សមាគមរោងចក្រ និងILO រកឃើញបញ្ហាប្រឈម៤ចំណុចនៅជាឧបសគ្គដល់បរិយាកាសកាងារនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា និងអង្គការពលកម្ម រកឃើញបញ្ហាប្រឈម៤ចំណុចដើម្បីធានាឱ្យមានបរិយាកាសជាចិរភាពនៃវិស័យសហគ្រាសនៅកម្ពុជា។ ចំណុចទាំងបួននោះរួមមាន បញ្ហាវិជ្ជាជីវៈនៅមានកំរិត បញ្ហាច្បាប់និងអភិបាលកិច្ច និងបញ្ហាបរិយាកាសការងារ រួមទាំងបញ្ហាអំពើពុករលួយជាដើម។ សមាគមរោងចក្រអំពាវនាវឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់។ ជាការឆ្លើយតបក្រសួងការងារបានអះអាងថា ខ្លួនមិនបានព្រងើយកន្តើយចំពោះបញ្ហាដែលលើកឡើងនោះទេ។
នៅមានបញ្ហាប្រឈមចំនួន៤ចំណុចដែលកំពុងជាឧបសគ្គរារាំងដល់បរិយាកាសការងារល្អ ក្នុងវិស័យកាត់ដេរ និងសហគ្រាសនៅកម្ពុជា។ នេះបើតាមការរកឃើញរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារហៅកាត់ថា ILO។ ក្នុងពិធីសម្ពោធ និងផ្សព្វផ្សាយ ឯកសារគោលនយោបាយរបស់សមាគមរោងចក្រកាត់ដេរ និងរបាយការណ៍របស់អង្គការ ILO នៅថ្ងៃពុធទី១២ មីនានេះ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេងផងដែរនោះ សមាគមរោងចក្រ និងILO បានបង្ហាញថា បញ្ហាប្រឈមទាំងបួននោះរួមមាន ទី១ កង្វះកម្មករជំនាញដើម្បីប្រកួតប្រជែង ទី២ ការលើកកម្ពស់គុណភាពនៃទំនាក់ទំនងនៅកន្លែងធ្វើការ ទី៣ ការកសាងបទដ្ឋាន និងបទបញ្ញត្តិដែលផ្តល់ទំនុកចិត្តជូនអ្នកវិនិយោគទន់ រួមទាំងបញ្ហាអភិបាលកិច្ចល្អ និងអំពើពុករលួយផងដែរ។
ក្នុងរបាយការណ៍រយៈពេល១២ខែរបស់ខ្លួន បញ្ហាចំបងជាងគេដែលក្រុមសមាគមរោងចក្រសង្កត់ធ្ងន់នោះគឺអំពើពុករលួយ។ សមាគមរោងចក្របញ្ជាក់ថា “ផលវិបាកនៃការបដិសេធមិនបង់ប្រាក់សំរួលការងារបានធ្វើឱ្យក្រុមហ៊ុនចំនួន៧០ភាគរយ ទទូលបានសេវាយឺតយ៉ាវ ឬពុំទទួលបានសេវាសោះតែម្តង។ សមាគមរោងចក្រកាត់ដេរតាមរយៈលោក វ៉ាន់ ស៊ូអៀង ប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានសង្កត់ធ្ងន់ថា ទង្វើទាំងនេះមិនអាចទទួលយកបានទេ ហើយអំពើពុករលួយនេះនៅតែជាឧបសគ្គសំខាន់ បើទោះបីជាមានអង្គភាពប្រឆាំងអំពើពុករលួយដែលកំពុងធ្វើការងារលុបបំបាត់ក៏ដោយ។ តាមរយៈលោក វ៉ាន់ ស៊ូអៀង សមាគមរោងចក្របានប្រកាសថាខ្លួនរីករាយឱ្យមានអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតផងដែរ។
ថ្លែងក្រោយការបញ្ចប់សន្ទរកថារបស់ខ្លួន លោក អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ចំណុចទាំង៤ដែលក្រុមសមាគមរោងចក្រ និងអង្គការអន្តរជាតិខាងការងារលើកឡើងនោះ រដ្ឋាភិបាលគឺកំពុងតែដោះស្រាយ ហើយខ្លួនមិនព្រងើយកន្តើយនោះឡើយ។ យ៉ាងណាក៏ដោយ លោក រដ្ឋមន្ត្រី បានបញ្ជាក់ថា ចំពោះបញ្ហាអំពើពុករលួយរដ្ឋាភីបាលផ្សព្វផ្សាយរួចហើយចំពោះការយកកម្រៃសេវាកម្មផ្លូវការដែលស្របតាមច្បាប់របស់រដ្ឋ។ សូមរំលឹកថា ការដាក់បង្ហាញរបាយការណ៍ស្តីពីបញ្ហាប្រឈមរបស់ក្រុមសមាគមរោងចក្រនេះ គឺនៅចំពេលដែលមានបញ្ហាតានតឹងរវាងក្រុមសហជីពនិងក្រុមរោងចក្រស្តីពីការដំឡើងប្រាក់ខែអប្បរមារបស់កម្មករ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ