អានតួអត្ថបទ
កម្ពុជា

មេបក្ស​ប្រឆាំង​ដឹកនាំ​តំណាងរាស្ត្រ​របស់ខ្លួន​ស្បថ​សច្ចា​ជាផ្លូវការ នៅមុខ​ប្រាសាទ​អង្គរវត្ត

បេក្ខជន​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ស្បថ​នៅ អង្គវត្ត​ថា នឹង​បម្រើ​ប្រយោជន៍​ឲ្យ​ប្រជាជន
បេក្ខជន​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ស្បថ​នៅ អង្គវត្ត​ថា នឹង​បម្រើ​ប្រយោជន៍​ឲ្យ​ប្រជាជន ©parti de CNRP
ដោយ៖ គឹម យុទ្ធណា
១៨ នាទី

នៅមួយ​ថ្ងៃ​មុន​ការប្រជុំ​សភា​ដំបូង ប្រធាន​គណបក្សសង្គ្រោះ​ជាតិ លោក​សម រង្ស៊ី និង​អនុប្រធាន លោក​កឹម សុខា នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី២២ ខែកញ្ញានេះ​បាន​ដឹកនាំ​បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោត​ទាំង​៥៥នាក់ ធ្វើ​សច្ចា​ប្រណិធាន​ជា​ផ្លូវការ នៅមុខ​ប្រាសាទ​អង្គវត្ត ក្នុង​ខេត្តសៀមរាប។ ជាការស្បថ​សច្ចា​ដើម្បី​បញ្ជាក់ថា ពួកគេ​មិន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ដោយ​ការប្តេជ្ញា​មិន​ចូលរួម​ប្រជុំ​សភា​ដំបូង ដែល​គ្រោង​ចាប់ផ្តើម នៅ​ថ្ងៃស្អែក​នេះ ក្រោម​ព្រះរាជអធិបតីភាព​របស់​ព្រះមហាក្សត្រ។

ផ្សាយពាណិជ្ជកម្ម

 

-សូម​ប្តេជ្ញាប្តូរផ្តាច់ ហ៊ាន​បូជាជីវិត មិន​ក្បត់ជាតិ​មាតុភូមិ​កម្ពុជា
-សូម​ប្តេជ្ញា មិន​ក្បត់​ឆន្ទៈ​ប្រជាពលរដ្ឋ​ជាដាច់ខាត
-សូម​ប្តេជ្ញា ប្រឆាំង​ដាច់ខាត​អំពើ​ផ្តាច់ការ ពុករលួយ និង​អយុត្តិធម៌​សង្គម​គ្រប់បែបយ៉ាង

ទាំងអស់នេះ​ជា​ពាក្យ​សច្ចាប្រណិធាន​ថ្លែង​ចេញពី​មាត់​របស់​តំណាងរាស្ត្រ​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក​កឹម សុខា នៅ​ចំពោះមុខ​ប្រាសាទ អង្គរវត្ត។ ប្រាសាទ​អង្គវត្ត។ ទី​កន្លែង​អច្ឆរិយៈ​ដ៏ល្បីល្បាញ​របស់​កម្ពុជា និង​ពិភពលោក។

ក្នុង​ពិធី​ស្បថសច្ចា​ប្រណិធាន នេះ​តំណាងរាស្ត្រ​ម្នាក់ៗ​ដែល​ដៃ​របស់​ពួកគេ​មាន​កាន់​ធូប និង​ផ្កាឈូក​បាន​លុតជង្គង់​លើកដៃ​បួងសួង​ប្រកាស​ប្តេជ្ញា​នៅ​ចំពោះ​វត្ថុ​ស័ក្កិសិទ្ធិ​បារមី​បុព្វបុរស​នៃ​ប្រាសាទ​អង្គរវត្ត ថា ពួកគេ​នឹង​ប្រើប្រាស់​តួនាទី​តំណាងរាស្ត្រ​ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ និង​បំរើ​ផលប្រយោជន៍​ប្រជារាស្ត្រ​ពិតប្រាកដ។

ប្រធាន​គណបក្ស​ប្រឆាំងលោក​សមរង្ស៊ី​បានបញ្ជាក់​យ៉ាងច្បាស់​ថាបេក្ខជន​តំណាងរាស្ត្រ​ទាំងអស់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្បថ​នៅមុខ​បារមី​ព្រះមហាក្សត្រដែល​បាន​កសាង​ប្រាសាទ​អង្គរថានឹង​គោរព​ឆន្ទៈ​ប្រជារាស្ត្រ និង​​មិន​ចូលប្រជុំ​សភា នៅ​ថ្ងៃទី២៣ខែកញ្ញាខាងមុខនេះ​ជាដាច់ខាត។នេះ​បើតាម​បណ្តាញ​សង្គម​ហេ្វសប៊ុក​របស់​លោកសមរង្ស៊ីដែល​លោក​បាន​សរសេរ​ដោយ​ផ្ទាល់ក្រោយ​ពិធី​សច្ចា​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ។

លោក​សម រង្ស៊ី បាន​សរសេរ​ក្នុង​ហ្វេសប៊ុក​របស់​ខ្លួន​ថា តំណាងរាស្ត្រ​ដែល​ចួ​ល​រួម​ស្បថ នៅ​ព្រឹក​នេះមាន​ចំនួន​៦៣រូប ក្នុងនោះមាន​៥៥រូប ដែលគជប​ប្រកាស​ថា ជាប់ឆ្នោត​ខណៈ ៨រូបផ្សេង​ទៀត ត្រូវ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា រងគ្រោះ​ដោយសារ​ការលួចបន្លំ​សន្លឹកឆ្នោត។

គួរ​បញ្ជាក់ថា ការស្បថ​សច្ចា និង​ការនៅតែ​ប្រកាន់​ជំហរ​ដាច់ខាត​បែបនេះ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិបានធ្វើ​ឡើង នៅមុន​មួយថ្ងៃ​តែប៉ុណ្ណោះ នៃ​ការចូល​ប្រជុំ​សភា​ដំបូង នៅ​ថ្ងៃស្អែក​នេះ​ក្រោម​ព្រះរាជអធិបតីភាព​រប​ស់​ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម សីហមុនី។

កាលពី​ថ្ងៃ​សុក្រ លោក​សម រង្ស៊ី ប្រធាន​គណបក្ស​ង្គ្រោះ​ជាតិ​បាន​ស្នើសុំ​ព្រះមហាក្សត្រ​ឲ្យ​ពន្យារ​ពេល​កិច្ចប្រជុំ​សភា​ដំបូង រហូត​ដល់​ថ្ងៃទី៧ វិច្ឆិកា ដើម្បី​ទុកពេល​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។ ប៉ុន្តែ រហូត​ដល់​ថ្ងៃអាទិត្យ​នេះ ព្រះមហាក្សត្រ​នៅ​មិនមាន​ព្រះរាជបន្ទូល​តប​នឹង​លិខិត​ស្នើ​ពន្យា​ពេល របស់​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ ​នៅឡើយ​ទេ។

ចំណែក​លោក​ជាម យៀប សមាជិក​ការិយាល័យ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា ជំហរ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​បាន​ស្បថសច្ចា​រួចហើយ​ថា នឹងចូលរួម​ប្រជុំ​សភា​ដំបូង នៅ​ថ្ងៃស្អែក​នេះក្រោម​ព្រះរាជអធិបតីភាព​រប​ស់​ព្រះមហាក្សត្រព្រះបាទ​នរោត្តម សីហមុនី ដោយ​គ្មាន​ការប្រែប្រួល​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ