សង្គមខ្មែរកំពុងចាកចេញពីភាពស្ងៀមស្ងាត់ជាបណ្តើរៗ!
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រយៈពេលចុងក្រោយនេះ វប្បធម៌ជជែកពិភាក្សា និងចូលរួមមតិ ហាក់បានកើតឡើងកាន់តែផុលផុសនៅក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។ ការទូរសព្ទ័ទៅកាន់ប៉ុស្តិ៍វិទ្យុ ការចូលរួមសម្តែងមតិក្នុងវេទិកាសាធារណៈនានា និងការរួមគ្នាតស៊ូមតិដើម្បីការពារផលប្រយោជន៍របស់ខ្លួនប្រឆាំងនឹងការរំលោភបំពាននានា សុទ្ធតែជាសកម្មភាពដែលបង្ហាញឲ្យឃើញថា ពលរដ្ឋខ្មែរសម័យបច្ចុប្បន្នមានភាពក្លាហានជាងមុនក្នុងការចូលរួមសម្តែងមតិជាសាធារណៈ។ នេះគឺជាសញ្ញាបញ្ជាក់ថា សង្គមខ្មែរកំពុងតែចាកចេញពីភាពស្ងៀមស្ងាត់ជាបណ្តើរៗហើយ។
ប្រទេសកម្ពុជាដែលបានហែលឆ្លងកាត់ភ្លើងសង្គ្រាមជាច្រើនទសវត្សរ៍ និងជាពិសេសរបបខ្មែរក្រហមដ៏ឃោឃៅ កំពុងចាកចេញបន្តិចម្តងៗពីស្រមោលអតីតកាលដ៏ជូរចត់នេះ។ បើទោះបីជាប្រជាធិបតេយ្យដំណើរការដោយលំបាក ប៉ុន្តែ ពលរដ្ឋខ្មែរបានទទួលផ្លែផ្កាជាណ្តើរៗពីការអនុវត្តប្រជាធិបតេយ្យក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ។
ផ្លែផ្កាដែលគេអាចមើលឃើញមុនគេនោះគឺ ការប្រើប្រាស់សេរីភាពរបស់បុគ្គលម្នាក់ៗ។ជាក់ស្តែង ប្រសិនបើគេបើកប៉ុស្តិ៍វិទ្យុដែលជាប់គ្នារដឹកស្ទើររកចន្លោះគ្មាននោះ ប៉ុស្តិ៍ណាក៏មានអ្នកទូរស័ព្ទចូលទៅជជែកពិភាក្សាក្នុងកម្មវិធីនានាមិនដាច់ដែរ ជាពិសេស ភាគច្រើននៃអ្នកទូរស័ព្ទចូលទាំងនោះគឺជាយុវវ័យ។ ងាកទៅមើលវេទិកាសាធារណៈនានាដែលរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាល ឬបក្សនយោបាយវិញ ក៏មានការចូលរួមសម្តែងមតិយ៉ាងផុលផុសណាស់ដែរ។ លើសពីនេះ នៅពេលមានបញ្ហាដីធ្លី ឬការមិនសប្បាយចិត្តនឹងបញ្ហាអ្វីមួយ កសិករឬកម្មករ តែងតែនាំគ្នាចេញមុខតវ៉ាតាមរយៈការប្រមូលផ្តុំគ្នាធ្វើបាតុកម្មដើម្បីទាមទារឱ្យរដ្ឋាភិបាលឬថៅកែដោះស្រាយបញ្ហាឲ្យពួកគេ។ នេះមិនទាន់និយាយដល់បណ្តាញសង្គមហ្វេសប៊ុកដែលជាវេទិកាបញ្ចេញមតិដ៏ពេញនិយមរបស់យុវវ័យនោះផងទេ។
ជាការពិតណាស់ ពលរដ្ឋខ្មែរត្រូវបានគេចាត់ទុកថា ជាអ្នកដែលចូលចិត្តភាពស្ងៀមស្ងាត់មិនសូវហ៊ានចេញមុខជជែក ពិភាក្សាជាចំហនៅក្នុងជំនុំចំណោមនោះឡើយ ជាពិសេសគឺស្ត្រី និងយុវជនតែម្តង។ មានហេតុផលច្រើន យ៉ាងដែលអាចពន្យល់បញ្ហានេះបាន ក្នុងនោះមូលហេតុសំខាន់ពីរដែលគួរឱ្យកត់សម្គាល់។
មូលហេតុទី១៖ គឺទំនៀមទម្លាប់ប្រពៃណី ពោលគឺកើតមកក្នុងប្រទេសមួយដែលមានទំនៀមទម្លាប់ប្រពៃណីតឹងរ៉ឹង ឪពុកម្តាយខ្មែរតែងប្រៀនប្រដៅកូនចៅកុំឱ្យតមាត់ជាមួយមនុស្សចាស់ឬរៀមច្បង ជាពិសេសគឺកូនស្រីតែម្តងដែលត្រូវធ្វើខ្លួនឱ្យដូចជាសំពត់ក្នុងផ្នត់។ ផ្ទុយពីប្រទេសជឿនលឿនដែលគេបង្ហាត់ក្មេងតាំងពីតូចៗឱ្យចេះជជែកពិភាក្សារកហេតុផល តែក្នុងសង្គមខ្មែរ ក្មេងដែលចេះតមាត់ជាមួយមនុស្សចាស់ ឬរៀមច្បងត្រូវគេចាត់ទុកថាគឺជាក្មេងមិនល្អឡើយ។
មូលហេតុទី២៖ ការដឹកនាំប្រទេសច្រើនតែអនុវត្តនយោបាយបិទខ្ទប់ប្រជាពលរដ្ឋមិនឱ្យចេះដឹងរឿងប្រទេសជាតិ។ អ្នកនយោបាយបានបង្រៀនពលរដ្ឋរបស់ខ្លួនថា រឿងប្រទេសជាតិទុកឱ្យអ្នកនយោបាយដោះស្រាយ។ ធ្ងន់ធ្ងរបំផុត នៅក្នុងរបបខ្មែរក្រហម ពួកមេដឹកនាំអាវខ្មៅថែមទាំងបានបង្រៀនពលរដ្ឋខ្មែរឱ្យ«ដាំដើមគ»ទៀតផង ពោលគឺអ្នកណាហ៊ានតវ៉ានឹងត្រូវគេកម្ទេចចោល។ អំពើដ៏សាហាវព្រៃផ្សៃនេះបានធ្វើឱ្យវប្បធម៌ជជែកពិភាក្សាដែលកំពុងតែខ្សត់ខ្សោយស្រាប់ផងនោះរឹងរឹតតែកប់បាត់ថែមទៀត។ ពលរដ្ឋខ្មែររស់នៅក្នុងសភាពបាក់ស្បាត និងបៀមទុក្ខយ៉ាងគ្រាំគ្រា។
ប៉ុន្តែ ក្រោយការដួលរំលំនៃរបបខ្មែរក្រហម និងជាពិសេសពីរទសវត្សរ៍ក្រោយពីការអនុវត្តរបបប្រជាធិបតេយ្យសេរី ពហុបក្ស វប្បធម៌ជជែកពិភាក្សាជាចំហបានផ្តើមរីកដុះដាលឡើងគួរឱ្យកត់សម្គាល់។ យ៉ាងណាក៏ដោយ នៅមានពលរដ្ឋខ្មែរជាច្រើនទៀតនៅតែមិនទាន់ហ៊ានប្រើប្រាស់សិទ្ធិប្រជាធិបតេយ្យរបស់ខ្លួននៅឡើយដែរ។ រីឯអ្នកដែលបានទម្លាយរបាំងនៃភាពស្ងៀមស្ងាត់មួយចំនួនក៏នៅមិនទាន់បានប្រើប្រាស់វប្បធម៌ប្រជាធិបតេយ្យឱ្យចំទិសដៅនៅឡើយ។
ជាក់ស្តែង អ្នកដែលចូលចិត្តទូរស័ព្ទចូលប៉ុសវិទ្យុ ដែលភាគច្រើនជាយុវវ័យសម័យក្រោយសង្គ្រាម ច្រើនតែនិយមចូលចិត្តការជជែកកម្សាន្ត ឬសំណូមពរបទចម្រៀងតែប៉ុណ្ណោះ រីឯអ្នកទូរស័ព្ទទៅជជែកអំពីបញ្ហាសង្គមវិញមានតិចតួចនៅឡើយ។ ពលរដ្ឋជាច្រើនទៀតក៏នៅមិនទាន់ចេះប្រើប្រាស់សេរីភាពឱ្យបានត្រឹមត្រូវនៅឡើយដែរ។ ចំណែកអ្នកនយោបាយវិញ ក៏ហាក់នៅតែចិញ្ចឹមចិត្តធ្វើជាម្ចាស់ពលរដ្ឋដដែល។ ក៏មានដែរ អ្នកដែលប្រើប្រាស់សេរីភាពហួសហេតុរហូតដល់ការជេរប្រមាថមាក់ងាយគ្នាដោយខ្វះសីលធម៌ និងការទទួលខុសត្រូវ។
ដូច្នេះ នៅមានកិច្ចការច្រើនយ៉ាងណាស់ដែលរដ្ឋាភិបាល អ្នកនយោបាយ និងសង្គមស៊ីវិលត្រូវរួមគ្នាធ្វើដើម្បីពង្រឹងវប្បធម៌ប្រជាធិបតេយ្យក្នុងសង្គមកម្ពុជា។ ការណ៍ដែលពលរដ្ឋខ្មែរកាន់តែច្រើនឡើងហ៊ានចេញមុខជជែកពិភាក្សាគ្នាជាចំហ ជាចំណុចវិជ្ជមានមួយហើយ ប៉ុន្តែ ការធ្វើយ៉ាងណាឱ្យវប្បធម៌ជជែកពិភាក្សានេះមានប្រយោជន៍ពិតប្រាកដដល់សង្គម នោះទើបជាគោលដៅចុងក្រោយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ