យុទ្ធនាការមួយរយកោដិសំឡេងដើម្បីបញ្ចប់អំពើហិង្សាលើស្ត្រីនិងកុមារីបើកធ្វើថ្ងៃ១៤កុម្ភៈ
ចុះផ្សាយនៅថ្ងៃ៖
ថ្ងៃទី14 កុម្ភៈ ឆ្នាំ2014 យុទ្ធនាការមួយរយកោដិសំឡេងក្រោមប្រធានបទ សេចក្តីស្រលាញ់និង យុត្តិធម៌។ យុទ្ធនាការនេះនឹងរៀបចំឡើងដោយមានការជិះកង់ ការរាំជាក្រុម និង ការប្រគុំតន្ត្រី នៅកោះពេជ្រ។ កម្មវិធីទាំងនេះត្រូវបានធ្វើឡើងក្នុងពេលតែមួយនៅទូទាំងពិភពលោក ដើម្បីអំពាវនាវអោយបញ្ឈប់អំពើហិង្សាលើស្ត្រី និងកុមារី ជាបញ្ហាដែលទូទាំងសកលលោកទាំងមូលកំពុងជួបប្រទះ។ នេះបើតាម លោក ម៉ក់ សុខា លេខាធិការដ្ឋានបណ្តាញបុរស កម្ពុជានិងជាសកម្មជនមួយរយកោដិសម្លេង។
ប្រទេសជាង២០០ប្រទេសលើពិភពលោកនឹងបើកយុទ្ធនាការមួយរយកោដិសំឡេងនៅថ្ងៃទី១៤កុម្ភៈខាងមុខនេះក្នុងគោលដៅបញ្ចប់អំពើហិង្សាលើកុមារី និងស្ត្រី។ យុទ្ធនាការនេះត្រូវបានបើកធ្វើឡើងជាលើកទី២ នៅប្រទេសកម្ពុជានាឆ្នាំ២០១៤នេះ ។ លោក ម៉ក់ សុខា លេខាធិការដ្ឋានបណ្តាញបុរសកម្ពុជានិងជាសកម្មជនមួយរយកោដិសំឡេង បានអោយដឹង ថា កម្មវិធីធំៗចំនួន3 នឹងត្រូវប្រព្រឹត្តទៅក្នុងថ្ងៃតែមួយ។
ដំបូង គឺកម្មវិធីជិះកង់នឹងត្រូវចាប់ផ្តើមឡើងនៅម៉ោង៧ព្រឹកដោយចេញដំនើរពីទីស្នាក់ការអង្គការយេនឌរ័ និង អភិវឌ្ឍន៍ដើម្បីកម្ពុជា ឋិតនៅសង្កាត់អូឡាំពិក ខណ្ឌចំការមន ឆ្ពោះទៅបូជនីយដ្ឋានវត្តភ្នំ ទីដែលសកម្មជនរបស់មួយរយកោដិសំឡេងនឹងធ្វើសន្និសីទកាសែតស្តីអំពីការបញ្ចប់អំពើហិង្សាលើកុមារីនិងស្ត្រី។ បន្ទាប់មក ការរាំជាក្រុមរបស់ក្រុមរាំមួយរយកោដិសំឡេងនិង ការប្រគុំតន្ត្រីដោយមានការសហការជាមួយក្រុមហ៊ុនទូរសព្ទ័មួយក្នុងប្រទេសកម្ពុជា នឹងត្រូវប្រព្រឹត្តទៅនាពេលល្ងាច នៅឯកោះពេជ្រ រាជធានីភ្នំពេញ ដើម្បីបញ្ជូនសារដល់ប្រជាជនទូទៅរួមដៃគ្នាបញ្ឈប់អំពើហិង្សាគ្រប់រូបភាពមកលើស្ត្រី និង កុមារី។
លោក ម៉ក់ សុខា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ នាព្រឹកថ្ងៃទី១១ កុម្ភៈនេះថា យោងតាមការស្រាវជ្រាវ អំពើហិង្សា ក្នុងគ្រួសារ បានថយចុះ ។ ប៉ុន្តែបញ្ហាដែលក្រុមសង្គមស៊ីវិលរបស់លោកកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងនោះគឺ ការរំលោភផ្លូវភេទលើស្ត្រី ពិសេសគឺកុមារី។ លោកបន្តថាអ្វីដែលគួរអោយបារម្ភទៀតនោះគឺ ជនដែលប្រព្រឹត្តបទល្មើសនេះ កាន់តែមានវយ័ក្មេង ។ ចំពោះបញ្ហានេះមិនត្រឹមតែកើតឡើងក្នុងប្រទេសកម្ពុជានោះទេ នៅបណ្តាប្រទេសមួយចំនួនទៀតលើពិភពលោកក៏ជួបប្រទះនឹងបញ្ហាដូចគ្នានេះដែរ។ នេះបើតាមសំដីសកម្មជនមួយរយកោដិសំឡេងរូបនេះ។
យោងតាមស្ថិតិរបស់មួយរយកោដិសំឡេង ស្ត្រីម្នាក់ក្នុងចំណោមបីនាក់នៅលើពិភពលោកនេះ បាននិងកំពុងរងនូវការវាយដំឬចាប់រំលោភ។ ដូច្នេះក្នុងចំណោមប្រជាជនក្នុងពិភពលោកសរុប7ពាន់លាននាក់ មានស្ត្រីនិងកុមារីមិនតិចជាងមួយពាន់លាននាក់ទេដែលទទួលរងនូវអំពើហិង្សាឬការរំលោភផ្លូវភេទ។
សូមបញ្ជាក់ថា យុទ្ធនាការមួយរយកោដិសំឡេងដែលមានគោលដៅលុបបំបាត់អំពើហិង្សាលើស្ត្រី និង កុមារ បានមកដល់ប្រទេសកម្ពុជា នាឆ្នាំ២០១៣ តាមរយៈអង្គការយេនឌរ័ និង ការអភិវឌ្ឍន៍ ដើម្បីកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ