កម្ពុជា

សវនាការ​លើ​សំណុំ​រឿង​លោក​វន់​ ពៅ ​និង​ជន​ជាប់​ចោទ​២២​នាក់​ផ្សេង​ទៀត​បាន​វិវត្ត​ទៅ​មុខ​ ប៉ុន្តែ​រង​ការ​រិះ​គន់​

ស្ថានភាពនៅមុខតុលាការក្រុង នាថ្ងៃទី ២០​ ឧសភា
ស្ថានភាពនៅមុខតុលាការក្រុង នាថ្ងៃទី ២០​ ឧសភា RFI-ចាន់ណា

សវនាការ​លើក​ទី​បី​លើ​ករណី​លោក វន់ ពៅ និង​កម្មករ២២នាក់​ផ្សេងទៀត បាន​ដំណើរការ​ប្រកបដោយ​ភាព​តានតឹង នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ សង្គម​ស៊ីវិល​និង​មន្ត្រី​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​នានា មើលឃើញ​បន្ទាប់ពី​សំរាក​នៅ​ថ្ងៃ​ត្រង់នេះ​ថា មិនមាន​អ្វី​ប្លែក​ពី​សវនា​ការ​មុនៗ​នោះ​ទេ ​គឺ​​សវនាការ​​នេះ​​នៅតែមាន​លក្ខណៈ​លម្អៀង។

ផ្សាយពាណិជ្ជកម្ម

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​បើកសវនាការ​ជា​បន្តទៀត​ នៅ​ថ្ងៃ​អង្គារ​នេះ​លើ​សំណុំរឿង​លោក វន់ ពៅ និង​អ្នក​ជាប់​សង្ស័យ ២២នាក់​ផ្សេងទៀត ដែល​សវនាការ​នាពេល​នេះ​គឺជា​លើក
ទី​បី​ហើយ​បន្ទាប់ពី​សវនាការ​លើក​ទី១កាលពី​ថ្ងៃទី ២៥មេសា និង​លើក​ទី២នៅ​ថ្ងៃទី៦ឧសភា។

ស្ថានភាព​ទូទៅ​នៅមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​សភាព​ដូចជា​សវនាការ​ពីរលើក​កន្លងមក​ដែរ ដោយ​សមត្ថកិច្ច​បានដាក់​របាំង​បិទផ្លូវ​ចេញចូល​ទៅកាន់​តុលាការ​ដើម្បី​ទប់ស្កាត់​មិន​ឲ្យ​មានការ​រំខាន​ពី​ក្រុមអ្នកតវ៉ា។ បរិយាកាស​នៅខាងមុខ​តុលាការ​មាន​សភាព​ស្ងប់ស្ងាត់ ក៏ប៉ុន្តែ​មាន​ស្ថានភាព​ខុសពី​លើក​ទី១និង​លើក​ទី២បន្តិច​ ដោយសារ មានការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុមអ្នកតវ៉ា​និង​ក្រុម​សន្តិសុខ​នៅ​ខាងក្រៅ​របាំង​ការពារ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោច៤នាក់​រងរបួស​ក្នុងនោះ​មាន​ទាំង​កង​សន្តិសុខ​ខណ្ឌ៧មករា​ផងដែរ។

នៅ​ខាងក្នុង​អគារ​តុលាការ​ឯណោះ​វិញ សវនាការ​នៅថ្ងៃនេះ​ត្រូវគេ​ពិ​ព៌ណនា​ថា​មាន​សភាព​តានតឹង ដោយ​សវនាការ​បាន​បើក​ធ្វើ​ពីរ​បន្ទុក ទាក់ទង​ករណី​នៅ​ផ្លូវ​វ៉េងស្រេង និង​ករណី​មុខ​រោងចក្រ​យ៉ាក​ជិ​ញ។ សាក្សី និង​ជនជាប់ចោទ​ត្រូវបាន​សាក​សួរ​ជា​បន្តបន្ទាប់​ដោយមាន​ការបង្ហាញ​ភស្តុតាង​នានា​ផងដែរ។

បន្ទាប់ពី​ផ្អាក​សវនាការ​នៅវេលា​ថ្ងៃត្រង់ លោក នី ចរិយា មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក បាន​ថ្លែងថា គេ​មិនទាន់មាន​ភាពជឿនលឿន​អ្វី​ជា​ដុំកំភួន​នោះ​ទេ។ លោក​ធ្វើការ​សន្និដ្ឋានថា លទ្ធផល​នៃ​សវនាការ​មួយ​ព្រឹក​នេះ គឺ​មិន​ខុសប្លែក​អ្វី​ពី​សវនាការ​មុនៗនោះទេ គឺ​តុលាការ​មាន​ភាពលម្អៀង ដោយ​ពឹងផ្អែក​តែ​ទៅលើ​ភស្តុតាង ដែល​ជា​​រូប​ថត​​មិន​ឆ្លុះបញ្ចាំង​នូវ​រូបភាព​ជនជាប់ចោទ​នៅក្នុង​នោះឡើយ។ មន្ត្រី​តុលាការ​មិនមាន​ការ​ពន្យល់​​អ្វី​​ទេ​​ទាក់ទង​ទៅនឹង​ការរិះគន់​ទាំងនេះ។

សូមបញ្ជាក់ថា​លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ
និង​មនុស្ស៩នាក់​ផ្សេងទៀត ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រព្រឹត្តិ​អំពើ​ហិ​ង្សា​​ដោយ​ចេតនា និង​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ​និង​ឯកជន នៅក្នុង​ការប៉ះទង្គិច​គ្នា​មួយ​នៅ​រោងចក្រ
យ៉ាក​ជិ​ញ រវាង​កម្មករ​កាត់ដេ​រ​និង​កង​ទាហាន​ឆ័​ត្រ​យោង។ លោក វន់ ពៅ និង​អ្នក​តវ៉ា​ចំនួន​ជាង២០នាក់​ទៀត​ ត្រូវបាន​អាជ្ញាធរ​ដឹក​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI