ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពេលវេលាដែលប្រជាពលរដ្ឋប្រើអំណាចសន្លឹកឆ្នោតមកដល់!

សំឡេង ០៤:៥៨
​ពលរដ្ឋ​ខ្មែរ​ត្រូវ​បោះឆ្នោត​រើស​មេដឹកនាំ
​ពលរដ្ឋ​ខ្មែរ​ត្រូវ​បោះឆ្នោត​រើស​មេដឹកនាំ Sive Channa/RFI

យុទ្ធនាការ​ឃោសនា​រកសំឡេង​ឆ្នោត​បាន​ចាប់​ផ្តើម​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី២៧​មិថុនា​ម្សិល​មិញ​។ ក្នុង​អំឡុង​ពេល​នេះ ​គណបក្ស​នីមួយៗ​ បាន​បញ្ចេញ​មហិទ្ធិឬទ្ធិ​ដើម្បី​ទាក់ទាញការ​គាំទ្រ​ពី​អ្នកបោះឆ្នោត។​ នេះ​ក៏ជា​ពេលវេលា​ដែល​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ពិនិត្យ​សង្កេត​ដើម្បី​សម្រេច​ចិត្ត​គូស​យក​គណបក្ស​ណា​មួយ​ឲ្យ​ដឹកនាំ​ប្រទេស ។ ​នេះជា​ពេលវេលា​ដែល​អ្នកបោះឆ្នោត​ប្រើ​អំណាច​ពិតប្រាកដ​របស់​ខ្លួន​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ពោល​គឺ​ «អំណាច​សន្លឹកឆ្នោត»​នេះឯង។

ផ្សាយពាណិជ្ជកម្ម

 នៅក្នុង​របប​ប្រជាធិបតេយ្យ​សេរីបើតាមទ្រឹស្តី ប្រជាពលរដ្ឋ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ម្ចាស់​ប្រទេស​និង​ម្ចាស់​របស់​អ្នកដឹកនាំ​គ្រប់លំដាប់​ថ្នាក់ពីព្រោះ​ពួកគេ​មានអំណាច​ពិសេស​មួយ​គឺ​អំណាចសន្លឹកឆ្នោត។ ​អំណាចសន្លឹកឆ្នោតដែលអាចបង្ខំឲ្យអ្នកនយោបាយ និងអ្នកដឹកនាំ​បម្រើ​ប្រទេសជាតិ និងប្រជាជនឲ្យស្របតាមទ្រឹស្តីប្រជាធិបតេយ្យ។

 
ក៏ប៉ុន្តែនៅ​កម្ពុជាទ្រឹស្តី​នេះ​ហាក់​នៅ​ឆ្ងាយ​ពី​ការពិត​នៅឡើយ។ជាទូទៅពួក​នាម៉ឺននិង​មន្ត្រី​ភាគច្រើន​មិនដែល​ចាត់ទុក​ខ្លួនឯង​ថា​ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ទេផ្ទុយទៅវិញអស់លោក​អ្នកធំ​ទាំងនោះ​តែង​ប្រើ​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គោរព​និង​កោតខ្លាច​អំណាច​បុណ្យស័ក្តិ​របស់​ពួកគេ​ទៅវិញ។ផ្នត់គំនិត​បែបនេះ​ហាក់​បានកើត​ចេញ​ជា​ស្វ័យប្រវត្តិ​ពី​អ្នកមានអំណាច​។

ចំណែកឯ​ប្រជាពលរដ្ឋ​វិញ​ក៏​ហាក់ដូចជា​ព្រម​ទទួលយក​ដោយ​ស្វ័យប្រវត្តិ​នូវ​អំណាច​គ្រប់គ្រង​របស់​អ្នកដឹកនាំនិង​បានប្រគល់​វាសនា​របស់​ខ្លួន​ទាំងស្រុង​ទៅលើ​អ្នកនយោបាយ។​ជាក់ស្តែង​ប្រជាជន​ខ្មែរ​គ្រប់​ជំនាន់​ច្រើនតែ​ចាត់ទុក​មេដឹកនាំ​ថា​ជា​មេ​កើយ​និង​ជា​អ្នកសម្រេច​ជោគ​វាសនា​​របស់​ប្រទេសជាតិ។ហេតុ​ដូច្នេះហើយ​បានជាពួកគេ​មិនសូវ​ខ្វល់ខ្វាយ​ពី​រឿង​នយោបាយ​​​ឡើយពីព្រោះ​ពួកគេ​ចាត់ទុក​បញ្ហា​ប្រទេសជាតិ​ថា​ជា​កិច្ចការ​របស់​អ្នកនយោបាយ​។​ចំណែក​ខ្លួន​ជា​ប្រជាជន​សាមញ្ញ​ត្រូវ​គិតគូរ​តែ​ពី​បញ្ហា​ក្រពះ​តែប៉ុណ្ណោះ។

ផ្នត់គំនិត​សង្គម​បែបនេះហើយ​ដែល​ជំរុញ​ឲ្យ​អ្នកនយោបាយ​ដឹកនាំ​ប្រទេស​តាម​ទំនើងចិត្ត​ដោយ​មិន​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋប៉ុន្មាន​ឡើយ។សង្គ្រាមស៊ីវិល​អស់​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​រហូត​រុញច្រាន​ប្រទេស​ឲ្យ​ធ្លាក់​ក្នុង​របប​ប្រល័យពូជសាសន៍​គឺជា​ផលវិបាក​ជាក់ស្តែង​បំផុត​នៃ​ការដឹកនាំ​ប្រទេស​ទៅតាម​មហិច្ឆតា​គ្មាន​ព្រំដែន​របស់​អ្នកនយោបាយខ្មែរ។

បច្ចុប្បន្នប្រទេស​កម្ពុជាកំពុង​ស្ថិតក្នុង​របត់​ថ្មី​នៃ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​ប្រជាពលរដ្ឋ​មានអំណាច​ធ្វើជា​ម្ចាស់​ប្រទេសនិង​ម្ចាស់​លើ​ជោគវាសនា​របស់ខ្លួន។អំណាច​របស់​ពួកគេ​បានមកពី​សន្លឹកឆ្នោត។អំណាច​សន្លឹកឆ្នោត​អាច​បង្ខំ​ឲ្យ​អ្នកនយោបាយ​ត្រូវតែ​ដាក់ខ្លួនជាអ្នក​បម្រើ​ម្ចាស់ឆ្នោត។ប៉ុន្តែទោះជា​យ៉ាងនេះ​ក្តីប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅតែ​មិនទាន់​យល់ដឹងនិង​មិនទាន់​ចេះ​ប្រើ​ពី​អំណាច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ។ហេតុដូច្នេះ​ហើយ​បានជា​មន្ត្រី​មានបុណ្យ​ស័ក្តិ​មួយចំនួននៅតែ​អាច​ប្រើ​អំណាច​បំពាន​ទៅលើ​ប្រជាពលរដ្ឋ​បានជា​ហូរហែ។

ប៉ុន្តែ ​ដល់​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត​ ទើប​អ្នកនយោបាយ ​និង​មន្ត្រី​មាន​បុណ្យស័ក្តិ​នាំគ្នា​លំឱន​កាយ​គោរព ​និង​យកចិត្ត​ប្រជាពលរដ្ឋ។ ​ដូច្នេះ ​តើ​គួរ​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​អ្នកនយោបាយ​ និង​មន្ត្រី​អុ្នកមាន​អំណាច​ធ្វើការ​បម្រើ​ប្រជាពលរដ្ឋ​ពិតប្រាកដ​និង​ជារៀង​រហូត?​ វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នោះ​គឺ​ការប្រើប្រាស់​អំណាច​សន្លឹកឆ្នោត​នេះឯង។ ​សូម​កុំភ្លេច​ថា ​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ពិតជា​មាន​តម្លៃ​ណាស់​សម្រាប់​អ្នកបោះឆ្នោត។ ​ប៉ុន្តែ ​តម្លៃ​របស់​សន្លឹកឆ្នោត​មាន​ឥទ្ធិពល​នៅពេល​ណា​ដែល​អ្នកបោះឆ្នោត​ចេះ​ប្រើប្រាស់​វា​ឲ្យ​ចំទិសដៅ។ ​មាន​ន័យ​ថា ​មុន​នឹង​បោះឆ្នោត​ផ្តល់​ក្តី​ទឹកចិត្ត​ដល់​អ្នកណា​ម្នាក់ ​ឬ​គណបក្ស​ណាមួយ​ ការ​ស្តាប់​ពាក្យ​ឃោសនា​ឬ​វោហាសព្ទ័​របស់​អ្នកនយោបាយ​ក្នុង​ពេល​យុទ្ធនាការ​ឃោសនា​នៅ​មិន​គ្រប់គ្រាន់​ទេ ​តែ​គេ​ត្រូវ​សិក្សា​ឲ្យ​បាន​ស៊ីជម្រៅ​ជាង​នេះ។

ប្រសិន​បើ​អ្នកបោះឆ្នោត​បាន​តាមដាន​ និង​ព្យាយាម​ស្វែង​យល់​ពី​អ្នកនយោបាយ​ឲ្យ​បាន​ច្រើន​ពួកគេ​ប្រហែល​ជា​មិន​ពិបាក​សម្រេច​ចិត្ត​ទេ។​ រីឯ​យុទ្ធនាការ​ឃោសនា​គគ្រឹក​គគ្រេង​ដោយ​ចំណាយ​ប្រាក់​សន្ធឹកសន្ធាប់​នោះ​ក៏មិន​សូវ​ជា​ចាំបាច់​ប៉ុន្មាន​ឡើយ។ ​ប៉ុន្តែ ​នៅ​កម្ពុជា​ម្ចាស់​ឆ្នោត​ភាគច្រើន​មិនសូវ​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​គណបក្ស​នយោបាយ​ឡើយ។​ ម្យ៉ាង​បណ្តាល​មក​ពី​ទម្លាប់​របស់​ពលរដ្ឋ​ខ្មែរ​មិន​សូវ​ជាចាប់អារម្មណ៍​នឹង​នយោបាយ ​រីឯ​ម្យ៉ាងទៀត​ មក​ពី​ព័ត៌មាន​អំពី​នយោបាយ​មិន​បាន​ចូលជ្រៅ​ទៅ​ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​ជាពិសេស​អ្នករស់​នៅ​ទីជនបទ។

យ៉ាងណា​ក៏ដោយ​ចុះ ​ប្រជាពលរដ្ឋ​ខ្មែរ​ហាក់​បាន​យល់​ដឹង​កាន់តែច្រើន​ជាងមុន​អំពី​សិទ្ធិ​បោះឆ្នោត​របស់​ខ្លួន។ ប្រសិន​បើ​ពួកគេ​ចេះប្រើប្រាស់​សន្លឹកឆ្នោត​មួយ​សន្លឹក​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ ពួកគេ​ពិតជា​អាច​ធ្វើជា​ម្ចាស់​ប្រទេស​ ម្ចាស់​មេដឹកនាំ​ និង​ជាពិសេស​គឺម្ចាស់​លើ​ជោគ​វាសនា​របស់​ខ្លួន​ជា​មិន​ខាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI