អានតួអត្ថបទ
កម្ពុជា

ភោជនីយដ្ឋាន ​កន្លែង​ធ្វើការ​ និង​ទីសាធារណៈ​ត្រូវ​បាន​ហាម​ឃាត់​មិន​អោយ​មាន​ការ​ជក់​បារី​

សិក្ខាសាលា​ស្តីពី​វិធាន​ការ​ជក់​ និង​ការ​បង្ហុយ​ថ្នាំ​ជក់​នៅ​កន្លែង​សាធារណៈ ​នៅ​សាលា​រាជធានី​ភ្នំពេញ​
សិក្ខាសាលា​ស្តីពី​វិធាន​ការ​ជក់​ និង​ការ​បង្ហុយ​ថ្នាំ​ជក់​នៅ​កន្លែង​សាធារណៈ ​នៅ​សាលា​រាជធានី​ភ្នំពេញ​ RFI
ដោយ៖ រិទ្ធិ ម៉ូនីកា
១៤ នាទី

ចាប់ពីពេលនេះ​តទៅ កន្លែងធ្វើការ ទីសាធារណៈ ពិសេស​ភោជនីយដ្ឋាន ត្រូវបាន​ណែនាំ​អោយ​ហាម​ជក់បារី។ នេះ​បើតាម​សារា​ចរណ៍ របស់​ក្រសួង​សុខ​ភិ​បាល​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុងសិក្ខាសាលា​ស្តីពី​វិធាន​ការជក់​និង​ការ​បង្ហុយ​ថ្នាំជក់​នៅ​កន្លែងធ្វើការ និង​កន្លែង​សាធារណៈ ដែល​ធ្វើឡើង​នា​ព្រឹក​ថ្ងៃ​អង្គារ​ទី ២៩​មេសា​នេះ ​នៅ​សាលា​រាជធានី​ភ្នំពេញ។  

ផ្សាយពាណិជ្ជកម្ម

វិធានការ​ចំនួន៧ចំនុច ក្នុង​គោលដៅ ទប់​សា្ក​ត់​ការជក់បារី និង​ការ​ស្រូប​ផ្សែង​បារី​ត្រូវបាន​ដាក់ចេញ​នៅក្នុង​សារាចរណ៍​​លេខ​០០៣ របស់​ក្រសួងសុខាភិបាល។ ចំនុច​ទាំងនោះ​រួមមាន ទី១ ការហាមឃាត់​មិនអោយ​ជក់​បារី នៅក្នុង​កន្លែងធ្វើការ បន្ទប់​បិទ​​ជិត មធ្យោបាយ​ដឹកជញ្ជូន ដូចជា​នៅលើ​ឡាន​ដឹក​អ្នកដំណើរ​ជាដើម មន្ទីរពេទ្យ សាលារៀន ស្ថាន​នី​យ៍​ប្រេងឥន្ធនៈ ពិសេស​​គឺ​ភោជនីយដ្ឋាន។

ទី២ ភោជនីយដ្ឋាន កន្លែងធ្វើការ មន្ទីរពេទ្យ ត្រូវ​បិទ​ផ្លាកសញ្ញា​ហាម​ជក់បារី​នៅ​ផ្លូវ​ចូល ឬ​នៅ​កន្លែង​ណាមួយ​ដែល​ងាយស្រួល​មើលឃើញ ។

ទី៣ ប្រសិនបើ​អ្នក​ជក់បារី​មិន​អើពើ​នឹង​ការហាមឃាត់ អ្នកគ្រប់គ្រង​ស្ថាប័ន អាច​រាយការណ៍​ជូន​អាជ្ញា​រធរ​ដែនដី ដើម្បី​យក​ជន​នោះ​ទៅ​ទទួល​ការអប់រំ។

ម្ចាស់​ភោជនីយដ្ឋាន​នានា​ក្នុង​រាជធានី​ភ្នំពេញ ​ត្រូវបាន​ក្រសួងសុខាភិបាល​អញ្ជើញ​ឲ្យ​មក​ស្តាប់​ការណែនាំ​នេះ។ លោក វេជ្ជបណ្ឌិត មុំ គង់ ដែលជា​នាយក​ប្រតិ​ប​តិ្ត​អង្គការ​ចលនា​សុខភាព​ដើម្បី​កម្ពុជា បានអោយដឹងថា នៅ​កម្ពុជា ថ្នាំជក់​បានសម្លាប់ មនុស្ស១ម៉ឺន​នាក់​ក្នុងមួយឆ្នាំៗ ឬ ៣០នាក់​ក្នុង១ថ្ងៃ។ លោក​បន្តថា ប្រជាជន​កម្ពុជា៩០%បាន​ទទួលរង​​ការ​ស្រូប​ផ្សែង​បារី នៅក្នុង ភោជនីយដ្ឋាន និង ៥០%​នៅ​កន្លែងធ្វើការ។ បណ្តា​ម្ចាស់​ភោជនីយដ្ឋាន បាន​លើកឡើងថា បើទោះបី​ពួកគេ​ដឹង​ពី​ផលប៉ះពាល់​នៃ​ការជក់បារី ប៉ុន្តែ ការហាមឃាត់​ជក់បារី​នេះ អាច​បណ្តាល​អោយ​​កាត់បន្ថយ​អតិថិជន​របស់ខ្លួន។

លោក​វេជ្ជបណ្ឌិត យ៉ិ​ល ដារ៉ាវុធ តំណាង​អង្គការ​សុខភាព​ពិភពលោក​នៅ​កម្ពុជា តប​វិញ​ថា តាម​បទពិសោធន៍​នៅតាម​បណ្តា​ប្រទេស​នានា ការហាមឃាត់​ការជក់បារី​ក្នុង​ភោជនីយដ្ឋាន មិនបាន​​​ធ្វើអោយ​អតិថិជន​របស់​ពួកគេ​ថយចុះ​នោះទេ។ ក្រៅពីនេះ តាម​ការស្រាវជ្រាវ​បង្ហាញ​ថា​៨០%នៃ​ប្រជាជន​កម្ពុជា គាំទ្រ​ការហាមឃាត់​ការជក់បារី​នៅតាម​ទីសាធារណៈ។

សូមបញ្ជាក់ថា នៅលើ​សកលលោក ជា​រៀងរាល់ឆ្នាំ មនុស្ស៦លាន​នាក់​បាន​ស្លាប់​ដោយសារ​តែ​ថ្នាំជក់។ សិក្ខាសាលា​ដែលមាន​គោលដៅ​កាត់បន្ថយ​ការ​ស្រូប​ផ្សែង​បារី​និង​ការជក់បារី​នៅ​កម្ពុ​ជា នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ រៀបចំ​ដោយ​ក្រសួងសុខាភិបាល សាលា​រាជធានី​ភ្នំពេញ អង្គការ​សុខភាព​ពិភពលោក និង​អង្គការ​ចលនា​សុខភាព​កម្ពុជា ដោយមាន​អ្នកចូលរួម​ប្រមាណ​២០០នាក់ ដែល​ភាគច្រើន​ជា​ម្ចាស់​ផ្ទះសំណាក់ សណ្ឋាគារ​ ភោជនីយដ្ឋាន និង ក្រុមហ៊ុន​មធ្យោបាយ​​ដឹកជញ្ជូន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ