កម្ពុជា

គណបក្ស​នៅ​កម្ពុជា​ត្រៀម​រួចរាល់​អស់ហើយ សម្រាប់​យុទ្ធនាការ​បោះឆ្នោត

អ្នកគាំទ្រ​គណបក្ស​សង្រ្គោះជាតិ
អ្នកគាំទ្រ​គណបក្ស​សង្រ្គោះជាតិ ©siv channa

ទោះបី​ជា​មាន​ភាពចម្រូងចម្រាស ប៉ុន្តែ គណបក្ស​នីមួយៗ​បានត្រៀម​ខ្លួន​រួចហើយ ក្នុង​ការបើក​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​ដែល​នឹង​ចាប់ផ្តើម នៅថ្ងៃ​ទី​២៧ មិថុនា ខាងមុខ​នេះ។ គណបក្ស​មួយ​ចំនួន​ដែល​ត្រូវ​បាន​សាកសួរ អះអាង​ថា ពិធី​ដង្ហែ​អធិកអធម​នឹង​បើកធ្វើ នៅថ្ងៃ​ចាប់ផ្តើម​យុទ្ធនាការ​ដំបូង។  

ផ្សាយពាណិជ្ជកម្ម

 

គណបក្ស​នយោបាយ​ដែល​ប្រកួតប្រជែង ស្វែងរក​សន្លឹកឆ្នោត នៅថ្ងៃ ទី២៨ កក្កដា​ខាងមុខ បាន​ត្រៀម​ខ្លួន​រួចរាល់​អស់ហើយ សម្រាប់​យុទ្ធនាការ​មុន​ការបោះឆ្នោត ថ្ងៃទី២៧ មិថុនានេះ។

គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួបជុំ​សកម្មជន​គណបក្ស ២ម៉ឺន​នាក់ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ។ មជ្ឈមណ្ឌល កោះពេជ្រ ដែល​ក្បួនធំ​របស់​គណបក្ស នឹង​ដង្ហែ​ចេញ នៅថ្ងៃ​ទី២៧ ខែមិថុនា ទៅកាន់​មូលដ្ឋាន​ខណ្ឌ សង្កាត់ និង​តាមដង​ផ្លូវ​សំខាន់ៗ ក្នុង​ក្រុងភ្នំពេញ។ នេះ បើ​តាម​ការបញ្ជាក់​របស់​លោក នុត ជា ប្រធាន​មន្ទីរ គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ។

លោក​បញ្ជាក់​ថា គណបក្ស​មាន​គម្រោង​រួចរាល់​អស់ហើយ ក្នុង​ការជួបជុំ​ជាមួយ​ប្រជាពលរដ្ឋ ក្រុម​តាមឃុំ​សង្កាត់​រៀងៗ​ខ្លួន ដើម្បី​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​គណបក្ស។ គណបក្ស​​ដែល​ប្រកាន់​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣ សម្រាប់​អាណត្តិទី៥​ជាបន្ត គឺ​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ។

រីឯ គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​បក្ស​គូប្រជែង​ដ៏​ធំបំផុត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ក៏​នឹង​គ្រោង​ជួបជុំ​សកម្មជន​គណបក្ស​របស់ខ្លួន ៣ពាន់​នាក់ នៅទីលាន​ប្រជាធិបតេយ្យ​ផងដែរ។ ទីលាន​ប្រជាធិបតេយ្យ​ដែល លោក កឹម សុខា ប្រធានស្តីទី គណបក្ស​សង្គ្រោះ​ជាតិ ជា​អ្នកដឹកនាំ​ក្បួនផ្ទាល់។ នេះបើ​តាម​ការបញ្ជាក់​របស់​លោក ហូ វ៉ាន់ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ។ លោក ហូ វ៉ាន់ បាន​សង្កត់ធ្ងន់​ថា ចាប់ពី​ថ្ងៃទី ២៧ នេះតទៅ គណបក្សសង្គ្រោះ​ជាតិ​មិនត្រឹម​តែ​ថ្លែងសារ ទៅកាន់​ប្រជាពលរដ្ឋ​នោះទេ គឺ​ថែម​ទាំង​ចែក​គោលនយោបាយ​ដល់​ដៃ​ផ្ទាល់ ទៅម្ចាស់​សន្លឹកឆ្នោត​ផងដែរ។

ចំណែក គណបក្ស​រាជានិយម ហ៊្វុនស៊ិនប៉ិចវិញ មិន​ដង្ហែ​ក្បូនធំ របស់ខ្លួន នៅទីក្រុង​ភ្នំពេញ​ទេ តែ​ក្បូនធំ​នឹង​ផ្តើមធ្វើ នៅ​ខេត្តកំពង់ចាម កន្លែង ដែល​ព្រះប្រធាន​គណបក្ស សម្តេច​នរោត្តម អារុណរស្មី​ឈរ​ឈ្មោះជា​តំណាងរាស្ត្រ។ នេះ បើតាម​លោក ញឹក ប៊ុន ឆៃ អគ្គលេខាធិការបក្ស។ ក្រៅពីនោះ គណបក្ស នឹងចែក​ក្រុមតូចៗ តាមស្រុក​នីមួយៗ​ទូទាំង​ប្រទេស ផ្សព្វផ្សាយ និង​បង្រៀន​ពលរដ្ឋ​គូស​សន្លឹកឆ្នោត​ជាដើម។

គួរំលឹក​ថា មាន​គណបក្ស​ចំនួន ៨ ដែល​គជប គណកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ទទួល​ស្គាល់​សម្រាប់​ការបោះឆ្នោត នៅថ្ងៃ ទី២៨ ខែកក្កដា ខាងមុខ​នេះ។
ក្រៅពី​គណបក្សធំៗ ដែល​មាន​អាសនៈ នៅក្នុង​រដ្ឋសភា បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​យុទ្ធនាការ​បោះឆ្នោត​ថ្ងៃ ទី២៧ កក្កដា​ខាងមុខនោះ​ គណបក្ស​សម្ព័ន្ធដើម្បី​ប្រជាធិបតេយ្យ​របស់​លោក លោក ខឹម វាសនា ក៏​នឹង​គ្រោង​ហែ​ក្បួនធំ​របស់​ខ្លួន​ចេញ​ពី​ទី​ស្នាក់ការ នៅ​ខណ្ឌ​ទួលគោក​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI