យូណេស្កូ

គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បាន​បញ្ចូល​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ចំនួន​១៩ទៀត

លោកស្រី​Bokovaអគ្គនាយិកា​អង្គការ​យូណេស្កូ នៅក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​នៅក្នុង​ទីក្រុង​ភ្នំពេញ
លោកស្រី​Bokovaអគ្គនាយិកា​អង្គការ​យូណេស្កូ នៅក្នុង​ឱកាស​បើក​កិច្ច​ប្រជុំ​នៅក្នុង​ទីក្រុង​ភ្នំពេញ ©reuters

រហូត​ដល់ថ្ងៃអាទិត្យ​ទី​២៣ ខែមិថុនានេះ គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក ដែលមាន​កម្ពុជា​ជា​ប្រធាន​ប្តូរវេន បាន​សម្រេច​បញ្ចូល​សម្បត្តិ​បេតិកភណ្ឌ​ថ្មី​សរុប ចំនួន១៩។ សម្បត្តិ​បេតិកភណ្ឌ​ដែល​បាន​សម្រេច​បញ្ចូល នោះ​មាន​បី​ប្រភេទ គឺ​សម្បត្តិ​បេតិកភណ្ឌ​ធម្មជាតិ ជីវៈចម្រុះ និងរប្បធម៌។  

ផ្សាយពាណិជ្ជកម្ម

 

ពេញមួយ​ព្រឹក នៅ​ថ្ងៃទី២៣ មិថុនានេះ កិច្ចប្រជុំ​គណៈកម្មាធិការ​ពេញអង្គ​លើក​ទី ៣៧ ដែល​កម្ពុជា​ប្រធាន បាន​សម្រេច​បញ្ចូល បេតិកភណ្ឌ​វប្បធម៌​ថ្មី​៣បន្ថែម​ហើយ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក។ បេតិកភណ្ឌ​ពិភពលោក ដែលជា​សម្បត្តិ​ទូទៅ​របស់​មនុស្ស​ជាតិ។ សម្បត្តិ​បេតិកភណ្ឌ​ទាំងបី​នេះ រួមមាន​ទីក្រុង​បូរាណ​របស់​ប្រទេស​អ៊ុយក្រែន និង​វិមាន​Golestan​របស់​ប្រទេសអ៊ីរ៉ង់ និងបូជនីយស្ថាន​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កូរ៉េខាងជើង។

រីឯ​សំណើ​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​មួយផ្សេង​ទៀត​របស់​ប្រទេស​អ៊ីរ៉ង់ ត្រូវបាន​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើកទី ៣៧​នេះ សម្រេច​ផ្ទេរ​ទៅក្នុង​កិច្ចប្រជុំ​លើកទី៣៨ នៅឆ្នាំ​ក្រោយ​ជាបន្ត។ កិច្ចប្រជុំ​លើក​ទី ៣៨ ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នឹង​ប្រារព្ធ​ធ្វើឡើង នៅ​ប្រទេស​កាតា​ឆ្នាំ2014។

សូម​រំលឹក​ថា គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​លើក​ទី ៣៧ បាន​សម្រេច​បញ្ចូល​បេតិកភណ្ឌ ចំនួន ១៩ ហើយ​ចូល​ជា​សម្បតិ្ត​បេតិកភណ្ឌ​ពិភពលោក។ នៅក្នុងនោះ ក៏​មាន​មាន​ដែរ ភ្នំហ្វូជី របស់​ប្រទេស​ជប៉ុន ភ្នំ​ធានសាន របស់​ប្រទេស​ចិន តំបន់​អភិរក្ស​សត្វព្រៃ Lewa របស់​ប្រទេស​កេនយា វិហារ​សាសនា​គ្រិស្ត​របស់ ប្រទេសប៉ូឡូញ និង អ៊ុយក្រែន ផងដែរ។

គួរបញ្ជាក់​ថា គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក លើកទី៣៧ បាន​បើក​កិច្ចប្រជុំ​សម្រេច​លើ​សំណើ​សុំ​ជា​សម្បត្តិ​បេតិកភណ្ឌ ចាប់តាំង​ពី​ថ្ងៃ​ទី ២១ ខែមិថុនា។ សំណើ​សុំ​ជា​សម្បត្តិ​បេតិកភណ្ឌ​ទាំង​៣១ ដែលបាន​ស្នើ​សម្រាប់​កិច្ច​ប្រជុំ​លើកទី​៣៧នេះ រួមមាន មាន​ចំនួន​៣​ប្រភេទ គឺ​សម្បត្តិ​ធម្មជាតិ និង​សម្បតិ្ត​ជីវ​ចម្រុះ រួម​ទាំង​សម្បតិ្ត​វប្បធម៌​ផងដែរ។

រហូតដល់​ឆ្នាំ២០១២ សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ ចំនួន ៩៦២ ត្រូវបាន​ពិភពលោក​ទទួលស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ។ ក្នុងនោះ ក៏​មានដែរ សម្បត្តិ​បេតិកភណ្ឌ​របស់​កម្ពុជា។  គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នឹង​បើក​កិច្ចប្រជុំ​របស់ខ្លួន សម្រេច​លើ​សំណើ​ដាក់​បញ្ចូល​សម្បតិ្ត​បេតិកភណ្ឌ​ចម្រុះ នៅ​រសៀល ថ្ងៃអាទិត្យ​នេះ​ជាបន្ត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI