ត្រូវបើកសិទ្ធិសេរីភាពនិយាយស្តីបន្ថែមទៀតដល់អ្នកជំនាញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ឆ្នាំ២០១៣នេះ នឹងក្លាយជាឆ្នាំប្រារព្ធទិវាសិទ្ធិមនុស្សដ៏គួរអោយកត់សម្គាល់មួយ។ រដ្ឋាភិបាល គណបក្សជំទាស់ និងសង្គមស៊ីវិលបានរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិទាំងអស់គ្នា ដាច់ដោយឡែកពីគ្នា ជាមួយនឹងប្រធានបទផ្សេងៗគ្នាទៀតផង។ សេរីភាពបញ្ចេញមតិ គឺជាសិទ្ធិមូលដ្ឋានមួយ ដែលត្រូវលើកតម្កើង។ កម្ពុជានៅត្រូវការអ្នកបញ្ចេញមតិច្រើនទៀត ដើម្បីស្ថាបនា និងអភិវឌ្ឍន៍ខ្លួន ពិសេសការបញ្ចេញមតិរបស់អ្នកជំនាញ និងបញ្ញវន្តជាន់ខ្ពស់។ ដោយសារតែសំពាធ និងការភ័យខ្លាចពីអ្នកកាន់អំណាច កម្ពុជាដែលមានប្រជាជនជិត១៥លាននាក់ មានតែអ្នកបញ្ចេញមតិអត្ថាធិប្បាយបញ្ហាសង្គម សេដ្ឋកិច្ច និងនយោបាយប្រមាណ១០នាក់ប៉ុណ្ណោះ។
ប្រមាណ២០ឆ្នាំមកនេះ កម្ពុជាបានដើរនៅលើផ្លូវប្រជាធិបតេយ្យដ៏វែងឆ្ងាយមួយ។ ផ្លូវប្រជាធិបតេយ្យដែលគេនិយាយអំពីសិទ្ធិបញ្ចេញមតិ។ ២០ឆ្នាំមកនេះ ដោយមិននិយាយអំពីតួអង្គអ្នកនយោបាយកំពូលៗ ដូចជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានរដ្ឋសភាលោកហេង សំរិន ប្រធានព្រឹទ្ធសភា លោក ជា ស៊ីម អតីតប្រធានគណបក្សហ្វ៊ុនស៊ីនប៉ិចព្រះអង្គម្ចាស់នរោត្តម រណឬទ្ធិ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី និងលោកកឹម សុខា ពលរដ្ឋខ្មែរអ្នកតាមដានព័ត៌មានបានឃើញតែឈ្មោះ និងលឺសំឡេងក្រុមអ្នកអត្ថាធិប្បាយអំពីបញ្ហាសង្គម សេដ្ឋកិច្ច និងនយោបាយ ដដែល។
បើនិយាយអំពីភាគីខាងរដ្ឋាភិបាល ឬគណបក្សកាន់អំណាច គេនឹងលឺសំឡេងលោកផៃ ស៊ីផាន លោកទិត សុធា លោកជាម យៀប លោកឈាង វុន លោក ខៀវ កាញារីទ្ធ លោកឱម យ៉ិនទៀង ជាដើម ដែលត្រូវបានអ្នកសារព័ត៌មានស្វែងរកការអត្ថាធិប្បាយ។ គណបក្សប្រឆាំងវិញមានលោកសម រង្ស៊ី លោក កឹម សុខា លោក យឹម សុវណ្ណ លោកយ៉ែម បុញ្ញឬទ្ធិ លោកស្រី មូរ សុខហួរ ជាដើម។ និយាយអំពីប្រតិកម្ម និងការអត្ថាធិប្បាយតបទៅនឹងរដ្ឋាភិបាល ក្នុងបញ្ហាគ្រប់វិស័យពីសង្គមស៊ីវិលនោះ គេតែងលឺឈ្មោះអ្នកអត្ថាធិប្បាយដូចខាងក្រោមនេះ៖ លោក ធន សារ៉ាយ លោកចាន់ សុវេត លោក នី ចរិយា លោកស្រី កេក ហ្កាឡាប្រ៊ូ លោកអំ សំអាត លោកឈិត សំអាត លោកសុខ សំអឿន លោក ហង្ស ពុទ្ធា លោក គល់ បញ្ញា លោកព្រាប កុល លោក ចាន់ សុផល លោក ឡៅ ម៉ុងហៃ និងចុងក្រោយនេះ គឺ លោក កែម ឡី និងលោកសុខ ទូច។ នៅមានតួអង្គអត្ថាធិប្បាយមួយចំនួនតូចទៀត ទាំងខាងរដ្ឋាភិបាល និងសង្គមស៊ីវិល ដែលត្រូវបានអ្នកសារព័ត៌មានសាកសួរយកការអត្ថាធិប្បាយនោះ។
អ្នកនយោបាយ និងអ្នកតាមដានសង្គមដែលត្រូវបានរៀបរាប់ខាងលើនេះ សុទ្ធតែជាបញ្ញាជនជាន់ខ្ពស់ អ្នកដែលមានពិសោធន៍ ហើយមានសេចក្តីក្លាហានក្នុងការធ្វើអត្ថាធិប្បាយផ្តល់គំនិត និងអនុសាសន៍ ដើម្បីការកសាង និងអភិវឌ្ឍកម្ពុជា។
ប៉ុន្តែ បញ្ហានៅត្រង់ថា ប្រមាណ២០ឆ្នាំហើយ ដែលពលរដ្ឋខ្មែរបានលឺតែឈ្មោះអ្នកទាំងនេះ ស្ទើររៀងរាល់ថ្ងៃ នៅលើគ្រប់បណ្តាញសារព័ត៌មាន។ ហើយអ្នកទាំងនេះមានអត្ថាធិប្បាយទៅលើគ្រប់បញ្ហា។ ទិដ្ឋភាពនេះ វាបានបង្ហាញថា កម្ពុជាមិនមានបញ្ញាជនថ្មីទាល់តែសោះ ទាំងនៅក្នុងរដ្ឋាភិបាល ក្នុងបក្សកាន់អំណាច បក្សប្រឆាំង និងក្នុងសង្គមស៊ីវិល ដែលជាស្ថាប័នឯករាជ្យនោះ។
ផ្ទុយទៅវិញ វាមិនមែនយ៉ាងដូច្នោះឡើយ។ ២០ឆ្នាំមកនេះ ពោលក្នុងសម័យព្រះរាជាណាចក្រទី២នេះ កម្ពុជាបានផលិតធនធានមនុស្សយ៉ាងច្រើន ហើយដែលអាចចូលរួមជាមួយសារព័ត៌មាន ដើម្បីផ្តល់ដំណោះស្រាយលើបញ្ហាទូទៅបាន។ មានមូលហេតុមួយចំនួន ដែលធ្វើអោយតួអង្គបញ្ញាជនថ្មីមិនអាចលេចមុខក្នុងឆាកសាធារណៈ។
ទីមួយ គឺឥទ្ធិពលនយោបាយ ដែលគ្របលុបលើវិស័យជំនាញ។ ពិសេសនៅក្នុងស្ថាប័នរដ្ឋ ដែលពេលខ្លះ មិនទាំងមានអ្នកនាំពាក្យផងនោះ ក្រៅពីរដ្ឋមន្ត្រី គឺគ្មានមន្ត្រីថ្នាក់ក្រោមណា អាចហ៊ាននិយាយជាមួយអ្នកសារព័ត៌មានឡើយ។ ត្រង់នេះ គេអាចយល់បានអំពីបែបបទរដ្ឋបាលក្នុងស្ថាប័នសាធារណៈ។ ប៉ុន្តែ តើគេច្បាស់ទេថា មានថ្នាក់ដឹកនាំក្រសួងមួយចំនួន បានប្រកាសបើកចំហរអោយមន្ត្រីរបស់ខ្លួន យ៉ាងហោចណាស់ អាចឆ្លើយឆ្លងជាមួយ អ្នកសារព័ត៌មានបាន ដោយការទទួលខុសត្រូវនោះ។
ទី២ ចំនុចនេះ មិនសូវខុសពីមូលហេតុទីមួយប៉ុន្មានទេ នោះគឺអវត្តមាននៃវប្បធម៌ផ្តល់សិទ្ធិបញ្ចេញមតិ។ អ្នកជំនាញស្ទើរតែអស់នៅតាមស្ថាប័នឯកជន ពិសេសស្ថាប័នរដ្ឋ មិនហ៊ាននិយាយអត្ថាធិប្បាយអ្វីឡើយ បើទោះជាចំជំនាញរបស់ខ្លួនក៏ដោយ ដោយសារតែបារម្ភខ្លាច ថ្នាក់លើស្តីបន្ទោស។ ការណ៍នេះហើយ ដែលបញ្ញាជនមួយចំនួនត្រូវនិយាយថា ពួកគេមិនចង់យកជ័យព្នៅ មកបៀតឃ្លៀក ឬសាច់មិនបានស៊ី យកឆ្អឹងមកព្យូរ ក។
ទី៣ ក៏អាចដែរ អាចមកពី ក្រុមអ្នកជំនាញ ឬបញ្ញាជនមួយចំនួន ដែលមិនទាល់យល់អំពីសារព័ត៌មាន ក៏មិនហ៊ានជជែកជាមួយអ្នកសារព័ត៌មាន ដោយបារម្ភខ្លាចថា សារព័ត៌មាន នឹងធ្វើអោយខ្លួនរងទុក្ខទោស។ និងចុងក្រោយនោះ គឺអាចមកពីអ្នកសារព័ត៌មានខ្លួនឯង ដែលមិនបានស្វែងរកប្រភពអ្នកអត្ថាធិប្បាយថ្មី ហើយក៏នឹកឃើញតែ មនុស្សដដែល។
និយាយឡើងវិញ មិនមែនថា អ្នកនយោបាយ អ្នកតាមដានសង្គមដែលធ្វើការងារនៅក្នុងសង្គមស៊ីវិលដែលត្រូវបានរៀបរាប់ឈ្មោះខាងលើ មិនមានសមត្ថភាពនោះឡើយ។ ប៉ុន្តែបើនិយាយអំពីសក្តានុពលនៃប្រទេសកម្ពុជាដែលមនុស្សជិត១៥លាននាក់ កម្ពុជាគួរតែបានស្តាប់លឺ មតិយោបល់បញ្ញាជនអោយបានច្រើនជាងនេះ ឬក៏ច្រើនតាមតែធ្វើបាន ដើម្បីគោលដៅរួមដូចគ្នា គឺអភិវឌ្ឍកម្ពុជា។
មានដំណោះស្រាយមួយចំនួនដែលគេគួរតែអាចធ្វើបាន។ ដំបូងនោះ គឺដោះស្រាយមូលហេតុនានាដែលត្រូវបានលើកឡើងខាងលើ។ បានន័យថា ប្រសិនបើឥទ្ធិពលនយោបាយ គ្រប់ដណ្តប់លើបញ្ហាជំនាញនោះ គេកាត់ បន្ថយ ឬលុបបំបាត់ឥទ្ធិពលនោះ។ ឬ ប្រសិនបើគ្មានវប្បធម៌បើកចំហរសិទ្ធិបញ្ចេញមតិ គេក៏គួរសាកល្បងធ្វើវា។ ក្រៅពីកែលំអរស្ថានភាពអសកម្មទាំងនេះហើយ រដ្ឋាភិបាលគួរបង្កើតស្ថាប័នខួរក្បាលឯករាជ្យដែរ។ រាជបណ្ឌិតសភាកម្ពុជា គឺជាស្ថាប័នខួរក្បាលមួយហើយ។ ប៉ុន្តែស្ថាប័ននេះ នៅមិនមានឯករាជ្យឡើយ ជាហេតុធ្វើអោយ មន្ត្រីជំនាញ ដែលពេលខ្លះបានពាក់ព័ន្ធនឹងគណបក្សនយោបាយផង មិនអាចបញ្ចេញមតិ ផ្តល់នយោបល់អ្វីសោះឡើយ។
គេគួរគិតអំពីការផ្តល់ឱកាសដល់អ្នកជំនាញ អោយបានច្រើន ដើម្បីពួកគេអាចចូលរួមចំណែកអោយបានច្រើនដែរទៅក្នុងការកសាងកម្ពុជា។ បើមិនដូច្នោះទេ ចំណេះដឹងរបស់ពួកគេ ដែលកម្ពុជាខិតខំផលិតនោះ និងចំណាយថវិកាអស់យ៉ាងច្រើននោះ នឹងត្រូវទុកចោលដោយអាសារឥតបង់ ហើយមិនបានបម្រើផលប្រយោជន៍មកអោយកម្ពុជាវិញឡើយ។ នេះហើយជាការខាតបង់ដ៏ធំធេង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ