កម្ពុជា

ជន​ពិការ ​សាទរ​​ចំពោះ​សិល្បៈករ ដែល​សន្យា​បញ្ឈប់​ការ​សម្តែង​បែប​រើស​អើង​

ការ​សម្តែងរបស់ក្រុម​កំប្លែងនាយពាក់មី ពាក់ព័ន្ធនឹង​ជនពិការ។
ការ​សម្តែងរបស់ក្រុម​កំប្លែងនាយពាក់មី ពាក់ព័ន្ធនឹង​ជនពិការ។ RFI

បន្ទាប់ពីអង្គការ​ជន​ពិការកម្ពុជា​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍មួយ ស្តីពី​ការ​យក​រឿង​ទាក់ទង​នឹង​ជន​ពិការ​មក​លេង​សើច ក្នុងរឿងកំប្លែង, នៅ​ថ្ងៃទី ២៦មិនានេះ អង្គការ​មួយ​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍មួយទៀត សរសើរចំពោះ​ការទទួលស្គាល់សិទ្ធ និង​ហ៊ានចេញមុខ​សុំទោស​ជាសាធារណៈ ចំពោះ​ការ​សម្តែង​ឆ្គាំឆ្គង​កន្លង​មក​ របស់​ក្រុម​អ្នក​កំប្លែងមួយ​ចំនួន​។ ទង្វើនេះ បាន​ធ្វើឲ្យ​អង្គការ​ជនពិការកម្ពុជា យល់ថា ការគាំទ្រ​ពីសិល្បករ នឹង​ធ្វើ​ឲ្យ​តំលៃ និង​សិទ្ធ​ជនពិការ​ ត្រូវ​បាន​លើកតំកើង។

ផ្សាយពាណិជ្ជកម្ម

ជនពិការ​ ត្រូវ​ការ​លើកទឹក​ចិត្ត​ពី​គ្រប់មជ្ឃដ្ឋាន ជន​ពិការ មិន​ចង់​ឲ្យ​មាន​ការ​រើសអើង ហើយ​យក​ជីវិត​ពួកគេ​ចាត់ទុកជាការលេងសើចនោះទេ។ នេះគឺជា​អ្វីដែល​នាយក​ប្រតិបត្តិអង្គការ​ជនពិការ​កម្ពុជា បាន​ប្រាប់វិទ្យុបារាំងអន្តរជាតិ បន្ទាប់ពីអង្គការ​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​​មួយ នៅ​ថ្ងៃទី ២៦មិនានេះ កោតសរសើរ​ចំពោះ ការ​សុំទោស​ជា​សាធារណៈ​របស់​​​ក្រុម​កំប្លែងពាក់មី ក្រោម​ការ​ដឹកនាំរបស់លោក វ៉ិចទ័រ និង​នាយព្រហ្ម ម៉ាញ ក្រោយ​ពី​ពួកគេ​ បាន​យក​រឿង​ទាក់ទង​នឹង​ជន​ពិការ​ ទៅលេងសើចជ្រុល​ពី​ការគោរពសិទ្ធជន​ពិការ។

លោក ងិន សៅរត្ន័ នាយក​ប្រតិបត្តិអង្គការ​ជនពិការ​កម្ពុជា បាន​ប្រាប់វិទ្យុបារាំងថា សិល្បករ​ អាចសម្តែងជាជន​ពិការបាន ប៉ុន្តែ​សាច់រឿងនេះការសម្តែង​គួរ​ត្រូវ​បាន​ដាក់ជាការអប់រំ ដើម្បី​លើកទឹក​ចិត្ត​ដល់ជនពិការ។ និ​ងជាពិសេស មិន​ត្រូវ​បញ្ចេញ​នូវ​សកម្មភាពណាមួយ​ ដែល​ជាលក្ខណៈរើសអើង​​ ដល់ជនពិការ។ លោក សៅរត្ន័ បាន​បញ្ជាក់ថា ជន​ពិការ ជាបុគ្គល ដែល​ត្រូវ​ការ​កម្លាំងចិត្ត​បំផុត ហើយ​ពួកគេ​ប្រាកដជា​មិន​ចង់ឲ្យ​នរណាម្នាក់ យក​រឿង​ផ្ទាល់ខ្លួន​របស់ពួកគេ ទៅលេងសើចសប្បាយនោះទេ។

នាយកប្រតិបត្តិអង្គការ​ជន​ពិការ​ដដែល បាន​បន្ថែម​ថា ប្រសិន​បើ​មាន​ការ​សម្តែងណាមួយ ដែល​បង្ហាញពីភាពអវិជ្ជមានដល់ជន​ពិការ នោះជនពិការនឹង​ទទួល​ផល​ប៉ះពាល់ជាខ្លាំង ដូចជាការបាក់ទឹកចិត្ត មិន​ហ៊ានប្រឈមនឹងមជ្ឃដ្ឋាននានា ដោយ​សារ​ភាព​ខ្មាស​អៀន​​ជា​ដើម​​។

លោក ងិន សៅរត្ន័ បានសំណូម​ពរ​ ដល់សិល្បករ និង​ប្រព័ន្ធផ្សព្វផ្សាយ គួរ​តែបន្ថែម​ការ​ផ្សាយ​​ពីរឿងជនពិការឲ្យ​បាន​ច្រើន ប៉ុន្តែត្រូវ​មាន​​​លក្ខណៈអប់រំ មិន​បង្កឲ្យ​មាន​ការ​រើសអើង​ដល់​ជនពិការ។ លោក​ថា សិល្បៈ និង​ប្រព័ន្ធផ្សព្វផ្សាយ គឺជាចលករ​ដ៏សំខាន់ ដើម្បី​បំបាត់​ការ​រើសអើង តាម​រយៈផ្នត់គំនិត​ ចំពោះ​ជន​ពិការ។

លោក វ៉ិចទ័រ អ្នក​ផលិតកម្មវិធី​កម្សាន្តនៅ​ស្ថានីយ៍ទូរទស្សន៍ស៊ី ធី អ៊ិន និង​ជា​អ្នក​ដឹកនាំក្រុម​កំប្លែងពាក់មី ដ៏មាន​ប្រជាប្រិយភាព បានបញ្ជាក់ថា ដើម្បីកុំ​ឲ្យ​ប៉ះពាល់ដល់ជន​ពិការ សិល្បករ​ និង​អ្នក​ផលិតកម្មវិធី ត្រូវ​ប្រយ័ត្នប្រយែង ចំពោះការប្រើពាក្យពេចន៍ និង​កាយវិការ។ លោក វ៉ិចទ័រ បាន​បន្តថា កន្លងមក​ក្រុម​របស់លោក បាន​ផ្សារភ្ជាប់រឿងកំប្លែង ទៅនឹងការ​អប់រំ កុំមានការ​រើសអើង ដល់ជនពិការ។ ហើយបន្តទៀត ក្រុម​លោក​នឹង​ព្យាយាម​យក​សិល្បៈនេះ ដើម្បីលើកកម្ពស់សិទ្ធជនពិការនៅកម្ពុជា។ លោក ព្រហ្ម ​ម៉ាញ ​ក៏​ធ្លាប់​បាន​សុំទោស​ចំពោះ​កំហុស​ឆ្គង ដែលលោកបានសម្តែងហើយប៉ះពាល់ដល់ជនពិការដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI