គ្មានបញ្ហាចរាចរណ៍នៅថ្ងៃហែក្បួនឃោសនាដំបូង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ចរាចរណ៍នៅក្នុងថ្ងៃឃោសនាបោះឆ្នោតដែលមានការដង្ហែរថយន្តនិងម៉ូតូដ៏ច្រើនបំផុតនោះ មានភាពប្រសើរជាងថ្ងៃធម្មតា។មន្ត្រីនគរបាលជាតិបានអះអាងថា ការដង្ហែរក្បួនឃោសនារបស់គណបក្សនីមួយៗ គោរពច្បាប់ចរាចរណ៍បានល្អ។
ស្ថានភាពចរាចរណ៍នៅថ្ងៃបើកឆាកយុទ្ធនាការឃោសនាបោះឆ្នោតដែលបានចាប់ផ្តើមកាល
ពីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៣មានភាពល្អប្រសើរជាងពេលវេលាធម្មតាបើទោះណាជា
រថយន្តនិងទោចក្រយានយន្តជាច្រើនគ្រឿងត្រូវគេបញ្ចេញសម្រាប់បំរើដល់ការហែក្បួននៅតាមដងផ្លូវ។
ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃលោកឧត្តមសេនីយហ៊ឹម យ៉ានបានប្រាប់វិទ្យុបារាំងអន្តរជាតិថា គ្មានរបាយការណ៍ណាមួយត្រូវបានគេរាយការណ៍នៅទូទាំងប្រទេសថាមានគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការប្រើប្រាស់យានយន្តក្នុងការឃោសនាបោះឆ្នោតនោះទេ។ផ្ទុយទៅវិញស្ថានការណ៍គ្រោះថ្នាក់ចរាចរណ៍នៅពេលការឃោសនាបោះឆ្នោតមកដល់ហាក់ដូចជាមានការកាត់បន្ថយច្រើនបើប្រៀបធៀបទៅហ្នឹងថ្ងៃធម្មតាដោយមានមនុស្ស៣នាក់របួសធ្ងន់និង៣នាក់ទៀតរបួសស្រាលប៉ុណ្ណោះនៅទូទាំងប្រទេស។
លោកហ៊ឹម យានបន្តថាការហែរក្បួនរបស់គណបក្សនានារយៈពេល២ថ្ងៃមានការគោរពច្បាប់និងសណ្តាប់ធ្នាប់ចារាចរណ៍ល្អ។ការកកស្ទះដោយសារការហែរជួបគ្នារវាងគណបក្សមួយចំនួនក៏មិនមានដោយប៉ូលីសចរាចរណ៍របស់លោកទាំងអស់ចេញធ្វើការជាពិសេសគ្មានសល់ម្នាក់។
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានចេញសេចក្តីអំពាវនាវមួយដោយណែនាំទៅដល់
គណបក្សនយោបាយនីមួយៗឲ្យមានការអប់រំទៅលើអ្នកគាំទ្ររបស់ខ្លួនជាពិសេសអ្នកនៅក្នុងក្បួនឲ្យមានការគោរពច្បាប់ចរាចរណ៍។
ដោយឡែកចំពោះបញ្ហាមួកសុវត្ថិភាពនៅពេលហែរក្បួនវិញក៏មិនមានពាក់ដែរគឺអ្នកហែរក្បួនតាមម៉ូតូទាំងអស់ពាក់មួកកន្តឹបបក្សរបស់គេរៀងៗខ្លួន។ ការធ្វើបែបនេះផ្ទុយនឹងច្បាប់ចរាចរណ៍ផ្លូវគោកកម្ពុជា។
ក៏ប៉ុន្តែមន្ត្រីនគរបាលក៏ដូចជាអង្គការជនពិការអន្តរជាតិបែលហ្សិកបានអះអាងថានោះគឺជាកាលៈទេសៈអនុគ្រោះដោយសារតែការដង្ហែរក្បួនឃោសនាប្រព្រឹត្តិទៅយឺតៗនិងមានមន្ត្រីបក្សនិងនគរបាលជួយសម្រួលតាមផ្លូវផងនោះមិនមានអ្វីដែលជាការព្រួយបារម្ភដល់សុវត្ថិភាពចរាចរណ៍នោះទេ។
គួរកត់សម្គាល់ថាប្រទេសកម្ពុជានៅតែប្រឈមនឹងបញ្ហាចរាចរណ៍នៅឡើយដោយសារតែពលរដ្ឋមួយចំនួនមិនគោរពច្បាប់បើកបរដោយប្រើល្បឿននិងបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ជាហេតុធ្វើឲ្យមានមនុស្សស្លាប់និងរបួសនៅតាមដងផ្លូវមិនមានពេលលោះថ្ងៃឡើយ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ