ស្តង់ដារពីរនៃប្រព័ន្ធយុត្តិធម៌កម្ពុជា!
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ចំណាត់ការរបស់តុលាការខេត្តស្វាយរៀងចំពោះករណីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតបានក្លាយជាប្រធានបទថ្មីមួយទៀតដែលនាំឱ្យមានការជជែកគ្នាអំពីគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់ក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា។ ករណីនេះជាឧទាហរណ៍មួយទៀតដែលបង្ហាញអំពីស្តង់ដារពីរនៅក្នុងប្រព័ន្ធយុត្តិធម៌តែមួយ។ នេះគឺជាឧបសគ្គធំធេងសម្រាប់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។ តើបញ្ហានេះបានជះឥទ្ធិពលអាក្រក់អ្វីខ្លះដល់មុខមាត់ប្រទេសកម្ពុជា?
មានសំណុំរឿង២ដែលគេអាចលើកយកមកធ្វើជាឧទាហរណ៍ដើម្បីរំលេចឲ្យឃើញស្តង់ដាពីរនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា។ សំណុំរឿងទី១គឺករណី លោកឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតដែលជាប់ចោទពីបទបាញ់កម្មការិនី៣នាក់ឲ្យរងរបួសនៅក្នុងបាតុកម្មមួយកាលពីខែកុម្ភៈឆ្នាំ ២០១២ ។ ប៉ុន្តែ លោកត្រូវបានតុលាការខេត្តស្វាយរៀងចោទពីបទបង្ករបួសស្នាមដោយអចេតនា និងផ្តន្ទាទោសឱ្យជាប់ពន្ធនាគារតែ១៨ ខែប៉ុណ្ណោះ។ ពិសេសជាងនេះ គឺជនសង្ស័យនៅមានសេរីភាពជាធម្មតារហូតគិតមកទល់នឹងប្រកាសសាលក្រមម្សិលមិញ។
ចំណែកឯករណីទី២គឺសំណុំរឿង អ្នកស្រី យ៉ោម បុប្ផា ស្ត្រីអ្នកភូមិបឹងកក់ដែលជាប់ចោទពីបទប្រើអំពើហិង្សាទៅលើក្រុមអ្នករត់ម៉ូតូឌុប។ អ្នកស្រីត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅមន្ទីរឃុំឃាំងភ្លាមៗនិងត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ៣ឆ្នាំ តែក្រោយមក សាលាឧទ្ធរណ៍បានព្យួរទោសមួយឆ្នាំវិញ។
ជាការពិតណាស់ យុត្តិធម៌សង្គមគឺជាសេចក្តីត្រូវការចាំបាច់សម្រាប់មនុស្សគ្រប់គ្នាមិនថា ជាជាតិសាសន៍ណាឡើយ។ នៅក្នុងសង្គមប្រជាធិបតេយ្យ និងនីតិរដ្ឋ គោលការណ៍ស្មើភាពគ្នានៅចំពោះមុខច្បាប់គឺជាមូលដ្ឋានគ្រឹះមួយដែលគេត្រូវគោរពយ៉ាងម៉ឺងម៉ាត់បំផុត។ ដោយយល់ឃើញពីតម្រូវការនេះ រដ្ឋាភិបាលបានដាក់ចេញនូវកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដោយចាត់ទុកជាបញ្ហាអាទិភាពមួយសម្រាប់ការដឹកនាំប្រទេស។
ដោយសារសេចក្តីស្រេកឃ្លានយុត្តិធម៌របស់ប្រជាពលរដ្ឋខ្មែរ និងស្របពេលដែលរដ្ឋាភិបាលដាក់ចេញកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នេះហើយ បានជាស្ថានការណ៍ទូទៅ នៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជាមានការប្រែប្រួលមួយចំនួនក្នុងរយៈពេលចុងក្រោយនេះ។ ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ ក៏គោលការណ៍ស្មើភាពគ្នានៅចំពោះមុខច្បាប់នៅតែជាចំណោទធំធេងមួយនៅឡើយក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា។
ជាទូទៅ ស្តង់ដាពីរខុសគ្នានៅតែបង្ហាញឡើងយ៉ាងច្បាស់។ អ្នកមានប្រាក់ និងមានអំណាចឬមានខ្នងបង្អែកច្រើនតែមានសំណាងជាងអ្នកក្រីក្រគ្មានទីពឹង នៅក្នុងប្រពន្ធ័យុត្តិធម៌។ អ្វីដែលគួរឱ្យកត់សម្គាល់ម្យ៉ាងទៀតនោះគឺ មកដល់សម័យនេះទៅហើយ នៅតែមានមន្ត្រីដែលមានតួនាទីខ្ពង់ខ្ពស់ហ៊ានដកកាំភ្លើងពីចង្កេះបាញ់ប្រហារទៅលើហ្វូងមនុស្សដោយគ្មានញញើតច្បាប់អ្វីបន្តិចសោះ។
មានហេតុផលសត្យានុម័តមួយចំនួនដែលបណ្តាលឱ្យសង្គមខ្មែរមិនអាចគោរពបាននូវគោលការណ៍ស្មើភាពគ្នាចំពោះមុខច្បាប់៖ ទី១ គឺមកពីទម្លាប់នៃការខ្លាចអំណាចអ្នកធំ។ ជាទូទៅ សង្គមខ្មែរឱ្យតម្លៃខ្លាំងពេកទៅលើបុណ្យស័ក្តិ និងអំណាច ពោលគឺអ្នកតូចច្រើនតែខ្លាចអ្នកធំ ដែលពេលខ្លះ ខ្លាចរហូតដល់បណ្តោយឱ្យអ្នកធំធ្វើអ្វីស្រេចតែចិត្ត។ ទី២ គឺការបែងចែកគ្នាមិនដាច់រវាងអំណាចរដ្ឋទាំងបី ជាពិសេសគឺអំណាចនីតិប្រតិបត្តិមានទម្ងន់ខ្លាំងពេកទៅលើនីតិបញ្ញត្តិ និងតុលាការ។ និងទី៣ ទស្សនៈ«យល់ញាតិឃ្លាតច្បាប់» នៅតែមានទ្ធិពលខ្លាំងនៅឡើយសម្រាប់ជនជាតិខ្មែរជាពិសេសក្នុងចំណោមមេដឹកនាំ និងអ្នកអនុវត្តច្បាប់។ ជាទូទៅអ្នកមានអំណាច ឬមានលុយ តែងខិតខំជួយសាច់ញាតិរបស់ខ្លួនឱ្យរួចផុតពីសំណាញ់ច្បាប់ បើទោះបីជាក្នុងតម្លៃណាក៏ដោយចុះ។
ជាក់ស្តែងករណីលោក ឈូក បណ្ឌិត ទោះបីជាមានសាក្សីបានដឹងលឺ រហូតដល់ក្រសួងមហាផ្ទៃរកឃើញកំហុស និងត្រូវបានរដ្ឋាភិបាលដកចេញពីមុខតំណែងយ៉ាងណាក៏ដោយ ក៏ជនជាប់ចោទនៅតែត្រូវបានការពារ និងជួយសម្រាលទោសបានដដែល។ ការអនុវត្តស្តង់ដារពីរនៅក្នុងប្រព័ន្ធយុត្តិធម៌គឺជាបញ្ហាធំធេងពីព្រោះវាមិនត្រឹមតែធ្វើឱ្យកំណែទម្រង់តុលាការរបស់រដ្ឋាភិបាលដំណើរការទៅមុខមិនរួចប៉ុណ្ណោះទេ តែក៏បានធ្វើឱ្យអាប់ឱនកេរ្តិ៍ឈ្មោះរបស់ប្រទេសជាតិទាំងមូលទៀតផង។
ដូច្នេះ តើគេគួរបណ្តែតបណ្តោយឱ្យបញ្ហានេះកើតមានតទៅទៀតដែរឬទេ? នេះជាសំណួរដែលរដ្ឋាភិបាល និងមន្ត្រីតុលាការគួរពិចារណា? ពីព្រោះផលវិបាករបស់វាក្រៅពីធ្លាក់ទៅលើជនរងគ្រោះ និងទៅលើសង្គមទាំងមូល ទីបំផុតវាក៏នឹងធ្លាក់ទៅលើរដ្ឋាភិបាល និងតុលាការខ្លួនឯងជាមិនខាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ