អានតួអត្ថបទ
កម្ពុជា

មុន​កិច្ចប្រជុំ​សភា​ដំបូង គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​ចោទ​គ្នា​ថា រំលោភ​រដ្ឋធម្មនុញ្ញ

សន្និសីទ​កាសែត​របស់​គណបក្ស​សង្រ្គោះជាតិ​ (រូបបណ្ណាសារ)
សន្និសីទ​កាសែត​របស់​គណបក្ស​សង្រ្គោះជាតិ​ (រូបបណ្ណាសារ) ©REUTERS
ដោយ៖ ស៊ុន មេសា
១៦ នាទី

នៅក្នុង​សន្និសីទ​កាសែត​ផ្សេងគ្នា​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះគណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​រក្សា​ជំហរ​មិន​ចូលប្រជុំ​សភា​ដដែល ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ត្រៀមខ្លួន​ចូល​ប្រជុំ។ គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នេះ​ក៏បាន​ចោទ​ប្រកាន់​គ្នា​ទៅវិញ ទៅមក​ថា​ បាន​បំពាន​រដ្ឋធម្មនុញ្ញ​មាត្រា​៨២​ថ្មី។ ចំណែកឯ ​អង្គការ​សង្គម​ស៊ីវិល​មួយក្រុម​ក៏បាន​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ពន្យារ​ពេល​កិច្ចប្រជុំ​នេះ​ផងដែរ។ 

ផ្សាយពាណិជ្ជកម្ម

ពីរ​ថ្ងៃមុន​កិច្ចប្រជុំសភា​ដំបូង ដែល​គ្រោង​បើក​ធ្វើ​នៅ​ថ្ងៃទី២៣កញ្ញា​ខាងមុខ​លោក​សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បានប្រកាស​បញ្ជាក់​ជាថ្មី​ថាតំណាងរាស្ត្រ​ទាំង៥៥រូប​របស់​គណបក្ស​នេះ​នឹងមិន​ចូលប្រជុំ​សភា​ដំបូង​ទេ។ លោកសមរង្ស៊ីដែល​នៅតែ​ទាមទារ​ឲ្យ​ព្រះមហាក្សត្រ​​​ពន្យារពេល​កិច្ចប្រជុំ​នេះ​បាន​ពន្យល់ថា បើ​យោងតាម​មាត្រា៨២ថ្មីនៃ​រដ្ឋធម្មនុញ្ញ​គឺ គណបក្ស​នយោបាយ​មាន​ពេល​យ៉ាងយូរ​៦០ថ្ងៃ ក្រោយ​ពេល​បោះឆ្នោត។

 
សម្រាប់​លោកសមរង្ស៊ីពាក្យ​ថា ក្រោយ​ការបោះឆ្នោត គឺ​គេ​រាប់​ចាប់​ពី​ការប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត ពោលគឺ​ចាប់ពី​ថ្ងៃទី០៨កញ្ញា​តទៅ គឺ​មិនមែន​គិតពី​ថ្ងៃ​បោះឆ្នោត​២៨កក្កដា​នោះឡើយ។ ក្នុងន័យនេះ​លោក​អះអាងថា គណបក្ស​នយោបាយ នៅមាន​ពេល​ប្រមាណ​ជា១ខែ​ទៀត មុន​ចូលប្រជុំ​សភា​លើកដំបូង។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែមាន​ឆន្ទៈ​បន្ត​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងអំឡុងពេល ១ខែ​នេះ។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​មានះ​ចង់​ប្រជុំ​សភា​ដំបូង នៅ​ថ្ងៃ២៣កញ្ញា​តែម្នាក់ឯង នោះមាន​ន័យ​ថា គណបក្ស​នេះ​កំពុងតែ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ ហើយ​កំពុងតែ​បង្ខំ​ព្រះមហាក្សត្រ។ លោក​សម រង្ស៊ីបន្ត​ថា ទាំង​គណបក្ស​​ប្រជាជន​កម្ពុជា និង​ព្រះមហាក្សត្រ​មិន​ចាំបាច់​តក់ក្រហល់ ក្នុងការ​ប្រជុំ​សភា​ឡើយ។

ប៉ុន្តែ នៅក្នុង​សន្និសីទកាសែត​មួយ​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​សុក្រ​នេះដែរ លោក​កែវ រ៉េមី​រដ្ឋលេខាធិការ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ប្រកាសថា ទោះជា​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ចូលប្រជុំ ក៏​កិច្ចប្រជុំសភា​ដំបូង​នៅតែ​អាច​ប្រព្រឹត្ត​ទៅបាន​ដោយ​គ្មាន​ការជាប់គាំង​ទេ។ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ​នៅតែ​អះអាង​ថា កិច្ចប្រជុំ​សភា​ដំបូង នៅ​ថ្ងៃទី២៣កញ្ញា​នេះ គឺធ្វើ​ឡើង​តាម​រដ្ឋធម្មនុញ្ញ និង​តាម​ការត្រាស់បង្គាប់​របស់​ព្រះមហាក្សត្រ។

លោកកែវ រ៉េមីបាន​ចោទ​គណបក្ស​សង្គ្រោះ​ជាតិ​ថា មិន​គោរព​ច្បាប់ និង​កំពុង​ធ្វើ​ឲ្យ​បរិយាកាស​ក្រោយ​ការបោះឆ្នោត​មាន​លក្ខណៈ​ផុយស្រួយ។ ដោយឡែក​អង្គការ​សង្គម​ស៊ីវិល​មួយក្រុម​ដែល​ស្ថិត​ក្នុង​ក្រុម​បន្ទប់​ស្ថានការណ៍​នៃ​ការបោះឆ្នោត​ក៏បាន​ដាក់​លិខិត​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​សុំ​ឲ្យ​ព្រះអង្គ​ពន្យារ​ពេល​កិច្ចប្រជុំ​នេះដែរ។ សង្គម​ស៊ីវិល​ទាំងនោះ​ក៏​បកស្រាយ​ច្បាប់​ធម្មនុញ្ញ​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ។ នេះ​បើ​យោងតាម​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ