កម្ពុជា

លោក ឈូក បណ្ឌិត​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៨​ខែ

លោក​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៨ខែ​ពី​បទ​បាញ់​កម្មការិនី
លោក​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត​ត្រូវ​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ ១៨ខែ​ពី​បទ​បាញ់​កម្មការិនី

អតីត​អភិបាលក្រុងបាវិត​ លោក ឈូក បណ្ឌិត ដែលជា​ជនសង្ស័យ​បាញ់​កម្មការិនី​៣​នាក់ឲ្យ​រងរបួសកាលពី​ខែ​កុម្ភៈឆ្នាំ ២០១២ ត្រូវបាន​តុលាការ​ខេត្តស្វាយរៀង​ផ្តន្ទាទោស​នៅថ្ងៃអង្គារ​ទី ២៥ មិថុនា ឲ្យ​ជាប់​ពន្ធនាគារ ១៨ ខែ និង​ពិន័យ​ប្រាក់ ៣៨​លាន​រៀល។ ការផ្តន្ទាទោសក្នុង​កម្រិតស្រាល​នេះ​បាន​បណ្តាល​ឲ្យ​មាន​​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន។ 

ផ្សាយពាណិជ្ជកម្ម

ទីបំផុត តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង​បាន​សម្រេច​ផ្តន្ទាទោស​លោក ឈូក បណ្ឌិត​ឲ្យ​ជាប់​ពន្ធនាគារ ១​ឆ្នាំ ៦​ខែ ក្រោម​បទ​ចោទប្រកាន់​ថា បាន​បង្ក​ឲ្យ​មាន​របួស​ដោយ​អចេតនា។ សាលក្រម​នេះ​ត្រូវ​បានប្រកាស នៅព្រឹក​ថ្ងៃ​អង្គារ ទី​២៥ មិថុនានេះ។​ ក្រៅ​ពី​ទោស​ជាប់​ពន្ធនាគារ អតីត​អភិបាល​ក្រុងបាវិត​ក៏ត្រូវ​បាន​តុលាការ​តម្រូវ​ឲ្យ​សង​ជំងឺចិត្ត​ដល់​ជនរងគ្រោះ​ទាំងបី​នាក់ សរុប​ជា​ទឹកប្រាក់​ចំនួន ៣៨ លានរៀល។

 
ជនសង្ស័យ​ម្នាក់ទៀត គឺ​លោក ស ចន្ថា មន្ត្រី​នគរបាល​ក្រុង​បាវិត​ត្រូវ​បាន​ចៅក្រម​សម្រេច​ឲ្យ​រួចផុត​ពីបទ​បង្ក​របួសស្នាម ដោយ​អចេតនាប៉ុន្តែ​ ត្រូវបាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​៦​ខែ ពីបទ​ល្មើស​ស្តីពី​ការគ្រប់គ្រង​អាវុធ​ជាតិផ្ទុះ គ្រាប់​រំសេវ និង​បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់។

ការផ្តន្ទាទោស​លោក ឈូក បណ្ឌិត ឲ្យ​ជាប់​ពន្ធនាគារ គឺ​ជា​ការទន្ទឹង​រង់ចាំ​របស់​ជនរងគ្រោះ​ក៏​ដូចជា​សហជីព និង​អ្នកការពារ​សិទ្ធិ​មនុស្ស​ដែល​បាន​តាមដាន​សំណុំរឿងនេះ​ដែរ។ ប៉ុន្តែ ពួកគេ​បានរិះគន់​យ៉ាងខ្លាំង​ចំពោះ​ការដាក់ទោស ក្នុង​កម្រិតស្រាល បើធៀប​ទៅនឹង​ទោស​កំហុស​ដែល​ជនសង្ស័យ​រូបនេះ​បាន​ប្រព្រឹត្ត​ទៅលើ​ជនរងគ្រោះ។

លោក អំ សំអាត មន្ត្រី​អង្គការ​លីកាដូ បាន​សាទរ​ចំពោះ​ការផ្តន្ទាទោស​លោក ឈូក បណ្ឌិត​ឲ្យជាប់​ពន្ធនាគារ ប៉ុន្តែ លោក​អះអាង​ថា ទោសនេះ​មិនសម​នឹង​អ្វី​ដែល​ជន​ល្មើល​បាន​ប្រព្រឹត្ត​ទេ។

សហជីព​កម្មករ​ក៏បាន​ចាត់​ទុក​ចំណាត់ការ​របស់​តុលាការ​ថា​មាន​ភាពលម្អៀង​ទៅរក​អ្នកមាន​អំណាច។ ក្រុម​អ្នកតាមដាន​រឿងក្តី​នេះបាន​ប្រៀបធៀប​សំណុំរឿង​ឈូក បណ្ឌិត ទៅនឹងករណី​ស្ត្រី​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា ដែលគេ​អាច​មើលឃើញ​យ៉ាងច្បាស់​អំពី​ភាពខុសគ្នា​នៃ​ចំណាត់ការ​របស់​តុលាការ។

គួររម្លឹកថា លោក ឈូក បណ្ឌិតត្រូវ​បាន​សាក្សី​ជាច្រើន​អះអាងថា បាន​ឃើញ​ដក​កាំភ្លើង​បាញ់​ទៅលើហ្វូង​កម្មករ​ដែល​កំពុង​ធ្វើ​បាតុកម្ម​តវ៉ា​ នៅ​ឯ​រោងចក្រ កៅវ៉េ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងបាវិត កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១២។ ការបាញ់​ប្រហារ​នេះបាន​បណ្តាល​ឲ្យ​កម្មការិនី ៣នាក់​រងរបួស។

ទោះជាយ៉ាង​នេះក្តី ជនសង្ស័យ​ដែលជា​អតីត​មន្ត្រី​មាន​បុណ្យ​ស័ក្តិរូបនេះ មិនត្រូវ​បាន​ចាប់ខ្លួន​ទេ។ តុលាការ​បានចោទ​លោក ឈូក បណ្ឌិត​ត្រឹម​បទ​បង្ក​របួស​ស្នាម​ដោយ អចេតនា​តែប៉ុណ្ណោះ។ ក្រៅពី​ការផ្តន្ទាទោស ក្នុងកម្រិតស្រាល ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​កំពុង​រង់ចាំ​មើល​ថា តើ​សមត្ថកិច្ច​អាច​ចាប់ខ្លួន​លោក ឈូក បណ្ឌិត ទៅដាក់​ពន្ធនាគារ​បាន​ដែរ​ឬទេ?

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI