ប្រតិកម្មជុំវិញ បម្រាមរបស់ក្រសួងព័ត៌មានក្នុងការផ្សាយបន្តរបស់ វិទ្យុ FM ពីវិទ្យុបរទេសជាខេមរភាសា
ចុះផ្សាយនៅថ្ងៃ៖
ម្រាមរបស់ក្រសួងព័ត៌មានដល់គ្រប់ស្ថានីយវិទ្យុ FM ទាំងអស់ ក្នុងការបន្តផ្សាយពីវិទ្យុបរទេសជាខេមរភាសាក្នុងរយៈពេលបើកយុទ្ធនាការឃោសនាបោះឆ្នោតនិងថ្ងៃបោះឆ្នោត រយៈពេល៣១ថ្ងៃ បានធ្វើឱ្យប្រតិកម្មជាច្រើនជុំវិញរឿងនេះ។ ប៉ុន្តែ គ្មានការពន្យល់ណាមួយពីមន្ដ្រីក្រសួងព័ត៌មាន ឬមន្ត្រីរដ្ឋាភិបាលឡើយ។
បន្ទាប់ពីបានទទួលសេចក្ដីណែនាំនេះ វិទ្យុក្នុងស្រុក ដូចជា វិទ្យុសំបុកឃ្មុំ FM 105 វិទ្យុសំឡេងស្ត្រីកម្ពុជា FM 102 និងវិទ្យុ FM 93.5 នៅភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ក៏បានផ្អាកការផ្សាយកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី វិទ្យុវីអូអេ វិទ្យុបារាំងអន្តរជាតិ RFI និងវិទ្យុ ABC របស់អូស្ត្រាលីជាដើម។ ចាប់ពីយប់មិញ យប់ថ្ងៃទី២៨ មិថុនា ម៉ោងផ្សាយបន្តពីវិទ្យុបរទេសជាខេមរភាសាទាំងនោះត្រូវបានជំនួសដោយបទចម្រៀងទំនើបចម្រុះវិញ។
បញ្ហានេះបានធ្វើឱ្យអ្នកធ្លាប់ស្តាប់កម្មវិធីព័ត៌មានវិទ្យុបរទេសជាខេមរភាសាទាំងនោះមានការងឿងឆ្ងល់ជាខ្លាំង។ បន្ទាប់ពីបានសាកសួរ ពួកគេក៏បានដឹងថា នេះជាបម្រាមរបស់ក្រសួងព័ត៌មាន។ អ្នកស្តាប់មួយចំនួនបានសម្តែងការសោកស្តាយចំពោះបម្រាមនេះនិងចង់ឱ្យក្រសួងព័ត៌មានអនុញ្ញាតឱ្យវិទ្យុទាំងនោះចាក់ផ្សាយដូចធម្មតាឡើងវិញ។
ចំណែកអង្គការសង្គមស៊ីវិល អង្កេតការណ៍បោះឆ្នោត ក៏បានបញ្ចេញប្រតិកម្មតបនឹងបម្រាមនេះដែរ។ លោក គល់ បញ្ញា នាយកប្រតិបត្តិគណកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានប្រាប់វិទ្យុបារាំង RFI តាមទូរស័ព្ទថា បម្រាមនេះប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិសេរីភាពនៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ។ លោកបន្តថា នៅក្នុងអំឡុងពេលបោះឆ្នោត គួរណាស់តែមានការលើកទឹកចិត្តឱ្យប្រព័ន្ធផ្សព្វផ្សាយ ប្រើមធ្យោបាយយ៉ាងណាផ្សាយពីរឿងបោះឆ្នោតឱ្យ បានច្រើន ដើម្បីឱ្យ ប្រជាជនយល់ដឹងពីការបោះឆ្នោតឱ្យបានច្រើន។
លោកគល់ បញ្ញា បន្ថែមថា តួនាទីក្រសួងព័ត៌មានគឺ ត្រួតពិនិត្យលើការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ធ្វើយ៉ាងណាកុំឱ្យលម្អៀង ហើយប្រសិនបើប្រព័ន្ធផ្សព្វផ្សាយណាមួយលម្អៀង ឬមិនគោរពតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្រសួងអាចណែនាំដល់ស្ថាប័ននោះ ពីរបៀបផ្សព្វផ្សាយដែលត្រឹមត្រូវ តែមិនមែនចេញសេចក្ដីណែនាំឱ្យផ្អាកការផ្សាយបន្តដូច្នេះទេ។
សេចក្ដីណែនាំរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី២៥ ខែមិថុនា បានតម្រូវឱ្យគ្រប់វិទ្យុ FMផ្អាកការផ្សាយបន្តពីវិទ្យុបរទេស ដែលផ្សាយជាខេមរភាសា ក្នុងរយៈពេលបើកការឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោតដែលមានរយៈពេល ៣១ថ្ងៃ។ នៅក្នុងសេចក្តីណែនាំដែលចុះហត្ថលេខាដោយលោកអ៊ុក ប្រាថ្នា ក្នុងនាមជារដ្ឋមន្រ្តីស្តីទីក្រសួងព័ត៌មានក៏បានព្រមានផងដែរថានឹង"ចាត់វិធានការតាមផ្លូវច្បាប់ "ចំពោះវិទ្យុFMណាដែលរំលោភលើបម្រាមនេះ។ មន្ត្រីក្រសួងព័ត៌មាន ក៏ដូចជាមន្ត្រីរដ្ឋាភិបាលដែរមិនអាចសុំការពន្យល់បន្ថែមណាមួយអំពីបម្រាមនេះបានទេរហូតមកទល់នឹងថ្ងៃសៅរ៍នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ