ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចិន និង​កម្ពុជា ទាញ​បាន​ប្រយោជន៍​រៀងៗ​ខ្លួន ពី​ទំនាក់ទំនង​រវាង​គ្នា​

សំឡេង ០៤:២៤
លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ទទួល​គារវកិច្ច​ដោយ​នាយក​រដ្ឋមន្ត្រី​​ចិន ​នៅ​ព្រលាន​យន្ត​ហោះ​ក្រុង​ប៉េកាំង
លោក​នាយក​រដ្ឋមន្ត្រី​ខ្មែរ ទទួល​គារវកិច្ច​ដោយ​នាយក​រដ្ឋមន្ត្រី​​ចិន ​នៅ​ព្រលាន​យន្ត​ហោះ​ក្រុង​ប៉េកាំង © Reuters

នៅ​​សប្តាហ៍​​នេះ នៅ​​ក្នុង​​នាទី​​ទស្សនៈ​​ព្រឹត្តការណ៍​​ពិភពលោក ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​​សិក្សា​ទៅ​​លើ​​ទំនាក់​ទំនង រវាង​ចិន និង​កម្ពុជាតទៅទៀត។ ក្រោយ​ពី​បាន​លើក​ឡើង កាល​ពី​សប្តាហ៍​មុន​ អំពី​មិត្តភាព​រវាង​ថ្នាក់​ដឹក​នាំកម្ពុជានិងចិន ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៩៣ នៅ​ថ្ងៃ​នេះ​​ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​និយាយ​ អំពី​ទំនាក់ទំនង​រវាង​ ចិន ​និង​កម្ពុជា ​​​ពី​​ឆ្នាំ​​១៩៩៣​​មក​ទល់​​សព្វ​ថ្ងៃ។  

ផ្សាយពាណិជ្ជកម្ម

ទោះ​ជា​សង្គ្រាម​ត្រជាក់​បាន​រលត់​រលាយ​បាត់​ទៅ​ហើយ​ក្តី ក៏​ចិន​នៅ​តែ​សម្លឹង​ឃើញ​ថា កម្ពុជា​ជា​​ទីតាំង​សំខាន់​មួយ​សម្រាប់​ផលប្រយោជន៍​របស់​ខ្លួន ជាពិសេស​នៅ​លើ​វិស័យ​យុទ្ធសាស្រ្ត។

 
អ្នកណា​ក៏​យល់​ដែរ​ថា គោលដៅ​របស់​ចិន​ក្នុង​គ្រា​បច្ចុប្បន្ន​ក៏​ដូច​កាល​សម័យ​សង្គ្រាម​ត្រជាក់​ដែរ គឺ​កាត់​បន្ថយ​ឬ​ខ្ទប់​ឥទ្ធិពល​របស់​អាមេរិក​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ នៅ​ក្នុង​ន័យ​នេះ ប៉េកាំង​ចាត់​ទុក​អាស៊ាន​ថា​ជា​ចន្ទល់​ភូមិសាស្រ្ត​នយោបាយ​មួយ​សំខាន់។

នៅ​ក្នុង​ន័យ​ដូច​គ្នា​អ៊ីចឹង​ដែរ ប៉េកាំង​ប្រហែល​ជា​ចង់​បំបែក​បំបាក់​អាស៊ាន ម្យ៉ាង គឺ​ដើម្បី​កុំ​ឱ្យ​អាមេរិក​មាន​បង្អែក​ខ្លាំង​ពេក​នៅ​ក្នុង​អង្គការ​តំបន់​មួយ​នេះ និង​ម្យ៉ាង​ទៀត គឺ​ដើម្បី​កុំ​ឱ្យ​អាស៊ាន​​​មាន​លទ្ធភាព​ទប់ទល់​នឹង​ខ្លួន​បាន​ក្នុង​ជម្លោះ​ទឹក​ដី​នៅ​សមុទ្រ​ចិន​ខាង
ត្បូង។

គឺ​នៅ​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្រ្ត​នេះ​ហើយ ដែល​ថ្នាក់​ដឹក​នាំ​ជា​បន្ត​បន្ទាប់​នៅ​ប៉េកាំង ចាត់​ទុក​មិត្តភាព​រវាង​ប្រទេស​ខ្លួន​និង​កម្ពុជា រវាង​ប្រទេស​ខ្លួន​និង​ឡាវ ព្រម​ទាំង​រវាង​ប្រទេស​ខ្លួន​និង​ភូមា​ថា​ជា​កត្តា​មួយ​ចាំបាច់​ជា​ទី​បំផុត។

ម្ល៉ោះ​ហើយ​បាន​ជា​ចិន​ពង្រឹង​សហប្រតិបត្តិការ​យោធា​ខ្លាំង​ឡើង​ជា​លំដាប់​ជា​មួយ​កម្ពុជា នា​រយៈ​ពេល​ជាង​ដប់​ឆ្នាំ​ចុង​ក្រោយ​នេះ តាម​រយៈ​ការ​ផ្តល់​មក​ឱ្យ​កម្ពុជា នូវ​បរិក្ខា​យោធា​និង​ជំនួយ​​បច្ចេកទេស​ជា​ច្រើន។ ត្រង់​នេះ គួរ​គូស​បញ្ជាក់​ថា ស្ថានទូត​បរទេស​នៅ​ភ្នំពេញ​ដែល​មាន​បេសកកម្ម​យោធា(​Missions militaires)សំខាន់​ជាង​គេ គឺ​អាមេរិក ចិន និង វៀតណាម។

ដោយ​ឡែក អ្វី​ដែល​ជំរុញ​ចិន​ឱ្យ​ចាប់​យក​កម្ពុជា​មក​ធ្វើ​ជា​សម្ព័ន្ធមិត្ត​សំខាន់​ជាង​គេ​បង្អស់​មួយ នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន គឺ​ភូមិសាស្រ្ត​នៃ​កម្ពុជា​តែ​ម្តង។ កម្ពុជា​ជា​ច្រក​មួយ​សំខាន់​បើក​ចំហរ​ទៅ​រក​ឈូង​សមុទ្រ​សៀម។

ពិត​មែន​ហើយ លក្ខណៈ​សំខាន់​មួយ​នេះ​នៃ​ភូមិសាស្រ្ត​របស់​កម្ពុជា​មិនមែន​ជា​ប្រយោជន៍​យោធា​​សម្រាប់​ចិន​ទេ ដ្បិត​រដ្ឋធម្មនុញ្ញ​ខ្មែរ​ហាម​មិន​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​ណា​មួយ​ឡើយ​នៅ​លើ​ទឹក​ដី​កម្ពុជា។

តែ​ច្រក​ឈូង​សមុទ្រ​សៀម​ជា​ប្រយោជន៍​សម្រាប់​ចិន​ក្នុង​ការ​ដឹក​ឈើ​ទៅ​កាន់​ប្រទេស
​ខ្លួន។ ហើយ​រហូត​ដល់​ខែ​មករា​ឆ្នាំ​២០០២ ជា​ពេល​ដែល​កម្ពុជា​បាន​ហាម​ឈប់​ឱ្យ​កាប់​និង​លក់​ឈើ​ទៅ​បរទេស ចិន​បាន​ទិញ​ឈើ​ពី​កម្ពុជា​មិន​តិច​ទេ។

មិន​តែ​ប៉ុណ្ណោះ ចិន​ក៏​ច្បាស់​ជា​ចាប់​អារម្មណ៍​ខ្លាំង​ដែរ ទៅ​លើ​ការ​រុករក​ឃើញ​ប្រេង​កាត នៅ​ឈូង​សមុទ្រ​សៀម​ក្នុង​ដែន​ទឹក​កម្ពុជា នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ទន្ទឹម​នេះ កម្ពុជា​ក៏​ទទួល​បាន​មិន​តិច​ទេ​ផល​ប្រយោជន៍​ពី​ប្រទេស​ចិន។ មាន​ជា​បឋម​ប្រយោជន៍​សេដ្ឋកិច្ច ​ជា​អាទិ៍​ជំនួយ។ គួរ​គូស​បញ្ជាក់​ត្រង់​នេះ​បន្តិច​ថា ជំនួយ​របស់
​ប៉េកាំង​​ ដល់​​ភ្នំពេញ​ក្នុង​សករាជ​រាជាណាចក្រ​កម្ពុជា​ទី​ពីរ មិនមែន​ទើប​តែ​ផ្តើម​ឡើង​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​លោក​ហ៊ុនសែន​នោះ​ទេ។ វា​បាន​ចាប់​ផ្តើម​ឡើង តាំង​ពី​ឆ្នាំ​១៩៩៣-១៩៩៤​មក​ម្ល៉េះ គឺ​តាំង​ពី​សម័យ​កាល​ដែល​កម្ពុជា​ត្រូវ​បាន​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​ក្បាល​ពីរ​ក្រោម​កិច្ច​សហការ​គ្រប់គ្រង​រដ្ឋ​រវាង​បក្ស​ប្រជាជន​កម្ពុជា​និង​បក្ស​FUNCINPEC។

ក៏​ប៉ុន្តែ ជំនួយ​របស់​ចិន​ដល់​កម្ពុជា​បាន​ផ្តើម​កើន​ឡើង​ច្រើន​ក្រោយ​ឆ្នាំ​១៩៩៧ និយាយ​ឱ្យ​ចំ​គឺ​ក្រោយ​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ខែ​កក្កដា​ឆ្នាំ​១៩៩៧។ ឧទាហរណ៍​ជាក់​ស្តែង នៅ​ឆ្នាំ​១៩៩៤ ជា​ផ្លូវការ​ជំនួយ​របស់​ចិន​មាន​ប្រមាណ​៨​លាន​៦​សែន​ដុល្លារ។ តួលេខ​នេះ​កើន​ដល់​២០០​លាន​ដុល្លារ​នៅ​ឆ្នាំ​១៩៩៧ ៤០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០៤ និង​៦០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០០៦។

ទាក់ទង​នឹង​ប្រយោជន៍​សេដ្ឋកិច្ច​ដូច​គ្នា​ដែល​កម្ពុជា​ទទួល​បាន​ពី​ចិន គួរ​គូស​បញ្ជាក់​ថា សព្វ​ថ្ងៃ​នេះ​ចិន​ជា​ប្រទេស​ដែល​ដាក់​ទុន​រក​ស៊ី​ច្រើន​ជាង​គេ​បង្អស់​នៅ​កម្ពុជា គឺ​ប្រមាណ​ជាង​៩០០០​លាន​ដុល្លាររាប់ពី​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ​២០១២។ នេះ​បើ​យោង​ទៅ​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។

ក្រៅ​ពី​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​កម្ពុជា​ទទួល​បាន​ពី​សម្ព័ន្ធភាព​ជា​មួយ​ចិន ក៏​មាន​ដែរ​ប្រយោជន៍​​ភូមិសាស្រ្ត​នយោបាយ។ និយាយ​បែប​ផ្សេង តាម​រយៈ​ការ​ពង្រឹង​ទំនាក់​ទំនង​សេដ្ឋកិច្ច​​នយោបាយ​និង​យោធា​ជាមួយ​ប៉េកាំង ភ្នំពេញ​បាន​និង​កំពុង​បន្ត​កាត់​បន្ថយ​
ឥទ្ធិពល​របស់​វៀតណាម​មក​លើ​ខ្លួន។ នៅ​សប្តាហ៍ក្រោយ ខ្ញុំនឹងសាកល្បងវាយតម្លៃមើល ថាតើការដាក់ទុនរកស៊ីនៅកម្ពុជាពីសំណាក់ ក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនឯកជនរបស់ចិន បានជួយកម្ពុជាឱ្យអភិវឌ្ឍបានកម្រិតណា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI