អានតួអត្ថបទ
កម្ពុជា

រដ្ឋាភិបាល ​អនុញ្ញាត​ឱ្យ​សាលា​ក្រុង​វិនិយោគ​សេវា​រថយន្ត​ក្រុង ជាមួយ​ឯកជន​

រថយន្ត​សាធារណៈ ដែល​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ទីក្រុង​ភ្នំពេញ។
រថយន្ត​សាធារណៈ ដែល​ដាក់​ឲ្យ​ដំណើរ​ការ​ក្នុង​ទីក្រុង​ភ្នំពេញ។ @RFI
ដោយ៖ ស៊ុន មេសា
១៤ នាទី

ក្រោយ​សុំ​គោលការណ៍​បង្កើត​ជា​រដ្ឋាករ​ស្វយ័ត​លើ​សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ​ទៅ​ដល់​រដ្ឋាភិបាល​កម្ពុជា​នោះ នៅ​ពេល​នេះ រដ្ឋាភិបាល​បាន​សម្រេច​ឯកភាព នឹង​គាំទ្រ ដល់​សំណើរ​នេះ។ ការ​បង្កើត​ឱ្យ​មាន​ការ​វិនិយោគ ពី​សំណាក់​ឯកជន​នេះ នឹង​អាច​ជំរុញ​ឱ្យ​មាន​ដំណើរ​រថយន្ត​ក្រុង​កាន់​តែ​ច្រើន ដើម្បី​អាច​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ ក្នុង​ទីក្រុង និង​បង្វែរ​ទម្លាប់​នៃ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ។

ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ពេល​នេះ​ត​ទៅ ការ​គ្រប់គ្រង​សេវាកម្ម​ដឹក​ជញ្ជូន​សាធារណៈ​នៅ​ទី​ក្រុង​ភ្នំពេញ ដែល​កំពុង​ដំណើរ​សព្វ​ថ្ងៃ​នេះ នឹង​ក្លាយ​ជា​អង្គភាព​រដ្ឋាករ​ស្វយ័ត​មួយ​បន្ថែមទៀត ក្រោយ​ទទួល​បាន​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក ឃួន ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ។ ការ​សម្រេច​បង្កើត​នេះ គឺ​ធ្វើ​ឡើង ក្រោយ​ពី​សាលាក្រុង បាន​សរសេរ​សំណើរ​ទៅ​កាន់​ប្រមុខ​រដ្ឋាភិបាល ដើម្បី​ឱ្យ​មាន​ភាគហ៊ុន​និក​ពី​ឯកជន​ចូលរួម ជាមួយ​សាលាក្រុង​ភ្នំពេញ​កាល​ពី​ដើម​ខែ​ឧសភា​កន្លងទៅ​នេះ។

ការ​បង្កើត​ជា​អង្គភាព​ស្វយ័ត​នេះ គឺ​រដ្ឋ ​មាន​ភាគហ៊ុន​ចំនួន ៥១​ភាគរយ និង​ភាគហ៊ុន​និក​ពី​ឯកជន​ចំនួន ៤៩​ភាគរយ។ លោក​ឃួន ស្រេង បាន​បញ្ជាក់​ថា ការ​បង្កើត​ឱ្យ​ទៅ​ជា​អង្គភាព​ស្វយ័ត​នេះ គឺ​ជំរុញ​ឱ្យ​ពលរដ្ឋ​កែ​ប្រែ​ឥរិយាបទ​មក​ប្រើប្រាស់​សេវាកម្ម​រថយន្ត​ក្រុង​សាធារណៈ​ជំនួស​ការ​ប្រើប្រាស់​រថយន្ត និង​យាន​យន្ត​ផ្ទាល់​ខ្លួន ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ នៅ​ទី​ក្រុង​ភ្នំពេញ ដែល​ជា​បញ្ហា​ដ៏​ស្មុគស្មាញ។

សាលាក្រុង​ភ្នំពេញ នាពេល​បច្ចុប្បន្ន កំពុង​តែ​គ្រប់គ្រង​សេវាកម្ម​ដឹក​ជញ្ជូន​រថយន្ត​ក្រុង​សាធារណៈ​​​នេះ ដោយ​ខ្លួនឯង បន្ទាប់​ពី​ការ​ចាប់​ដៃ​គូរ ជាមួយ​ក្រុមហ៊ុន​ចិន​Global Time កាល​ពី​ដើមឆ្នាំ ​២០១៤​នេះ ត្រូវ​បរាជ័យ។ សូម​រំលឹក​ថា សាលាក្រុង​ភ្នំពេញ​កំពុង​តែ​ពិនិត្យ​លក្ខណៈ​សម្បត្តិ​ក្រុមហ៊ុន​ឯកជន ចំនួន​បី ដើម្បី​សហប្រតិបត្តិ​ចាប់​ដៃ​គូរ​ជាមួយ​ខ្លួន ក្នុង​ការ​ពង្រីក​ខ្សែ​ផ្លូវ​រត់។ នេះ​បើ​តាម​ការ​បញ្ជាក់ របស់​អ្នក​នាំ​ពាក្យ​សាលាក្រុង​ភ្នំពេញ​លោក ឡុង ឌី​ម៉ង់ ដែល​ធ្លាប់​ប្រាប់​វិទ្យុ​បារាំង កាល​ពី​ពេល​កន្លង​មក។

ចាប់​តាំង​ពី​ដំណើរ​ការ​មក សាលាក្រុង​ភ្នំពេញ បាន​ដាក់​ឱ្យ​ដំណើរកា​រថយន្ត​ចំនួន ១០​គ្រឿង​ ដើម្បី​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ ជា​ប្រចាំ​ពី​រង្វង់​មូល​ស្តាត​ចាស់ ទៅ​កាន់​ស្ពាន​ច្បារអំពៅ ក្នុង​តំលៃ​ម្នាក់ ១៥០០​រៀល។ តាម​របាយការណ៍ របស់​សាលាក្រុង​ភ្នំពេញ យ៉ាង​ហោចណាស់​មាន​មនុស្ស​ប្រមាណ ២ពាន់​នាក់ ក្នុង​មួយ​ថ្ងៃ កំពុង​ប្រើប្រាស់​សេវាកម្ម​រថយន្ត​ក្រុង​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ