គណបក្សតូចៗចេញឃោសនាមួយចំនួន និងមួយចំនួនទៀតនៅស្ងាត់ស្ងៀម
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃផ្តើមយុទ្ធនាការឃោសនាបោះឆ្នោត នៅថ្ងៃព្រហស្បតិ៍ទី ២៧មិថុនា ក្រៅពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គឺគណបក្សផ្សេងទៀត ដូចជា គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ជាដើម ក៏បានផ្តើមយុទ្ធនាការឃោសនារបស់ខ្លួនផងដែរ ទៅតាមលទ្ធភាពរៀងៗខ្លួន។
ភ្នំពេញដែលជាទីប្រជុំជនដ៏សំខាន់របស់ប្រទេសនោះ ត្រូវរញ្ជួយទៅដោយ សំឡេងធុងបាស សម្លេងឧឃោសនស័ព្ទ និងការហ៊ោកញ្ជ្រៀវ ដោយសមាជិកគណបក្សធំៗ ចំនួន ២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ។ ក្រៅពីនោះ គណបក្ស តូចៗ ៦ទៀត
មួយចំនួន នៅសំងំស្ងៀម និង មួយចំនួនចេញឃោសនា ក្នុងរូបភាពតូច ទៅតាមលទ្ធភាពរបស់ខ្លួន។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា ត្រូវគេមើលឃើញថា ជាគណបក្សតូចតែហែធំគួសម នៅថ្ងៃបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត នៅថ្ងៃដំបូង ដោយហេតុថា គណបក្សនេះបានហែកាត់ទីក្រុងភ្នំពេញ ធ្វើឲ្យមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មានអ្នកហែក្បួនជាង ១ពាន់នាក់ ជាមួយនឹង រថយន្តប្រមាណជា ៣០គ្រឿង រួមជាមួយម៉ូតូ និងម៉ូតូកង់បី រាប់រយគ្រឿង។ ប្រធានគណបក្ស លោកខឹម វាសនា បានប្រាប់ថា គឺគ្រាន់តែចង់បង្ហាញឲ្យគេឃើញឈ្មោះប៉ុណ្ណោះ បើចង់ឲ្យគេយល់ ទាល់តែត្រូវការពេល ៥ឆ្នាំឯណោះ។
ជាមួយគ្នានេះ គណបក្សសញ្ជាតិកម្ពុជា ក៏បានហែក្បួនផងដែរ តែធ្វើចាប់ពី ខេត្តកណ្តាល កាត់តាមព្រៃវែង និងស្វាយរៀង ដោយមានការចូលរួមពីមនុស្សប្រមាណជា ១ពាន់នាក់។ ប្រធានបក្សសញ្ជាតិកម្ពុជា លោក សេង សុខខេង ឲ្យដឹងថា អ្វីដែលគណបក្សផ្សព្វផ្សាយនោះ គឺការលុបចោលទំព័រប្រវត្តិសាស្ត្រពី អតីតកាល ដែលជូរចត់ រឿងព្រុំដែន ជាមួយប្រទេសជិតខាង និងការមិនប្រកាន់ពូជសាសន៍។
នៅឯ ខេត្តកំពង់ចាមឯណោះវិញ គណបក្សហ្វុនស៊ីនប៉ិច ដែលជាគណបក្សរាជានិយមនោះបានយកខេត្ត ដែលមានកៅអីច្រើននេះ ធ្វើការឃោសនាទ្រង់ទ្រាយធំ ដែលដឹកនាំដោយ ព្រះអង្គម្ចាស់ក្សត្រី ព្រះអនុជ អរុណរស្មី ប្រធានគណបក្សហ្វុនស៊ីនប៉ិច។ មានអ្នកគាំទ្រចំនួន ៥ពាន់នាក់ រថយន្តជាង ១០០គ្រឿង និងមានការចែកខិតប័ណ្ណគោលនយោបាយ គណបក្សនៅតាមទីផ្សារធំៗ ក្នុងទីរួមខេត្ត និងស្រុក ក្រុង មួយចំនួន។
ដោយឡែក គណបក្សខ្មែរ ឈប់ក្រ និងគណបក្ស សាធារណរដ្ឋប្រជាធិបតេយ្យ ដែលមេបក្សទាំងពីរ សុទ្ធតែមកពីប្រទេសអាមេរិក មិនបានហែក្បួនទេ នៅថ្ងៃបើកយុទ្ធនាការដំបូង។ អគ្គលេខាធិការគណបក្សខ្មែរឈប់ក្រ លោក ស៊ិន វណ្ណារិទ្ធ បញ្ជាក់ថា គណបក្សរបស់លោក នៅមានពេលវេលា ៣០ថ្ងៃ មិនខ្វះទេ ថ្ងៃហែក្បួន ចៀសវាង ហែនៅថ្ងៃបើកឆាក ដែលអាចរំខានដល់ចរាចរណ៍តាមដងផ្លូវ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជាតិ នៅថ្ងៃទី ២៨ ខែកក្កដា ខាងមុខ ហើយយុទ្ធនាការនៃការឃោសនារកសម្លេងឆ្នោត គឺមានរយៈពេលមួយខែ ដោយចាប់ផ្តើមពីថ្ងៃទី ២៧ ខែមិថុនានេះ ទៅ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ