ឆ្នាំនេះនួន ជា និងខៀវ សំផន មិនប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌទេ
ខុសពីឆ្នាំមុនៗ ឆ្នាំនេះ អតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងពីរដែលកំពុងជាប់ក្នុងមន្ទីរឃុំឃាំងនៃសាលាក្តីខ្មែរក្រហម គឺនួន ជា និង ខៀវ សំផន មិនបានស្នើសុំរៀបចំប្រារព្ធពិធីសាសនាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះទេ។ ប៉ុន្តែ នៅក្នុងបន្ទប់ឃុំឃាំងរបស់ជនជាប់ចោទទាំងពីរមានអាសនៈដែលតាំងរូបព្រះពុទ្ធបដិមាសម្រាប់ឲ្យពួកគេគោរពបូជាតាមគន្លងព្រះពុទ្ធសាសនាជាប្រចាំ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ជារៀងរាល់ឆ្នាំ នៅពេលមានពិធីបុណ្យប្រពៃណីសាសនាធំៗដូចជា ចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ជាដើម អតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមដែលកំពុងជាប់ក្នុងមន្ទីរឃុំឃាំងតែងស្នើសុំទៅអ្នកគ្រប់គ្រងពន្ធនាគារដើម្បីបា្ររព្ធពិធីសាសនា។ ពិធីនោះមានដូចជាការនិមន្តព្រះសង្ឃសូត្រមន្ត និងរាប់បាត្រជាដើម។
ប៉ុន្តែ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ជនជាប់ចោទទាំងពីរដែលនៅសល់ចុងក្រោយគឺ នួន ជា និងខៀវ សំផន មិនបានប្រារព្ធពិធីសាសនាទេ។ គេមិនដឹងមូលហេតុអ្វីពិតប្រាកដដែលជនជាប់ចោទទាំងពីរមិនប្រារព្ធបុណ្យភ្ជុំបិណ្ឌនោះទេ ប៉ុន្តែ លោក ឌឹម សុវណ្ណារុំ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្តីខ្មែរក្រហមបានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា មូលហេតុដែលអ្នកទាំងពីរមិនបានប្រារព្ធពិធីសាសនាដូចសព្វដងពីព្រោះតែនៅក្នុងបន្ទប់ឃុំឃាំងនីមួយៗសុទ្ធតែមានអាសនៈតម្កល់ព្រះពុទ្ធបដិមាសម្រាប់ឲ្យពួកគេគោរពបូជាគ្រប់ពេលវេលាបាន។
បើយោងតាមលោក ឌឹម សុវណ្ណារុំ អាសនៈព្រះដែលមាននៅក្នុងបន្ទប់ឃុំឃាំងនោះត្រូវបាននាយកដ្ឋានពន្ធនាគាររៀបចំឡើងដើម្បីជាការគោរពសេរីភាពជំនឿសាសនារបស់ជនជាប់ចោទ។ ក្រៅពីកាំង ហ្គិចអ៊ាវ ហៅឌុច អតីតប្រធានមន្ទីរសន្តិសុខ ស២១ ដែលបានប្តូរសាសនាពីព្រះពុទ្ធទៅកាន់សាសនាគ្រឹះវិញនោះ ជនជាប់ចោទផ្សេងទៀតនៃសាលាក្តីខ្មែរក្រហមនៅតែកាន់ព្រះពុទ្ធសាសនាដដែល។ ពួកគេនៅតែជាពុទ្ធសាសនិកជនដ៏សកម្មបើទោះបីជាជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក៏ដោយ។ សូម្បីតែនៅក្នុងបន្ទប់ឃុំឃាំងក៏មានតម្កល់ព្រះពុទ្ធបដិមាសម្រាប់គោរពបូជាដែរ។
គួរបញ្ជាក់ថា សំណុំរឿង ០០២ វគ្គទី១ បានឈានដល់ទីបញ្ចប់ហើយ។ សវនាការដើម្បីធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់ការដេញដោលសំណុំរឿងនេះត្រូវគេគ្រោងនឹងបើកធ្វើនៅថ្ងៃទី ១៦ តុលាគឺក្រោយពីបញ្ចប់បុណ្យភ្ជុំបិណ្ឌ។ ជនជាប់ចោទទាំងពីរគឺ ខៀវ សំផន និងនួន ជា ដែលតែងបដិសេធមិនទទួលខុសត្រូវចំពោះបទឧក្រិដ្ឋក្នុងរបបដែលខ្លួនដឹកនាំនោះ បានត្រៀមខ្លួនរួចរាល់ហើយដើម្បីឆ្លើយដោះសារប្រឆាំងនឹងការចោទប្រកាន់។ នេះបើតាមប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ