កម្ពុជា

លោក ជុំ ម៉ី ចូល​បំភ្លឺ​នៅ​តុលាការ ក្នុង​នាម​ជា​ដើម​បណ្តឹង រឿង​បរិហាកេរ្តិ៍

លោក ជុំ ម៉ី (នៅ​ខាងមុខ)​ ពេល​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៣
លោក ជុំ ម៉ី (នៅ​ខាងមុខ)​ ពេល​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានីភ្នំពេញ ថ្ងៃទី២៤ មិថុនា ឆ្នាំ២០១៣ RFI/Siv Channa

លោក​ ជុំ ម៉ី ​​ជា​​ដើម​បណ្តឹង​​​​ព្រហ្មទណ្ឌ​​​ពី​​​បទ​​បរិហារកេរ្តិ៍ ត្រូវ​​តុលាការ​​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​កោះហៅ​​ទៅ​​សាកសួរ នៅ​​ថ្ងៃ​ចន្ទ​ ទី២៤ មិថុនា​​នេះ។ រី​ឯ​​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​សង្គ្រោះជាតិ នឹង​​ត្រូវ​​តុលាការ​​កោះ​ហៅ​​ដើម្បី​​សាកសួរ​​នៅ​​ថ្ងៃទី​២៧ ក្នុង​សប្តាហ៍​នេះ​ដែរ។

ផ្សាយពាណិជ្ជកម្ម

ដើម​បណ្តឹង​ព្រហ្មទណ្ឌ បទបរិហាកេរ្តិ៍ ខាង​លើ​ជា ជន​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម បាន​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ​​ក្រុងភ្នំពេញហើយ។ លោក ជុំ ម៉ី​ប្តឹង​ប្រធាន​ស្តី​ទីគណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា ដែល​បាន​និយាយ​ថា​គុក​ទួលស្លែង​ជា​គុកសិប្បនិម្មិត្ត។ តែចំពោះលោក កឹម សុខា វិញ​ថា​នោះ​ជាសំឡេងដែលគេបានកាត់ត។

 
ក្រោយ​ពី​បំភ្លឺ​នៅ​តុលាកា នៅ​ព្រឹក​មិញ​នេះ លោក គួយ ធុនណា មេធាវី​របស់​លោក​ជុំ មី បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្រៅ​របង​សាលាដំបូង​ថា លោក មាន​ភស្តុតាង​ក្នុង​ដៃ​ហើយ សម្រាប់​ដាក់​បន្ទុក​ដល់​ជនជាប់ចោទ។

ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ២៣​មិថុនា លោក​មេធាវី បាន​បញ្ជាក់​ប្រាប់ វិទ្យុបារាំង ​ម្សិលមិញ​ថា​ភស្ដុតាង​រួមមាន ខ្សែអាត់​សំឡេង​របស់​លោកឹម សុខា កាសែត​ភ្នំពេញប៉ុស្តិ៍ និង​កាសែត​ខេមបូឌាដេលី​ ដែល​ស្រង់​ប្រសាសន៍​លោក កឹម សុខា និយាយ​ថា ខ្សែ​អាត់​សំឡេង​ជា​ការ​កាត់ត។ យោងតាម​ការ​បញ្ជាក់​របស់​មេធាវី ការ​ដែល​លោក​កឹម សុខា បាន​និយាយ​ថា ខ្សែ​អាត់​សំឡេង​ជា​ការ​កាត់ត​នោះ គឺជា​កា​របរិហារ​កេរ្តិ៍​កូនក្តី​របស់​លោក។

លោក ជុំ មី​បាន​បញ្ជាក់​ថា បណ្តឹង​របស់​លោក គឺ​ទាមទារ​ឱ្យ​លោក កឹម សុខា ផ្តល់​សំណង​ជា​ប្រាក់ ១ពាន់ដុល្លារ ប្រមាណ​ជា​៤លានរៀល ដើម្បី​ធ្វើ​បុណ្យ​បង្សុកូល​ដល់​ជន​រងគ្រោះ​ក្នុង​គុក​ទួលស្លែង។

គួរ​រម្លឹក​ថា ក្នុង​ខណៈ​ដែល​កម្ដៅ​នយោបាយ​កំពុង​តែ​ឡើង មុន​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ​ដ៏​ខ្លី​នេះ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ កំពុង​តែ​ញាំញី​ដោយ​សារ​រឿង​អាស្រូវ​ជាច្រើន ដូច​ជា​រឿង​ក្តីក្តាំ ដែល​គេ​អះអាង​ថា​ជា​”ស្រីកំណាន់”របស់​លោក​ រួមទាំង​សំណុំ​រឿង​គុក​ទួលស្លែង​ជា​ដើម។

ទាក់ទិន​បណ្តឹង​ដោយ​លោក ជុំ ម៉ី អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យឹម សុវណ្ណ បាន​អះអាង​ថា​បណ្តឹង​នេះ​មិនមាន​ទំងន់ សំខាន់​ដែល​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​យក​ចិត្ត​ទុកដាក់​នោះទេ ព្រោះ​សំណុំ​រឿង​ជាតិ​ជា​ច្រើន​ដូច​ជា ជនអន្តោប្រវេសន៍ ការ​កាប់ព្រៃបំផ្លាញ​ព្រៃឈើ ទើប​ជា​រឿង​ដែល​គណបក្សសង្គ្រោះជាតិ​យក​ចិត្ត​ទុកដាក់។

តុលាការ​សាលាដំបូង​ក្រុងភ្នំពេញ នឹងកោះហៅ​លោក កឹម សុខា ឱ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ថ្ងៃទី២៧ មិថុនា​ខាងមុខ​នេះ។ ហើយ​លោក កឹម សុខា​ដែល​បាន​យល់​ថា ការ​ប្តឹង​របស់​លោក ជុំ មី មាន​គណបក្សប្រជាជន​នៅ​ពី​ក្រោយខ្នង៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI