ការ​គជប បាន​និយាយ​ថា ទឹក​ខ្មៅ​លុប​លាង​មិន​ជ្រះ​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​៥ ខាងមុខ​នេះ មិន​អាច​លុប​ចេញ​បាន​ទេ ហើយ​គ្មាន​អ្នកណា​ម្នាក់​អាច​បោះឆ្នោត​បាន​ទី​២​ដង​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

លោក ទេព និថា អគ្គលេខា គ.ជ.ប. បាន​អះអាង​ថា​ទឹក​ថ្នាំ​ខ្មៅ​សម្រាប់​បំរើ​ការបោះឆ្នោត​អាណត្តិ​ទី​៥​ខាង​មុខ​នេះ មិន​អាច​លុប​ជ្រះ​ភ្លាម​ទេ ទោះបី​ជា​វិធី​ណាក៏​ដោយ។ ហើយ​ពលរដ្ឋ​ម្នាក់​មិន​អាច​បោះឆ្នោត​បាន​ពីរ​ដង​ទេ។ មិន​អាច​បោះឆ្នោត​ពីរ​ដង​បាន ព្រោះ​លោក​អគ្គលេខា បញ្ជាក់​ថា ក្រោយ​ពី​ជ្រលក់​ទឹក​ថ្នាំ​ហើយ ដាន​ទឹកថ្នាំ​នឹង​ដិត​ជាប់​នៅ​ផ្នែក​គែម​នៃ​ក្រចក​ដៃ។

 
គួររំលឹកថា នៅ​ទីស្នាក់ការ​គ.ជ.ប. ព្រឹកមិញ​នេះ ទឹកខ្មៅ​ចំនួន​៤​ម៉ឺន​ដប ដែល​មាន​តំលៃ​ជាង ៨៧ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ប្រគល់​ឱ្យ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត សម្រាប់​ដំណើរការ​នៃ​ការបោះឆ្នោត​អាណត្តិ​ទី​៥​ខាងមុខ​នេះ។ អំណោយ​ទឹក​ខ្មៅ​លុបលាង​មិនជ្រះ​របស់​រដ្ឋាភិបាល​ឥណ្ឌា​នោះ ត្រូវ​លោក អឹម សួស្តី ប្រធាន​គ.ជ.ប.​ដែល​ជា​អធិបតី​នៃ​ពិធី​ទទួល​នោះ បាន​បញ្ជាក់​ថា ជា​សម្ភារៈ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​សម្ភារៈ​សំខាន់​ទាំង​៥​ដូចជា សន្លឹកឆ្នោត​ត្រា​សម្ងាត់ បញ្ជី​បោះឆ្នោត​ និង​ហិប​ឆ្នោត​ជាដើម។

ការបោះឆ្នោត​អាណត្តិ​ទី​៥ ខាង​មុខ​នេះ គេ​រំពឹង​ថា​ពលរដ្ឋ​ខ្មែរ​ដែល​គ្រប់​អាយុ​បោះឆ្នោត ប្រមាណ​ជាង​៩​លាន​៦​សែន​នាក់ នឹង​ត្រូវ​បោះឆ្នោត​ជូន​គណបក្ស​ចំនួន​៨ ដែល​គជប ទទួល​ស្គាល់។ ក្នុងនោះ​ក៏​មាន​ដែរ​គេ​កត់​សម្គាល់​ថា ការបោះឆ្នោត​អាណត្តិ​ទី​៥​ខាងមុខ​នេះ គឺ​ជា​ការប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​គណបក្ស​សង្គ្រោះជាតិ​របស់​លោក សម រង្ស៊ី។

ទាក់ទង​នឹង​បញ្ហា​លោក សម រង្ស៊ី នេះ​ដែរ បើ​តាម​លោក ទេព នីថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​បាត់បង់​អាសនៈ​របស់​ខ្លួន​ក្រោយ​រយៈពេល​១៤​ថ្ងៃ​បន្ទាប់​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​បាន​ប្រកាស។ ប្រសិន​បើ​គណបក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ពិត​ជា​មិន​ព្រម​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​អាណត្តិ​ទី​៥​ខាងមុខ ដែល​មិនមាន​ការចូលរួម​ពី​ប្រធាន​គណបក្ស​និរទេស​ខ្លួន លោក សមរង្ស៊ី ។ លោក សម រង្ស៊ី ដែល​អះអាង​កាលពី​ថ្ងៃ​អាទិត្យ​ទី​១៦ មិថុនា​នេះ​តាមរយៈ​វីដេអូ​ខនវើរេន​ពី​ប្រទេស​បារាំង​ថា លោក មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​អាណត្តិ​ទី​៥​ខាង​មុខ​នេះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI