កម្ពុជា

សង្គម​ស៊ីវិលនិយាយ​​ថា កម្ពុជា​មិនទាន់​អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ទារុណកម្ម​នៅឡើយ

មន្ត្រី​ប៉ូលិស​គាបសង្កត់​សកម្មជន​ដែល​ប្រឆាំង​ការរឹបអូសដីធ្លី​របស់​ប្រជាជន
មន្ត្រី​ប៉ូលិស​គាបសង្កត់​សកម្មជន​ដែល​ប្រឆាំង​ការរឹបអូសដីធ្លី​របស់​ប្រជាជន ©licadho

ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី២៦ នៃ​ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ទារុណកម្ម នៅថ្ងៃទី២៦ មិថុនានៅសណ្ឋាគារអ៊ឹមផារៀល អង្គការ​សង្គម ស៊ីវិល ដូចជា​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា និង​វិទ្យាស្ថាន ប្រឆាំង​ទារុណកម្ម របស់​ប្រទេស​ដាណាម៉ាក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​ច្បាប់​ប្រឆាំង​អំពើ​ទារុណកម្ម ដែល​កម្ពុជា​មិនទាន់​អនុវត្ត​បានល្អនៅឡើយ បន្ទាប់ពីកម្ពុជា​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​នេះ កាល​ពី​ឆ្នាំ១៩៩២ កន្លងមក។ 

ផ្សាយពាណិជ្ជកម្ម

 

ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ជំនួយ​ផ្នែក​ច្បាប់ របស់​សមាគម​អាដហុក លោកនី ចរិយា បាន​ថ្លែង​ក្នុង​ទិវា​អន្តរជាតិ​ប្រឆាំង​អំពើ​ទារុណកម្ម ថា ថ្វីត្បិតតែ​កម្ពុជា បាន​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​ស្តីពី ការប្រឆាំង​អំពើ​ទារុណកម្ម នៅឆ្នាំ១៩៩២​មែន តែ​កម្ពុជា រហូត​មកដល់​ពេលនេះ មិនទាន់​បាន​អនុវត្ត​ច្បាប់នេះ​ឱ្យ​ខ្ជាប់ខ្ជួន នៅឡើយ។ មិន​ខ្ជាប់ខ្ជួន ព្រោះថា ការធ្វើ​ទារុណកម្ម​ដល់​ជនសង្ស័យ ដើម្បី​សួរ​ចម្លើយ​របស់​មន្ត្រី​កម្ពុជា នៅតែ​កើត​មាន​ជា​បន្ត​បន្ទាប់។

តាម​លោក​នី ចរិយា ចាប់ពី​ឆ្នាំ២០១០ មក ​​អង្គការ​អាដហុក​ទទួល​បាន​បណ្តឹង ស្តីពី​ការធ្វើទារុណកម្ម ចំនួន ១៤១ ករណី។ ករណី​ទារុណកម្ម ដែល​មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​បាន​បញ្ជាក់​ថា ជា​ករណី​ដែល​មិន​សមាមាត្រ ទៅនឹង​ចំនួន​ករណី​កើត​ជាក់ស្តែង​នោះទេ។

សូម​បញ្ជាក់​ថា ច្បាប់ស្តី​ពី​ការប្រឆាំង​អំពើ​ទារុណកម្ម​ដែល​កម្ពុជា​ផ្តល់​សច្ចាប័ន នេះ គឺ​ប្រឆាំង​អំពើ​ទារុណកម្ម និង​ការប្រព្រឹត្តិ​មកលើ​រាងកាយ និង ផ្លូវចិត្ត ដោយ​អំពើ​ឃោឃៅ អមនុស្សធម៌ ឬបន្ទាប​បន្ថោក ជាដើម។

ទាក់ទិន​នឹង​អំណះអំណាង​ស្តីពី​កាធ្វើ​ទារុណ្ឌកម្មនេះ លោក ខៀវ គង់ណូរ៉ា អនុប្រធាន​ការិយាល័យ​ពន្ធនាគារ​ក្រសួងមហាផ្ទៃ បាន​ឆ្លើយតប​ថា មិនមាន​ការធ្វើ​ទារុណកម្ម​លើ​ជនសង្ស័យ​ដើម្បី​សួរ​រកចម្លើយ​ដាក់​បន្ទុក​ចោទ​ប្រកាន់​នោះទេ។ តែ​លោក​បញ្ជាក់​ថា ករណី​ធ្លាប់មាន​កើតម្តង ក្នុង​មន្ទីរ​ឃុំឃាំង ម៣ នៅខេត្ត​កំពង់ចាម តែមន្ត្រី​អ្នកប្រព្រឹត្ត​ត្រូវ​បាន​ចាត់ការ​តាមផ្លូវ​ច្បាប់​រួចរាល់ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI