កម្ពុជា

ទឹកជំនន់រំខានភ្ញៀវទេសចរពេលភ្ជុំបិណ្ឌ

ក្មេងៗ​ហែលទឹកជំនន់​ដែល​លិច​នៅ​មុខ​ព្រះ​បរមរាជ​វាំង​ ក្នុង​រាជធានី​ភ្នំពេញ
ក្មេងៗ​ហែលទឹកជំនន់​ដែល​លិច​នៅ​មុខ​ព្រះ​បរមរាជ​វាំង​ ក្នុង​រាជធានី​ភ្នំពេញ @rfi/siv channa

ភ្ញៀវ​​ក្នុង​ស្រុក​​ទៅ​​ដើរ​​កំសាន្ត​​នៅ​​តំបន់​ទេសចរ​ណ៏​​មាត់​សមុទ្រ​ ខេត្ត​សៀមរាប​ និង​​ខេត្ត​ក្រចេះ​មាន​ការ​ថយចុះ ​នៅក្នុង​​ពិធី​បុណ្យ​​ភ្ជុំបិណ្ឌ​​ឆ្នាំនេះ​។ ការ​ថយចុះ​​នេះ​​បណ្តាល​មក​ពី​ទឹក​ជំនន់​ និង​កក្តា​​ជីវភាព​​របស់​​ប្រជាពល​រដ្ឋ​មួយ​ចំនួន​​ផង​ដែរ​។

ផ្សាយពាណិជ្ជកម្ម

សម្រាប់​ខេត្ត​ព្រះសីហនុ ដែល​នៅជាប់​មាត់សមុទ្រ​នៅ​ថ្ងៃបុណ្យ​ភ្ជុំ​ធំ កាលពី​ថ្ងៃ​ម្សិលមិញ​ចំនួន​​ភ្ញៀវទេសចរ​ណ៏​ទៅ​ដើរ​កំសាន្ត​នៅក្នុង​ខេត្ត​នេះ មានការ​ថយចុះ ខណៈដែល​អាកាស​ធាតុ​មិនសូវ​អំណោយផល​ប៉ុន្មាន​ឡើយ ដោយសារ​មាន​ភ្លៀង​ធ្លាក់។  

 

លោក តេង ខា ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្ត​ព្រះសីហនុ​បាន​ថ្លែងថា ជាការ​កត់សម្គាល់ ចំនួន​ភ្ញៀវទេសចរ​ណ៏​ក្នុងស្រុក ដែល​មក​កម្សាន្ត​នៅក្នុង​ខេត្ត​នេះ ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​មាន​ចំនួន​ប្រហែល៨០ភាគរយ​តែប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ឫ​ចូលឆ្នាំ​ចិន​នោះ ដែល​ភ្ញៀវ​មក​កម្សាន្ត​មាន​ចំនួន​ច្រើន ពេញ​មួយរយ​ភាគរយ។

លោក​បន្តថា ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយចំនួន​នៅមាន​សល់​បន្ទប់​ជាច្រើន មិនមាន​ការ​កក់​ទុក​មុន​ច្រើន​ដូច​ពេល​បុណ្យចូលឆ្នាំ​នោះទេ។ បើតាម​ការកត់សម្គាល់​របស់លោក តេង ខា ក្នុង​រយៈពេល​ពេល​បុណ្យ​ភ្ជុំ​បី​ថ្ងៃ​កន្លងមកនេះ​ប្រជាពលរដ្ឋ​ខ្មែរ ហាក់ដូចជា​មិនសូវ​ចាប់​អារ​ម្ម​ណ៏​ដើរ​កម្សាន្ត​ច្រើន​ប៉ុន្មាន​ឡើយ​នៅក្នុង​ខេត្ត​មាត់សមុទ្រ​មួយ​នេះ។

ដោយឡែក បើតាម​លោក អាង គឹម​អៀង    ប្រធាន​សមាគម​ទីភ្នាក់ងា​ទេសចរណ៍​កម្ពុជា បាន​​​ថ្លែង​ឲ្យ​ដឹង​ពី​ខេត្តសៀមរាប​មក​ថា ចំនួន​ភ្ញៀវ​ចំនួន​ភ្ញៀវទេសចរ​ណ៏​មក​កម្សាន្ត​ក្នុង​ខេត្ត​សៀមរាប នា​ពិធីបុណ្យ​ភ្ជុំ​នេះ ហាក់​មិនមាន​ចំនួន​ច្រើន​កុះករ​នោះទេ។ លោក​បាន​កត់​សម្គាល់​ថា ដោយសារ​ជំនន់​ទឹកភ្លៀង​ធ្វើ​ឲ្យ​ផ្លូវ និង​ប្រាសាទបុរាណ​មួយចំនួន​ក្នុង​ខេត្តសៀម​រាប​​លិច​ទឹក ដែលជា​ការរំខាន​ដល់​ភ្ញៀវទេសចរ​ណ៏។ ក្នុងនោះ​ក៏មាន​ការកកស្ទះ​ចរាចរ​ណ៏​ផងដែរ។ លោក​បញ្ជាក់ថា ការថយចុះ​នេះ​អាច​បណ្តាល​មក​កត្តា​ជីវភាព​របស់​ប្រជាពលរដ្ឋ ដោយ​​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​នេះ ពួកគេ​ត្រូវ​ការជួបជុំ​បងប្អូន​សាច់ញាតិ​នៅ​ស្រុកកំណើត។

តំបន់​ទេសចរ​ណ៏​នៅ​ភាគ​ឦសាន​ឯណោះ​វិញ សម្រាប់​ខេត្តក្រចេះ បើតាម​លោក រ៉ុ​ន ភា​រ៉ា ប្រធាន​មន្ទីរ​ទេសចរ​ណ៏​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹងថា ដោយសារ​ជួប​គ្រោះទឹកជំនន់ ដែល​កំពុងតែ​ជន់​ឡើង​នេះ ធ្វើ​ឲ្យ​កន្លែង​កម្សាន្ត​ចំនួន​ត្រូវ​ជន់​លិច ដែល​ភ្ញៀវទេសចរ​ណ៏​មិនអាច​ទៅ​កម្សាន្ត​បាន​នោះទេ។ ប៉ុន្តែ​ជាទូទៅ ប្រធាន​មន្ទីរ​ទេសចរ​ណ៏​រូបនេះ បាន​កក់​សម្គាល់ថា មិនមាន​ភ្ញៀវ​ទេសចរ​ណ៏​ក្នុងស្រុក​មកលេង​ខេត្តក្រចេះ​ច្រើន​នោះទេ មានតែ​អ្នកដំណើរ​ឆ្លងកាត់ និង​ប្រជា​ពលរដ្ឋ​ដែល​រស់នៅក្នុង​ខេត្ត​មក​ចូលរួម​បុណ្យ​ភ្ជុំ​ជាមួយ​ក្រុមគ្រួសារ​តែប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI