អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ហា​ជីវភាព​ ជា​ក្តី​កង្វល់​ដ៏​ធំ​មួយ​ របស់​មនុស្ស​សម័យ​សម្ភារៈ​និយម​!​

សំឡេង ០៥:០៨
ចំនួន​អ្នក​ប្រើប្រាស់ទូរស័ព្ទទំនើបៗ នៅកម្ពុជា។
ចំនួន​អ្នក​ប្រើប្រាស់ទូរស័ព្ទទំនើបៗ នៅកម្ពុជា។ RFI/Siv Channa
ដោយ៖ ប៉ែន បូណា

បើ​ទោះ​បី​ជា​នយោបាយ​ប្រជាភិថុតិ​នៅ​តែ អាច​មាន​ប្រយោជន៍​សម្រាប់​អ្នក​នយោបាយ​នៅ​ឡើយ​ក៏​ដោយ ក៏​បច្ចុប្បន្ន ពលរដ្ឋ​ខ្មែរ​ជា​ទូទៅ​ផ្តើម​យល់​ស​និង​ខ្មៅ​ច្រើន​ជាង​មុន។ សេចក្តី​ត្រូវ​ការ​របស់​ពួកគេ​ក៏​ខុសពី​មុន​ដែរ។ អ្នក​ក្រ​ក្នុង​សតវត្សរ៍​ទី ២១ នេះ​រង​សម្ពាធ​ផ្លូវ​ចិត្ត​ខ្លាំង​ជាង​មុន​ដោយសារ​គម្លាត​ខាង​ជីវភាព​ឆ្ងាយ​ពេក​ធៀប​នឹង​អ្នក​មាន។ ដូច្នេះ សេចក្តី​ត្រូវការ​ឲ្យ​មាន​ជីវភាព​សមរម្យ គឺជា​ក្តីកង្វល់​ធំ​ជាងគេ​របស់​មនុ​ស្សស​ម័​យ​សម្ភារៈ​និយម​បច្ចុប្បន្ន។ នេះ​ជា​អ្វី​ដែល​អ្នក​នយោបាយ​មិន​អាច​មើល​រំលង​បានឡើយ។

ផ្សាយពាណិជ្ជកម្ម

សេចក្តី​ត្រូវការ​របស់​មនុស្ស​មាន​ការវិវឌ្ឍ​ពី​ដំណាក់កាល​មួយ​ទៅ​មួយ​យ៉ាង​ទៀងទាត់​ទៅតាម​ក្រឹត្យក្រម​នៃ​ការ​អភិវឌ្ឍ​របស់​ប្រទេសជាតិ។ កាល​ពី​សម័យ​ខ្មែរ​ក្រហម បំណង​ដ៏​ពិសិដ្ឋ របស់​ពលរដ្ឋ​ខ្មែរ​ម្នាក់ៗ គឺ​ការ​បន់ស្រន់​រក​អ្នក​ជួយសង្គ្រោះ​ជីវិត​ពី​សេចក្តី​ស្លាប់ និង​រក​អាហារ​ដើម្បី​ចម្អែត​ក្រពះ​តែប៉ុណ្ណោះ។

 
ក្រោយ​ឆ្នាំ ១៩៧៩ ទាំងអស់​គ្នា​ត្រូវ​ការហូប​ឆ្អែត​និង​មាន​លំនៅដ្ឋាន​មួយ​សម្រាប់​ជ្រកកោន។ ជា​បន្តបន្ទាប់ សេចក្តី​ត្រូវការ​របស់​ពលរដ្ឋ​ខ្មែរ​ក៏​ចេះតែ​វិវឌ្ឍន៍​ទៅមុខ​ឥតឈប់ឈរ​ពោលគឺ​វិវឌ្ឍន៍​ពី​ត្រូវការ​អាហារ​សម្រាប់តែ​ចម្អែត​ក្រពះ​ទៅរក​អាហារ​ឆ្ងាញ់ សម្លៀកបំពាក់​ស្អាត យានជំនិះ​ល្អ និង​ផ្ទះសម្បែង​សមរម្យ។ ក្រៅពីនោះ មនុស្ស​ក៏ត្រូវ​ការ​សេរីភាព និង​សិទ្ធិផ្សេងៗជាច្រើន​ទៀតផង​ដែរ។

បច្ចុប្បន្ន អ្នកមាន​និង​អ្នកធំ​មាន​អ្វីៗ​ទាំងនេះ​គ្រប់គ្រាន់​ហើយ។ ពួកគេ​ថែមទាំង​មាន​សេចក្តី​ត្រូវការ​លើសពីនេះ​យ៉ាងច្រើន​ទៀត។ ប៉ុន្តែ អ្នកក្រ​ជាច្រើន នៅតែ​តស៊ូ ដើម្បី​មាន​ត្រឹមតែ​ ផ្ទះ​សម្បែង​ជ្រកកោន និង​មាន​ម្ហូបអាហារ​បរិភោគ​គ្រប់គ្រាន់​នៅ​ឡើយ។ ម្យ៉ាងទៀត សង្គម​សម្ភារៈ​និយម បាន​បង្ខំ​ឲ្យ​មនុស្ស​គ្រប់គ្នា​រាប់ទាំង​អ្នកក្រ​ផងដែរ មាន​តម្រូវការ​ជីវភាព​ខ្ពស់ជាង​មុន ដើម្បី​អាច​ចូល​ចុះ​ក្នុងសង្គម។

ក្រៅពី​ជីវភាព​ប្រចាំថ្ងៃ មនុស្ស​គ្រប់គ្នា​មាន​កាតព្វកិច្ច​សង្គម​ជាច្រើន​ទៀត​ដូចជា ចំណាយ​ទៅលើ​ពិធីបុណ្យ អាពាហ៍ពិពាហ៍ សម្លៀកបំពាក់ ទៅលើ​ការសិក្សា​របស់​កូន ទៅលើ​សុខភាព និង​យានជំនិះ​ធ្វើដំណើរ​រួមទាំង​ការធ្វើ​ទេសចរណ៍​កម្សាន្ត​ផង។ ពិតណាស់ថា អ្នកក្រ​សម័យនេះ មាន​ជីវភាព​ល្អ​ជាង​កាលពី​សម័យ​ខ្មែរក្រហម​ឬ​កាលពី​អំឡុង​ទសវត្សរ៍ ៨០  ប៉ុន្តែ ពួកគេ​ទទួលរង​សម្ពាធ​ផ្លូវចិត្ត​កាន់តែខ្លាំង​ជាង​មុន។ សម្ពាធ​ដោយសារតែ​គម្លាត​ខ្លាំងពេក​រវាង​អ្នកក្រ​និង​អ្នកមាន ខុសពី​មុន​ដែល​មនុ​ស្សមាន​ជីវភាព​ក្រីក្រ​ប្រហាក់ប្រហែលគ្នា។

ដូច្នេះ ការបំពេញ​តម្រូវការ​របស់​ពលរដ្ឋ​តាមរយៈ​ការបង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នកក្រីក្រ​ឲ្យ​មាន​ជីវភាព​ប្រសើរឡើង និង​ការដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ គ្រូបង្រៀន ទាហាន ប៉ូលិស និង​កម្មករ​ឲ្យ​បាន​សមស្រប​នឹង​ការចំណាយ​គឺជា​កាតព្វកិច្ច​របស់​អ្នកគ្រប់គ្រង​រដ្ឋ។ ការ​បណ្តោយ​ទុក​ឲ្យ​គម្លាត​សង្គម​កាន់តែ​រីក​ធំ​និង​ទុក​ឲ្យ​អ្នកក្រ​រស់​ក្រោម​សម្ពាធ​កាន់តែខ្លាំង​បែបនេះ​គឺជា​កំហុសឆ្គង​ឬក៏​អសមត្ថភាព​របស់​រដ្ឋា​ភិ​បាល​យ៉ាងពិត​ប្រាកដ។ រីឯ​ការ​លើកយក​រប​ប​ខ្មែរក្រហម​មក​ប្រៀបធៀប​វា​គ្រាន់តែ​ជាការ​ពិត​ក្នុង​អតីតកាល​តែប៉ុណ្ណោះ។

ពិតណាស់ រដ្ឋាភិបាល​តែង​លើក​ហេតុផល​ថា​គេ​មិនអាច​ដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​ឲ្យ​បាន​ច្រើន​ទេពី​ព្រោះតែ​រដ្ឋ​គ្មាន​ថវិកា។ ហេតុផល​នេះ​ទំនងជា​អាច​យល់បាន​ប្រសិនបើ​អ្នកបម្រើ​រាជការ​ទាំងអស់​មាន​ជីវភាព​ប្រហាក់ប្រហែលគ្នា។ ប៉ុន្តែ ហេតុអ្វី​បានជា​មន្ត្រីរាជការ​ដែល​មាន​តួនាទីសំខាន់ៗមាន​ជីវភាព​ហ៊ឺហារ​និង​ស្តុកស្តម្ភ​ខ្លាំង​ម្ល៉េះ? សំណួរ​នេះ​នឹង​កើត​ឡើងជា​ស្វ័យប្រវត្តិ ហើយ​វា​នឹងធ្វើ​ឲ្យ​ការពន្យល់​ហេតុផល​របស់​រដ្ឋាភិបាល​ក្លាយជា​គ្មាន​ន័យ។ ដូច្នេះ អ្នកដឹកនាំ​រដ្ឋ​ត្រូវ​ព្យាយាម​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​របស់​ព​ល​រដ្ឋ​ជាជាង​ការព្យាយាម​ពន្យល់​ហេតុផល​ដែល​គេ​ពិបាក​នឹង​ទទួលយក។

ក្រៅពី​ជីវភាព របៀប​ដឹកនាំ​និង​គ្រប់គ្រង​រដ្ឋ​ក៏ត្រូវ​វិវឌ្ឍន៍​ខុសពី​មុន​ដែរ។ ការប្រើ​អំណាច គំរាមកំហែង គាបសង្កត់ ជា​រឿង​ហួស​សម័យ​ក្នុង​បរិបទ​ដែល​ប្រជាធិបតេយ្យ​កំពុង​រីកដុះដាល។ ការព្យាយាម​បិទ​ខ្ទប់​ព័ត៌មាន​មិន​ឲ្យ​ចេញមក​ខាងក្រៅ​ក៏​មិនអាច​ទៅរួច​ទៀត​ដែរ​ក្នុង​យុគសម័យ​ដែល​សារព័ត៌មាន​កំពុងមាន​ឥទ្ធិពល។ រីឯ​ការកែប្រែ​រឿង​ស​ឲ្យ​ទៅជា​ខ្មៅ ឬ​រឿង​ខ្មៅ​ឲ្យ​ទៅ​ជាស​ក៏​ពិតជា​មិនអាច​លាក់បាំង​ពី​ភ្នែក​មហាជន​បានឡើយ​ពីព្រោះ​ល្បែង​ឆ្ពិន​ភ្នែក​លែង​ជា​រឿង​អស្ចារ្យ​ទៀតហើយ​សម្រាប់​មនុស្ស​ស​ម័​យ​នេះ។

សរុប​មកវិញ បើទោះបីជា​នៅមាន​មនុស្ស​ជាច្រើន​ទទួលបាន​ការអប់រំ​តិច​ដែល​ងាយ​នឹង​ចាញ់បោក​អ្នកនយោបាយ​ក៏ដោយ ក៏​យ៉ាងហោចណាស់​មនុស្ស​ជាច្រើន​អាច​យល់បាន​ថា​គេ​មិនត្រូវ​កាត់​ក្បាល​តម្រូវ​តាម​មួក​ឬ​កាត់​ជើង​ដើម្បី​តម្រូវ​តាម​ស្បែកជើង​នោះទេ តែ​គេ​ត្រូវ​កាត់​មួក​តម្រូវ​តាម​ក្បាល ឬ​កាត់​ស្បែកជើង​តម្រូវ​តាម​ជើង​វិញ។

ដូច្នេះ អំណឹះតទៅ អ្នកនយោបាយ​ត្រូវខិតខំ​ឆ្លើយតប​នឹង​តម្រូវការ​នៃ​ជីវភាព​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ គឺ​មិនមែន​តម្រូវ​ឲ្យ​ពលរដ្ឋ​ជឿ​និង​ធ្វើតាម​អ្វី​ខ្លួន​ចង់បាន​នោះឡើយ។ អ្នក​ដែល​ក្តាប់​សភាពការណ៍​បានល្អ ឆ្លើយតបបាន​ត្រឹមត្រូវ​និង​ឆាប់រហ័ស​គឺជា​អ្នកឈ្នះ។ រីឯ​អ្នកបម្រើ​ពលរដ្ឋ​ដែល​ដើរ​មិនទាន់​សភាពការណ៍​នេះ​ច្បាស់​ជា​ត្រូវគេ​ផាត់​ចោល​ពីស​ង្វៀន​ជាមិនខាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ