ដល់ពេលដែលអ្នកបោះឆ្នោត គួរឈប់ជឿលើនយោបាយប្រជាភិថុតិ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
យុទ្ធនាការឃោសនារកសំលេងឆ្នោតបានចាប់ផ្តើមហើយនៅព្រឹកថ្ងៃព្រហស្បត្តិ ខណៈដែលថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ នឹងឈានចូលមកដល់មែនទែននៅសល់មួយខែទៀតប៉ុណ្ណោះ ។ ប៉ុន្តែយុទ្ធនាការស្វែងរកសំលេងឆ្នោត ដែលមានរយះពេលត្រឹមតែមួយខែគត់ នៅមុនថ្ងៃបោះឆ្នោតនេះ វាគឺជាពេលវេលាមួយដ៏ស្វិតស្វាញសម្រាប់ក្រុមអ្នកនយោបាយរបស់គណបក្សនីមួយៗបញ្ចេញនូវវោហាស័ព្ទ និងប្រើលទ្ធភាពគ្រប់បែបយ៉ាង ដើម្បីបញ្ចុះបញ្ជូល និងអន្ទងចិត្តម្ចាស់ឆ្នោតឲ្យបោះឆ្នោតគាំទ្របក្សរបស់ខ្លួន។ គឺក្នុងពេលវេលានោះហើយ ដែលនយោបាយប្រជាភិថុតិ និងការប្រើវោស័ព្ទដើម្បីការសន្យាផ្សេងៗរបស់អ្នកនយោបាយ បានកើតមានឡើងយ៉ាងពេញបន្ទុកទៅលើអ្នកបោះឆ្នោត បើទោះបីជាវាមានឥទ្ធិពលតិច ឫច្រើយ៉ាងណាក៏ដោយចុះ។ តើពលរដ្ឋខ្មែរដែលជាម្ចាស់ឆ្នោតគួរបន្តជឿលើនយោបាយប្រជាភិថុតិរបស់អ្នកនយោបាយតទៅទៀតឫយ៉ាងណា? ហើយអ្នកនយោបាយគួរប្រើនយោបាយរបៀបនេះក្នុងកម្រិតណា ដើម្បីកុំឲ្យពលរដ្ឋមានការខកចិត្ត និងគ្រោះថ្នាក់ដល់សង្គមជាតិ?
ជាការពិត ការធ្វើនយោបាយប្រជាភិថុតិនៅមុនការបោះឆ្នោត វាមិនមែនជារឿងដែលថ្មី ហើយមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែវាបានកើតមានជាយូរមកហើយនៅតាមបណ្តាប្រទេស និងរបបគ្រប់គ្រងរដ្ឋនានានៅលើសាកលលោកនេះ គ្រាន់តែថា វាមានកម្រិតខុសៗគ្នា អាស្រ័យទៅលើការរីកចម្រើន និងការយល់ដឹងរបស់ពលរដ្ឋនៃបណ្តាប្រទេសនោះតែប៉ុណ្ណោះ។
ដោយឡែកនៅកម្ពុជា បើយើងនិយាយពីនយោបាយដឹកនាំប្រទេស ក្រោយកម្ពុជាទទួលបានឯករាជ្យពីអាណាព្យាបាលបារំាងក្នុងឆ្នំា១៩៥៣ និងឆ្លងកាត់ការផ្លាស់ប្តូរ របបដឹកនាំនយោបាយជាបន្តបន្ទាប់រហូតដល់មានកិច្ចព្រមព្រៀងសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ (និយាយដោយឡែក) និងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ដែលរៀបចំដោយអ៊ុនតាក់ និងការបោះឆ្នោតជាបន្តបន្ទាប់រហូតដល់ពេលបច្ចុប្បន្ននេះ(និយាយជារួម) គេសង្កេតឃើញថា ការឃោសនានយោបាយប្រជាភិថុតិ ភូតភរកុហក់ បោកប្រាស់ និងការប្រើពាក្យពេជន៏វាយប្រហារគ្នាទៅវិញទៅមករបស់បក្សនយោបាយ នៅតែមានប្រជាប្រិយ៏ភាព នៅឡើយសម្រាប់ក្រុមអ្នកនយោបាយខ្មែរនៅកម្ពុជា។
ជាការពិត ក្នុងកំឡុងពេលធ្វើយុទ្ធនាការរកសំលេងឆ្នោតនេះ គេបា្រកដជានឹងបានលឺ ការប្រើពាក្យពេជន៏លួងលោម អន្ទងចិត្ត និងការសន្យាផ្សេងៗដើម្បីឲ្យពលរដ្ឋជាម្ចាស់ឆ្នោតជឿពីសំណាក់អ្នកឃោសនានយោបាយ វាជារឿងមួយ ប៉ុន្តែគេក៏លឺផងដែរ ការប្រើពាក្យពេជន៏វាយប្រហារ បិរហារ បន្ទោស បង្អាប់ ឲ្យគ្នាទៅវិញទៅមក ដោយភ្លេចគិតពីក្រមសីលធម៌ របស់អ្នកនយោបាយ ក្នុងពេលយុទ្ធនាការនេះ។
ងាកមកវិញ តើមានមូលហេតុអ្វីខ្លះដែលអ្នកនយោបាយខ្មែរចូលចិត្តប្រើនយោបាយប្រជាភិថុតិ ឫជាការសន្យាផ្សេងៗជាមួយនឹងពលរដ្ឋដែលជាម្ចាស់ឆ្នោតនៅមុនការបោះឆ្នោត? វាមានហេតុផលមួយចំនួនដែលក្រុមអ្នកវិភាគនយោបាយបានពន្យល់។
ហេតុផលទី១ ជាកត្តាសត្យានុម័ត តាមន័យវិទ្យាសាស្រ្តនយោបាយ គឺថា ធ្វើនយោបាយ មិនមែនគ្រាន់តែធ្វើដើម្បីឲ្យគេស្គាល់ គេដឹង គេលឺនោះទេ គឺធ្វើដើម្បីយកអំណាច ហើយថា ធ្វើនយោបាយ គឺធ្វើយ៉ាងណា ដើម្បីឲ្យតែឈ្នះ។ រីឯហេតុផលមួយវិញទៀត ការប្រើនយោបាយប្រជាភិថុតិ អាចថាមកពីអ្នកនយោបាយខ្មែរបានយល់ពីចិត្តសាស្ត្រ និងស្គាល់ពីឱកាសច្បាស់របស់ពលរដ្ឋខ្មែរ។ ពលរដ្ឋខ្មែរ ដែលទើបឆ្លងកាត់ការរស់នៅញាំញីដោយសារសង្គ្រាមស៊ីវិលអស់ជាច្រើនទស្សវត្សមកនោះ ហាក់កើតមានជំងឺ ថប់អារម្មណ៏ខ្លបខ្លាច ភ័យបាក់ស្បាត និងឆាប់មានមនោសញ្ចេតនាជឿលើទៅលើការបញ្ចុះបញ្ចូល ការលួងលោម និងការសន្យានេះណាស់។ម្យ៉ាងទៀត ការរស់នៅក្នុងភាពក្រីក្រ ភាពឆោតល្ងង់មានអំពើពុកលួយ អំពើកេងប្រវ័ញ្ច ខ្វះការអប់រំ ខ្វះការយល់ដឹង និងខ្វះការទទួលបានព័ត៌មានពាក់ព័ន្ធនឹងសង្គម សេដ្ឋកិច្ច នយោយបាយ និងព្រឹត្តការណ៏សង្គមផ្សេងៗ ដើម្បីយល់ឲ្យបានគ្រប់ជ្រុងជ្រោយនោះ។ វាគឺជាមួលហេតុចម្បងមួយទៀត ដែលពលរដ្ឋខ្មែរត្រូវបានអ្នកនយោបាយប្រជាភិថុតិងាយនឹងអូសទាញ និងបញ្ចុះបញ្ជូលឲ្យធ្លាក់ចូលទៅក្នុងរបបនយោបាយដឹកនាំរបស់ពួកគេ។
នៅមានហេតុផលមួយទៀតដែលពលរដ្ឋខ្មែរភាគច្រើន ហាក់ដូចជាមើលស្រាលនោះ គឺ ការមិនសូវចាប់អារម្មណ៏នឹងរឿងនយោបាយ។ ចាប់អារម្មណ៏ ឫក៏មិនសូវចាប់អារម្មណ៏ ដោយសារតែពួកគាត់នៅមានទស្សនៈយល់ថា រឿងនយោបាយជាសិទ្ធិផ្តាច់មុខរបស់អ្នកនយោបាយ ដូច្នេះចង់ឫមិនចង់ ទុកឲ្យអ្នកនយោបាយគេជាអ្នកដោះស្រាយទៅ កុំចាំបាច់ទៅខ្វល់អ្វីច្រើននោះ!ហេតុផលនេះហើយដែលធ្វើឲ្យអ្នកនយោបាយកាន់តែបានចិត្តក្នុងការបន្តនយោបាយ ភូតកុហក់បោកប្រាស់ និងចាត់ទុកប្រជាពលរដ្ឋជាល្បែងសម្រាប់បំរើឲ្យនយោបាយរបស់ខ្លួន។
តើវាជាការចាំបាច់ណាស់ទៅឫ សម្រាប់អ្នកនយោបាយទាំងឡាយ ដែលត្រូវប្រើនយោបាយប្រជាភិថុតិ នយោបាយបោកប្រាស់ ភូតកុហក និងការសន្យាផ្សេងៗ ចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតរបស់ខ្លួន និងជាម្ចាស់ប្រទេសជាតិទាំងអស់គ្នានោះ? ហើយថា នយោបាយបែបនេះ តើវាមិនមែនជានយោបាយ ដើម្បីបំរើតែផលប្រយោជន៏ផ្ទាល់ខ្លួន ឫក៏គណបក្សរបស់ខ្លួន មែនដែរឫក៏យ៉ាងណា?
ពិតណាស់ថាការធ្វើនយោបាយប្រជាភិថុតិរបស់អ្នកនយោបាយ គឺជាការសំខាន់ចាំបាច់មួយមែន។ គឺវាចាំបាច់នៅត្រង់ថា គឺពួកគេព្យាយាមធ្វើយ៉ាងណា ដើម្បីយកឲ្យបានឈ្នះជាមុនសិនទៅលើគណបក្សនយោបាយដែលជាគូរប្រជែងរបស់ខ្លួន និងម្យ៉ាងទៀត គឺធ្វើយ៉ាងណាដើម្បីទាក់ទាញឲ្យអ្នកបោះឆ្នោតគាំទ្រ និងជឿជាក់លើគោលយោបាយគណបក្សរបស់ខ្លួនឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានសម្លេងឈ្នះនៅក្នុងពេលបោះឆ្នោតនេះ។
ផ្ទុយទៅវិញ ជាកក្តាសត្យានុម័ត នយោបាយប្រជាភិថុតិ ឫគ្រាន់តែជាការប្រើវោហាស័ព្ទដើម្បីសន្យារបស់អ្នកនយោបាយក្នុងឆាកនយោបាយ វានឹងបាត់បង់តម្លៃដោយឯកឯងបន្តិចម្តងៗនៅពេលណាដែលកម្រិតចេះដឹងរបស់អ្នកបោះឆ្នោតមានការយល់ដឹងខ្ពស់នោះ។ មួយវិញទៀត នយោបាយបែបភូតកុហក់នេះ នឹងក្លាយទៅជាឱសថ លែងមានប្រសិទ្ធិភាព និងត្រូវបានប្រជាពលរដ្ឋស្អប់ខ្ពើម និងអស់ជំនឿ នៅពេលដែលការសន្យារបស់អ្នកនយោបាយមិនអាចបំពេញបានតាមសេចក្តីត្រូវការពិតប្រាកដរបស់ម្ចាស់ឆ្នោត ក្រោយដែលខ្លួនបានជាប់ឆ្នោតរួចហើយនោះ ពិសេសបានធ្វើឲ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់ពីអត្តចរិតរបស់អ្នកនយោបាយនោះថែមទៀតផង។
ដូច្នេះ ត្រឡប់មកវិញចង់ឫមិនចង់ គួរអ្នកនយោបាយកុំប្រើនយោបាយប្រជាភិថុតិខ្លាំងពេកដែលវាអាចនឹងបង្កគ្រោះថ្នាក់ដល់អ្នកនយោបាយខ្លួនឯង ដល់គណបក្សដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលផងដែរ។ គ្រោះថ្នាក់ដល់សង្គមជាតិគឺនៅត្រង់ថា គឺជាប្រទេសមួយដែលមិនមានការវិវឌ្ឍរីកចំរើនជឿនលឿនទៅមុខ សម្បូរទៅដោយអំពើពុករលួយ និងពលរដ្ឋខ្វះការចេះដឹង។ល។ និង។ល។ ពេលនោះហើយ ដែលធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែលំបាកទៅៗនោះ។
ម្យ៉ាងទៀត ការប្រើពាក្យពេជន៏វាយប្រហារ បិរហារ បន្ទោស បង្អាប់ ឲ្យគ្នាទៅវិញទៅមក ដោយភ្លេចគិតពីក្រមសីលធម៌ របស់អ្នកនយោបាយ នៅក្នុងកំឡុងពេលឃោសនានេះ វាជារឿងដែលអ្នកនយោបាយមិនគួរមើលរំលងបានឡើយទេ។ គឺអ្នកនយោបាយគួរបង្ហាញពីបទពិសោធន៏ និងនយោបាយ ក្នុងភាពចាស់ទុំរបស់ខ្លួន តាមរយះការបង្ហាញគោលនយោបាយអភិវឌ្ឍប្រទេសឲ្យមានការរីកចំរើនយូរអង្វែង ដល់ប្រជាពលរដ្ឋទើបជាការប្រសើរ។ ផ្ទុយទៅវិញ គួរតែអ្នកនយោបាយស្វែងយល់ឲ្យបានស៊ីជម្រៅជាងមុនអំពីការទន្ទឹងរង់ចាំរបស់អ្នកបោះឆ្នោតហើយត្រូវពឹងលើសមត្ថភាពធ្វើការងារជាក់ស្តែងច្រើនជាងសមត្ថភាពធ្វើប្រជាភិថុតិ ក្នុងកម្រិតមួយដែលគេបានដឹងពីល្បិចកិចកលរួចអស់ទៅហើយនោះ។
ដោយឡែកក្នុងនាមជាម្ចាស់ឆ្នោតវិញគួរកុំឆាប់ជឿការឃោសនានយោបាយប្រជាភិថុតិ និងគួរកុំឲ្យអ្នកនយោបាយងាយស្រួលអូសទាញឲ្យធ្លាក់ក្នុងអន្ទាក់នយោបាយរបស់គេខ្លាំងពេក ម្ចាស់ឆ្នោតគួរតែធ្វើការកែប្រែឥរិយាបទរបស់ខ្លួនមួយចំនួនដូចជា គួរងាកមកចាប់អារម្មណ៏លើរឿងនយោបាយដឹកនាំប្រទេសខ្លះ ទោះក្នុងកម្រិតណាក៏ដោយចុះ។ ពិសេស ការពិនិត្យមើលគោលយោបាយឲ្យបានស៊ីជម្រៅ និងជាក់លាក់របស់គណបក្សនយោបាយនីមួយៗ វាជារឿងដែលចាំបាច់មិនគួរមើលរំលងនោះទេ ខណៈដែលការស្គាល់អត្តចរិតរបស់មេដឹកនាំគណបក្សនីមួយៗ វាក៏ជារឿងសំខាន់ផងដែរ មុននឹងសម្រេចចិត្តគូសលើសន្លឹកឆ្នោតទម្លាក់ចូលក្នុងធុងឆ្នោតនោះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ